ខ្មែរ​ក្រោម​២៤​នាក់​ត្រូវ​ប៉ូលិស​ថៃ​ចាប់​

ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​២៤​នាក់ ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ខ្លួន​នៅ​ក្រុង​បាងកក ហើយ​គ្រោង​នឹង​បញ្ជូន​ទៅ​កម្ពុជា​វិញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ សុក្រ ៤ ធ្នូ ថា ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​២៤​នាក់​នោះ គឺ​មាន​អ្នក​ពេញ​វ័យ​១៦​នាក់​និង​ក្មេង​៨​នាក់ ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​នៅ​ទីក្រុង​បាងកក កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២ ខែ​ធ្នូ ឆ្នាំ​២០០៩ កន្លង​មក​ថ្មីៗ​នេះ។

លោក​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ​ជា​ជន​ភៀស​ខ្លួន ដែល​មាន​ខ្លះ​រត់​គេច​ពី​ការ​តាម​យាយី​ចាប់​ខ្លួន​របស់​អាជ្ញាធរ​វៀតណាម​ទើប ​រត់​គេច​មក​កម្ពុជា និង​រត់​បន្ត​ទៅ​ដល់​ប្រទេស​ថៃ ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​នយោបាយ។ ប៉ុន្តែ​ក្នុង​ពេល​រង់ចាំ​សម្ភាសន៍​ដែល​នៅ​មិន​ទាន់​បាន​លិខិត​ជា​ផ្លូវការ​ ពី​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ប្រចាំ​ទីក្រុង​បាងកក​ផង ក៏​ត្រូវ​ប៉ូលិស​ថៃ​ចាប់​ពី​បទ​ចូល​ស្រុក​គេ​ខុស​ច្បាប់។

លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ នឹង​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​សៅរ៍​នេះ​ហើយ។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់​ទង​អាជ្ញាធរ​ថៃ ដើម្បី​សាក​សួរ​ពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ​មក​ដល់​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី លោក​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ក្តី​បារម្ភ​ខ្លាំង​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ ទី​មួយ​គឺ​សុវត្ថិភាព​សន្តិសុខ ដោយ​ថា បើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ព្រម​ប្រគល់​ខ្មែរ​ក្រោម​ទាំង​នោះ​ឲ្យ​ទៅ​រដ្ឋាភិបាល​ក្រុង​ហាណូយ នោះ​ខ្មែរ​ក្រោម​ទាំង​២៤​នាក់ អាច​នឹង​ត្រូវ​រង​ទារុណកម្ម ឬ​ក៏​អាច​ជាប់​ពន្ធនាគារ អាស្រ័យ​ហេតុ​នេះ លោក ថាច់ ង៉ុកថាច់ សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា សូម​មេត្តា​ជួយ​ដល់​ខ្មែរ​ទាំង​នោះ​ផង និង​សូម​អំពាវនាវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ មេត្តា​ជួយ​ពលរដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​អាច​គេ​ផុត​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ នោះ​ផង៕
ប្រភពវិទ្យុអាស៊ីសេរី.