នៅគ្រាដែលគ្រួសារខែ្មរកម្ពុជាក្រោម ២៤នាក់កំពុងស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់រស់នៅក្នុងប្រទេស កម្ពុជានោះ គ្រួសារទាំងនោះក៏កំពុងខ្វះស្បៀងអាហារដែរ។
មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា គ្រួសារខែ្មរកម្ពុជាក្រោមចំនួន ២៤នាក់ដែលកំពុងតែស្វែងរកសិទ្ធិរស់នៅស្របច្បាប់នៅក្នុងប្រទេស កម្ពុជានោះ គឺមានសិទ្ធិនានាដូចប្រជាពលរដ្ឋកម្ពុជាផងដែរនៅគ្រាដែលគាត់ទាំង នោះកំពុងតែរស់នៅជាបណ្តោះអាសន្ន ហើយប្រឈមនឹងការដាច់ស្បៀងអាហារនាពេលនេះ។
លោក កុយ គួង ជាមន្រ្តីអ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជាបានមានប្រសាសន៍ ពន្យល់ជុំវិញសិទ្ធិ និងសេរីភាពរបស់គ្រួសារខែ្មរកម្ពុជាក្រោម ២៤នាក់នោះថា រដ្ឋាភិបាលកម្ពុជាចាត់ទុកពួកគាត់ទាំងនោះជាប្រជាពលរដ្ឋកម្ពុជា ផងដែរ ហើយលោកបានបន្តថា ៖ «គាត់កទទួលបាននូវការការពារស្របច្បាប់ដូចគ្នាផងដែរ»។
សុខ សេរី ៖ ការសុំសិទ្ធិកាន់កាប់ដីធ្លីសិទ្ធិជាប្រជាពលរដ្ឋនៅទីនេះតើអាចប្រគល់ជូនតាមសំណើរគាត់ទេ? កុយ គួង៖ បាទដូចខ្ញុំបានបញ្ជាក់អ៊ីចឹង កាលណាគាត់មានសិទ្ធិដូចប្រជាពលរដ្ឋយើងហើយគឺថា ពលរដ្ឋយើងចង់ធ្វើអី គាត់មានសិទ្ធិធ្វើហ្នឹងដែរ។
លោក ថាច់ ឈួនយ៉ាត ជាប្រធាននៃអង្គភាពស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សខែ្មរកម្ពុជា ក្រោមនៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា គ្រាន់តែទទួលស្គាល់នោះមិនគ្រប់គ្រាន់ទេ។
លោក ថាច់ ឈួនយ៉ាត មានប្រសាសន៍ថា ៖ «ខ្ញុំមានការគាំទ្រ ប៉ុន្តែសុំសំណូមពរមួយទៀតថាកុំឲ្យតែត្រឹមទទួលស្គាល់តែប៉ុណ្ណឹង ដូចថាឲ្យមានចាត់វិធានការខ្លះ ដើម្បីជួយពួកគាត់ខ្លះឲ្យដូចជាប្រជាពលរដ្ឋខ្មែរដែរ»។
លោក ម៉ង់ ពុទ្ធី ជាប្រធាននៃសមាគមប្រជាធិបតេយ្យ ឯករាជ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តបន្ទាយមានជ័យ ដែលកំពុងតែគ្រប់គ្រងលើគ្រួសារទាំងនោះ បានមានប្រសាសន៍ថា គ្រួសារខែ្មរកម្ពុជាក្រោម ២៤នាក់នោះកំពុងតែដាច់ស្បៀងអាហារនាពេលនេះ ហើយសមាគមរបស់លោកមានតួនាទី អាចជួយត្រឹមតែទីកន្លែងស្នាក់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ។
លោក ម៉ង់ ពុទ្ធី បានអំពាវឲ្យសប្បុរសជនជួយដល់បងប្អូនខ្មែរកម្ពុជាក្រោមទាំងនោះដូច្នេះ ៖ «ការ រស់នៅហ្នឹង គឺគាត់កំពុងខ្វះស្បៀងអាហារ និងថ្នាំពេទ្យ ខ្ញុំសុំអំពាវនាវដល់សប្បុរសជនទាំងអស់ ទាំងបរទេសនៅក្រៅប្រទេស សុំជួយឧបត្ថមដល់កម្ពុជាក្រោមទាំង ២៤រូប»។
លោក អ៊ំ សំអាត ជាប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សក្រៅ រដ្ឋាភិបាលហៅកាត់ថា លីកាដូ បានមានប្រសាសន៍ថា ៖ «ហើយអ្វីដែល គាត់ទទូចទៀតនោះគឺថា សុំឲ្យមានអន្តរាគមយ៉ាងណាដើម្បីឲ្យគាត់មានសិទ្ធិដូចជាប្រជា ពលរដ្ឋដូចកម្ពុជាដទៃ ដែលមានសិទ្ធិរស់នៅស្របច្បាប់ មានអត្តសញ្ញាណប័ណ្ណ មានប័ណ្ណគ្រួសារ ឬមានជម្រកសមរម្យហ្នឹង»។
កាលពីថៃ្ងទី៥ ខែធ្នូថ្មីៗនេះ អាជ្ញាធរថៃបានចាប់បញ្ជូនគ្រួសារខែ្មរកម្ពុជាក្រោម ២៤នាក់នោះមកប្រទេសកម្ពុជានៅគ្រាដែលគ្រួសារទាំងនោះកំពុងតែសុំ សិទ្ធិជ្រោកកោនពីឧត្តមស្នងកាទទួលបន្ទុកជនភៀសខ្លួនសហប្រជាជាតិ (UNHCR) នៅក្នុងប្រទេសថៃទៅកាន់ប្រទេសទី ៣ដោយសារតែអាជ្ញាធរវៀតណាម នៅក្នុងខេត្តអានយ៉ាង ប្រទេសវៀតណាម ទឹកដីខែ្មរកម្ពុជាក្រោមបានស្វែងរកចាប់ខ្លួនកាលពីឆ្នាំ២០០៨ កន្លងទៅ ក្រោយពីបានងើបតវ៉ាទាមទារកម្មសិទ្ធិដីធ្លីពីដូនតាកាលពីឆ្នាំ ២០០៧។
ឯកសារញត្តិដែលវិទ្យុអាស៊ីសេរីទទួលបានចុះថៃ្ងទី១១ ខែធ្នូ ថ្មីៗនេះ បានឲ្យដឹងថា គ្រួសារខ្មែរកម្ពុជាក្រោមចំនួន ២៤នាក់នោះបានទទូចសុំឲ្យប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន និងសាលាក្រុងភ្នំពេញ ជួយអន្តរាគមន៍ផ្តល់សិទ្ធិស្របច្បាប់ឲ្យពួកគាត់រស់នៅក្នុង ប្រទេសកម្ពុជា ដូចជាការផ្តល់នូវអត្តសញ្ញាណប័ណ្ណ និងប័ណ្ណគ្រួសារ និងដីកសិកម្មសំរាប់ចិញ្ចឹមជីវិត។
មកទល់ពេលនេះនៅមិនទាន់មានការឆ្លើយតបពីស្ថាប័នដែលស្នើសុំនោះនៅទ្បើយទេ៕
ប្រភពពីវិទ្យុអាស៊ីសេរី.