សកម្មជនខ្មែរកម្ពុជាក្រោម ស្វែងរក កិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល កម្ពុជា ដើម្បីរក យុត្តិធម៌ ដល់ខ្មែរកម្ពុជាក្រោម ដែលរងការសម្លាប់ កន្លងមក។ មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសកម្ពុជា បានស្នើសុំជាផ្លូវការ ទៅរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាឲ្យ ជួយធ្វើកិច្ចអន្តរាគមន៍ ដើម្បីឲ្យអាជ្ញាធរវៀតណាមចាប់ខ្លួនជនសង្ស័យ ដែលបានសម្លាប់ខ្មែរកម្ពុជាក្រោមចំនួន ២នាក់ កាលពីដើមខែមករាកន្លងទៅថ្មីៗនេះ នៅលើទឹកដីខ្មែរកម្ពុជាក្រោម។
ការស្នើនេះ គឺមានលោក យន្ត ថារ៉ូ ជាប្រធាននៃមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងជាតំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី ជួនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី តាមរយៈប្រធានសភាជាតិ លោក ហេង សំរិន ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១។ លិខិតនេះបានទទួលស្គាល់ និងបានឃើញដោយលោក ហេង សំរិន។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងជាតំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី លោក យន្ត ថារ៉ូ បានមានប្រសាសន៍ថា បើសិនណាពុំមានការចាប់ខ្លួនជនសង្ស័យដើម្បីផ្ដន្ទាទោសទេ អំពើហិង្សាសម្លាប់ខ្មែរកម្ពុជាក្រោមនៅតែបន្ត ៖ “ពីអតីតកាលដ៏ យូរអង្វែង រហូតមកទល់សព្វថ្ងៃនេះ ការកាប់សម្លាប់របស់ជនជាតិវៀតណាម មកលើបងប្អូនជនរួមជាតិខ្មែរកម្ពុជាក្រោម អាជ្ញាធរវៀតណាមនៅតែបណ្ដែតបណ្ដោយ ព្រងើយកន្តើយ មិនដែលបានរកជនល្មើសឃើញមកផ្ដន្ទាទោសម្ដងណានៅឡើយ។ នេះជាបញ្ហាមួយ ដែលខ្ញុំគិតថា ជាការរើសអើង និងប្រកាន់ពូជសាសន៍ ព្រោះខ្មែរកម្ពុជាក្រោម ជាជនជាតិដើម ជាម្ចាស់ទឹកដីនៃដែនដីកម្ពុជាក្រោម”។
ឯកសារលិខិតដែលវិទ្យុអាស៊ីសេរីទទួលបាននៅថ្ងៃទី១៩ ខែមករា បានពណ៌នាថា ការសម្លាប់ខ្មែរកម្ពុជាក្រោមជាញឹកញាប់ពីសំណាក់ជនជាតិវៀតណាម ក្នុងរយៈពេលកន្លងមកនេះ មានច្រើនករណីណាស់មកហើយ ប៉ុន្តែអាជ្ញាធរអាណានិគមវៀតណាម ពុំដែលបានចាប់ខ្លួនជនល្មើសឲ្យជាសំណង និងផ្ដន្ទាទោសម្ដងណាឡើយ។
លិខិតបានបន្តថា ហេតុដូច្នេះ សូមឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីចាត់វិធានការទៅស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងព្រៃនគរអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដើម្បីស្វែងរកចាប់ខ្លួនជនល្មើស។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ថា លោកមិនទាន់បានឃើញលិខិតនោះទេ ដូច្នេះលោកមិនអាចធ្វើអត្ថាធិប្បាយបានឡើយ។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១១ ខ្មែរកម្ពុជាក្រោមម្នាក់ ឈ្មោះ ថាច់ ធន អាយុ២៨ឆ្នាំ ត្រូវបានជនជាតិវៀតណាមសម្លាប់នៅក្នុងទីក្រុងព្រៃនគរ និងថ្ងៃទី៦ ខែមករា ឆ្នាំ២០១១ ខ្មែរកម្ពុជាក្រោមម្នាក់ទៀត ឈ្មោះ ថាច់ វ៉ាង អាយុ២១ឆ្នាំ ត្រូវបានវៀតណាមសម្លាប់នៅទីក្រុងព្រៃនគរ។
ជនរងគ្រោះទាំងពីរនាក់នោះ មានជីវភាពក្រីក្រ ធ្វើជាកម្មករនៅក្នុងទីក្រុងព្រៃនគរ ឬទីក្រុងហូជីម៉ិញ (Ho Chi Minh) ទឹកដីខ្មែរកម្ពុជាក្រោម គ្រប់គ្រងដោយវៀតណាម។
ប្រភពពីសមាគមខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា កាលពីខែកញ្ញា ឆ្នាំ២០១០ កន្លងទៅ ខ្មែរកម្ពុជាក្រោមចំនួន ៤នាក់ បានរងការវាយសម្លាប់ដោយជនជាតិវៀតណាម នៅក្នុងខេត្តរោងដំរី ឬខេត្តតៃនិញ ក្នុងនោះមាន ឈ្មោះ ចៅ ណែត ឈ្មោះ ចៅ ផាត ឈ្មោះ ចៅ កែវ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ៕ ប្រភពព័ត៌មាន៖ RFA