ខ្មែរ​ក្រោម​ ១​គ្រួសារ​ប្រឈម​នឹង​ការ​រឹបអូស​ផ្ទះ​សម្បែង

មាន​ដំណឹង​ថា គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ជំពាក់ បំណុល​ថ្លៃ​ជីរ​ពី​ជន​ជាតិ​វៀតណាម ត្រូវ​ប្រឈម​មុខ​ នឹង ​ការ​រឹបអូស​ដី​ស្រែ ឬ​ផ្ទះ​សំបែង ដើម្បី​ទូទាត់​ជា​មួយ ​និង​ ម្ចាស់​បំណុល។
គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​គ្រួសារ​ នៅ​ក្នុង​ឃុំ​អាង​ គឺ (An Cu) ស្រុក​ទិន​បៀន (Tinh Bien) ខេត្ត​អាន​យ៉ាង (An Giang) ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម គ្រប់​គ្រង​ដោយ​វៀតណាម បាន​ឲ្យ​ដឹង​ថា គាត់​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ក្រោយ​ពី​មេ​ឃុំ​ជន​ជាតិ​វៀត ណាម បាន​មក​ប្រាប់​លោក​ថា គេ​ចង់​រឹប​យក​ដី​ស្រែ ឬ​ផ្ទះ​សំបែង នៅ​ពេល​ខាង​មុខ បើ​សិន​ណា​គ្រួសារ​នេះ​មិន​មាន​ប្រាក់​ចំនួន ១០​លាន​ដុង (ស្មើ​និង​ជាង ២​លាន​រៀល) ដើម្បី​សង​ថ្លៃ​ជីរ​ឲ្យ​ទៅ​គ្រួសារ​វៀតណាម ជា​ម្ចាស់​បំណុល​ទេ​នោះ។

Texte alternatif

គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​នោះ​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ជំពាក់​បំណុល​ថ្លៃ​ជីរ​រយៈ​ពេល ១​ឆ្នាំ​មក​ហើយ ដោយ​សារ​តែ​ផល​ស្រូវ​ទុំ​ជាង ១​ហិកតារ​ដែល​ខ្លួន​បង្ក​បង្កើន​ផល​កន្លង​មក ត្រូវ​បាន​អាជ្ញាធរ​វៀតណាម បាន​ចុះ​មក​ច្រូត​យក​អស់​គ្មាន​សល់ ពី​ព្រោះ​ដី​ស្រែ​នោះ​ត្រូវ​បាន​គ្រួសារ​វៀតណាម​ដណ្ដើម​យក​កន្លង​មក ប៉ុន្តែ​មិន​ហ៊ាន​ចុះ​មក​ច្រូត​ដោយ​ខ្លួន​ឯង។

ប្រជា​ពល​ខ្មែរ​កម្ពុជា​ក្រោម​ឈ្មោះ រ៉ា វឿន អាយុ​៣២​ឆ្នាំ នៅ​ក្នុង​ឃុំ​អាង​គឺ ស្រុក​ទិន​បៀង ខេត្ត​អាន​យ៉ាង ឬ​ខេត្ត​មាត់​ជ្រូក ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ថា គ្រួសារ​របស់​លោក​មាន​ជីវភាព​ក្រីក្រ គ្មាន​លទ្ធភាព​សង​បំណុល​ទេ ៖ “តាម​ ដែល​ពាក្យ​គេ​ថា​មែន គឺ​មាន​អ្វី​គេ​រឹបអូស​យក​នោះ ខ្ញុំ​ក៏​ខឹង​ក៏​ថា​ទៅ​វិញ​ថា បើ​ស្រែ​រដ្ឋ​អំណាច​ច្រូត​ស្រូវ​ខ្ញុំ​យក​ទៅ​អស់​ហើយ បាន​អ្វី​ឲ្យ​ខ្ញុំ​សង​ថ្លៃ​ជីរ​គេ។ ហើយ​គេ​ថា ចុះ​នរណា​ឲ្យ​ទៅ​ធ្វើ​ស្រែ​ហ្នឹង ចុះ​ដី​របស់​ខ្ញុំ​មិន​ឲ្យ​ធ្វើ ខ្ញុំ​ក៏​ឆ្លើយ​អ៊ីចឹង​ទៅ”។

លោក​បាន​ឲ្យ​ដឹង​ថា មេ​ឃុំ​អាង​គឺ ជន​ជាតិ​វៀតណាម បាន​មក​ប្រាប់​លោក​ផ្ទាល់​មាត់​កាល​ពី​ថ្ងៃ​អង្គារ ទី​២៥ ខែ​មករា ថ្មីៗ​នេះ។

ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ឈ្មោះ ចាន់ ថន ជា​ភរិយា​របស់​លោក រ៉ា វឿន ដែល​ទើប​រួច​ចេញ​ពី​ពន្ធនាគារ នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​សារ​តែ​បាន​ងើប​តវ៉ា​ទាម​ទារ​ដី​ស្រែ​កសិកម្ម​កន្លង​មក បាន​ថ្លែង​ថា ៖ “ឥឡូវ បើ​គ្មាន​សង​គេ គេ​រឹបអូស​ផ្ទះ​របស់​ខ្ញុំ។ ឥឡូវ​គ្មាន​អ្វី​ចិញ្ចឹម​កូន ចិញ្ចឹម​ចៅ​អ្វី​ទេ។ បង​អ្នក​ធំ អ្នក​ធំ​នៅ​ហ្នឹង​ជួយ​ខ្ញុំ​ផង”។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ពន្យល់​ពី​អាជ្ញាធរ​វៀតណាម​បាន​ទេ ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា​លោក ថាច់ សេដ្ឋា បាន​មាន​ប្រសាសន៍​ថា ៖ “នេះ​ហើយ​បង្ហាញ​អំពី​ភាព​រើសអើង​ពូជសាសន៍ និង​ការ​គាប​សង្កត់​កាន់​តែ​ច្បាស់​មែនទែន”។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា និង​ថ្ងៃ​ទី​១៤ ខែ​មករា កន្លង​ទៅ​នេះ ប្រធាន​មជ្ឈ​មណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម លោក យន្ត ថារ៉ូ បាន​ផ្ញើ​លិខិត​ដាច់​ដោយ​ឡែក​ជូន​លោក សឹន សុង​សឺន (Son Song Son) សមាជិក​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម និង​មន្ត្រី​តំណាង​ខ្មែរ​កម្ពុជា​ក្រោម និង​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា លោក ហោ ណាំ​ហុង ឲ្យ​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ឲ្យ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ជន​ល្មើស ដែល​បាន​សម្លាប់​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ២​នាក់ មាន​ឈ្មោះ ថាច់ ធន អាយុ​២៨​ឆ្នាំ និង​ឈ្មោះ ថាច់ វ៉ាង អាយុ​២១​ឆ្នាំ ផ្ដន្ទា​ទោស។

ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ២​នាក់​នោះ ត្រូវ​បាន​ប្រភព​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា បាន​រង​ការ​សម្លាប់​ដោយ​ជន​ជាតិ​វៀតណាម នៅ​ទីក្រុង​ព្រៃនគរ កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ​នេះ ដោយសារ​ការ​រើសអើង​ពូជ​សាសន៍។ គ្មាន​សេចក្ដី​រាយ​ការណ៍​ថា មាន​ការ​ស៊ើប​អង្កេត​តាម​សំណើ​នោះ​ទេ៕ ប្រភពព័ត៌មាន៖ RFA.