ប្រជាពលរដ្ឋខ្មែរក្រោម និងអ្នករស់នៅក្នុងក្រុង ភ្នំពេញ និងតំណាងអង្គការសមាគមខ្មែរក្រោម ប្រមាណ ៥០០នាក់នៅថ្ងៃព្រហស្បតិ៍ ទី២៣ កញ្ញា បានជួបប្រជុំគ្នានៅក្នុងសហគមន៍បូរី ព្រៃនគរ ដែលតាំងនៅឃុំគោកឃ្លៀង ខណ្ឌសែនសុខ ដើម្បីរៀបចំពិធីបង្សុកូលមួយក្នុងការរំលឹកវិញ្ញាណក្ខន្ធដល់ពលរដ្ឋ ខ្មែរក្រោមទាំង អស់ ដែលបានបាត់បង់ជីវិតនៅក្នុងសម័យខ្មែរក្រហម។
លោក យន្ត ថារ៉ូ តំណាងរាស្ត្រគណបក្សសមរង្ស៊ី មានដើមកំណើតខ្មែរក្រោម ដែលបានរៀបចំពិធីនោះ មានប្រសាសន៍ថា គេបាននិមន្តព្រះសង្ឃចំនួន ៣៥អង្គ ដើម្បីរំលឹកអនុស្សាវរីយ៍ នៃរបបខ្មែរក្រហម ដែលបានដួលរលំអស់រយៈពេលជាង ៣០ឆ្នាំទៅហើយ។
លោក យន្ត ថារ៉ូ មានប្រសាសន៍បន្ថែមទៀតដូច្នេះ ៖ «ភាគច្រើនខ្មែរ កម្ពុជាក្រោមគេច្រើនចោទថា វៀតណាម ហើយធ្វើចារកម្មឲ្យយួនអ៊ីចឹងទៅ គេសម្លាប់ខ្មែរក្រោមនៅពេលនោះ ហើយគេច្រឡំថា ខ្មែរកម្ពុជាក្រោមភាគច្រើននិយាយភាសាអត់សូវច្បាស់អ៊ីចឹង។ គេថាមិនច្បាស់នៅទីនេះ ប៉ុន្តែវាច្បាស់នៅដែនដីកម្ពុជាក្រោម ពីព្រោះម៉ែខ្ញុំ ឪខ្ញុំនិយាយភាសាហ្នឹង»។
ពិធីនេះត្រូវបានគេធ្វើឡើងមុនមួយថ្ងៃ នៃថ្ងៃកាន់បិណ្ឌដំបូងបំផុត នៃរដូវភ្ជុំបិណ្ឌរបស់ខ្មែរ ដើម្បីរំលឹកទៅដល់បុព្វការីជនរបស់ជនជាតិខ្មែរ ដែលបានបាត់បង់ជីវិត៕ ប្រភពពី RFA