ប្រភពអ្នកការពារខ្មែរក្រោមនៅទីក្រុងភ្នំពេញបានឲ្យដឹងថា ពលរដ្ឋខែ្មរកម្ពុជាក្រោមចំនួន១០គ្រួសារក្នុងចំណោមជាង២០០គ្រួសារ ជាកសិករនៅក្នុងស្រុកទិនបៀង ខេត្តអានយ៉ាង ប្រទេសវៀតណាម កំពុងរងការគំរាមចាប់ខ្លួនពីសំណាក់អាជ្ញាធរវៀតណាមនាពេលថ្មីៗនេះ បើសិនពួកគាត់នៅតែបន្តការតវ៉ានិងរារាំងមិនឲ្យគ្រឿងចក្រនានាជីក ព្រែកកាត់ដីស្រែពួកគាត់នាពេលឆាប់ៗនេះ។
មានប្រសាសន៍តាមទូរស័ព្ទពីប្រទេសវៀតណាម ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមម្នាក់នៅក្នុងចំណោម១០គ្រួសារនោះរស់ នៅក្នុងស្រុកទិនបៀង ខេត្តអានយ៉ាង បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមគ្រួសាររបស់លោកស្រីមានដីស្រែចំនួន១២កុង ហើយអាជ្ញាធរវៀតណាមកំពុងតែជីកព្រែកពុះកាត់ដីស្រែនេះដោយគ្មាន សំណងទេ ដូច្នេះហើយបានជាលោកស្រីទាមទារសំណង ប៉ុន្តែរងការគំរាមទៅវិញ ៖ «ព្រែកហ្នឹងគេជីកហ្នឹង ខ្ញុំឃាត់គេ គេឈប់ជីកដែរ។ ឥឡូវហ្នឹងគេថា ៣-៤ថ្ងៃទៀតហ្នឹងគេយកពួកអាវក្រោះមកចាប់ពួកខ្ញុំដាក់ឡានយក ទៅ ហើយឆ្កែគេទៀត គេយកមកឲ្យខាំពួកខ្ញុំ។ ពួកខ្ញុំសុខចិត្តនៅងាប់នឹងដីហ្នឹង បើគេមកកាប់សម្លាប់ក៏ដោយ បាញ់សម្លាប់នៅនឹងដីហ្នឹង ហើយបើចាប់យកទៅណាក៏ខ្ញុំទៅដែរ»។
ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមម្នាក់ទៀតបានថែ្លងថា ដីស្រែរបស់លោកស្រីមានចំនួនសរុប១៣កុង។ លោកស្រីនឹងនៅសល់ដីស្រែនោះចំនួនតែមួយកុងប៉ុណ្ណោះ នៅពេលដែលគេជីកព្រែកពុះចំដីស្រែរបស់លោកស្រីនោះ។
លោកស្រីត្រូវការសំណងនៃការបាត់បង់ឬខូចខាត ៖ «ឥឡូវហ្នឹងគេ គំរាមកនខ្ញុំ ថាមិនឲ្យខ្ញុំចុះមកប្រឡាយហ្នឹងទេ តែហ៊ានមកគេយកឆ្កែយកមកឲ្យខាំពួកកនខ្ញុំ ហើយគេយក(ក្រុម)អាវក្រោះមកគំរាមកនខ្ញុំ ចាប់កនខ្ញុំដាក់ឡាន»។
ប្រភពដដែលបានឲ្យដឹងថា អាជ្ញាធរវៀតណាមនៅស្រុកទិនបៀង ខេត្តអានយ៉ាង បានចាប់ផ្តើមជីកព្រែកមួយប្រវែង១០គីឡូម៉ែត្រនិងទទឹង៥០ម៉ែត្រ កាត់ដីស្រែជាច្រើនរយហិកតារ ហើយប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមជាង២០០គ្រួសារបានទទួលរងការបាត់ បង់ដីស្រែ ប៉ុន្តែពួកគាត់មិនហ៊ានងើបតវ៉ាគឺមានតែគ្រួសារចំនួន១០គ្រួសារតែ ប៉ុណ្ណោះហ៊ានងើបតវ៉ាប៉ុន្មានថៃ្ងមកនេះ ហើយបានទទួលការគំរាមចាប់ខ្លួននាពេលឆាប់ៗនេះ។ គ្រឿងចក្រចំនួន១០គ្រឿងកំពុងតែធ្វើសកម្មភាពជីកព្រែក។
ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមម្នាក់ទៀតបានថែ្លងថា ដីស្រែរបស់លោកចំនួនជាង១ហិកតារនឹងត្រូវបាត់បង់ ៖ «ឥឡូវហ្នឹងគ្មានអាជ្ញាធរណាគេមកដោះស្រាយទេ មានតែហៅខាងនគរបាលអីមកគំរាម»។
ទាក់ទងនឹងរឿងចម្រូងចម្រាសខាងលើនេះ មិនអាចទាក់ទង លោក ទ្រីញ បាកាំ ជាមន្រ្តីអ្នកនាំពាក្យនៃសា្ថនទូតវៀតណាមនៅក្នុងប្រទេសកម្ពុជាបាន ទេ នៅថៃ្ងអង្គារ ទី២៥ ខែសីហា ដើម្បីសុំសេចក្តីអត្ថាធិប្បាយ ដោយមានអ្នកឆ្លើយថាលោកមិននៅក្នុងការិយាល័យទេ។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខែ្មរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ប្រតិកម្មថា ៖ «ប្រជាពលរដ្ឋ ខ្មែរគាត់មិនជាជំទាស់អីទេ ក៏ប៉ុន្តែសុំឲ្យមានសំណង ព្រោះដីដូនតារបស់គាត់តាំងពីដើមបរមបុរាណមករហូត។ បើយើងយកហ្នឹង គាត់មិនមានមធ្យោបាយណារស់កើតទេ»។
លោកបានសន្យាថា នឹងបន្តការតាមដានស្ថានការណ៍នេះដោយយកចិត្តទុកដាក់៕
ប្រភពពីវិទ្យុអាស៊ីសេរី.