ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន ១៩នាក់ដែលកំពុងស្នាក់នៅបណ្តោះអាសន្នជួលផ្ទះគេ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្រុងភ្នំពេញ ស្នើសុំចៅសង្កាត់បឹងទំពុន ផ្តល់ប័ណ្ណគ្រួសារដល់ពួកគេដើម្បីអាចរស់នៅស្របច្បាប់បាននៅក្នុង ប្រទេសកម្ពុជា។
ក្នុងលិខិតចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១០ ដែលចុះហត្ថលេខាដោយលោក ថាច់ ស៊ុង តំណាងខ្មែរកម្ពុជាក្រោម ផ្ញើជូនលោកចៅសង្កាត់បឹងទំពុន លោក ថាច់ ស៊ុង បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរក្រោមទាំង ១៩នាក់នោះ ទោះបីជាបានមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៦ និង ២០០៧ មក រហូតមកដល់ពេលនេះ អាជ្ញាធរមូលដ្ឋាននៅពុំទាន់ផ្តល់ជូននូវអត្តសញ្ញាណប័ណ្ណដល់ពួកគេ នៅឡើយទេដែលជាមូលហេតុ នាំឲ្យមានការពិបាកជាខ្លាំងក្នុងការរស់នៅ, ការប្រកបរបររកស៊ី រកការងារធ្វើ បញ្ជូនកូនឲ្យទៅរៀនសូត្រនៅសាលា និងចូលរួមសកម្មភាពនានាក្នុងសង្គម។
សូមរំឭកជូនថា ប្រជាពលរដ្ឋខ្មែរក្រោមទាំង ១៩នាក់នោះត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៩កន្លងមកនេះ បន្ទាប់ពីបាននាំគ្នារត់គេចខ្លួនពីការគាបសង្កត់និងធ្វើទុក្ខ បុកម្នេញពីសំណាក់អាជ្ញាធរវៀតណាមនៅកម្ពុជាក្រោម៕
ប្រភពពីវិទ្យុអាស៊ីសេរី.