ស្រ្តីខែ្មរកម្ពុជាក្រោម៣នាក់នៅក្នុងចំណោមគ្រួសារខែ្មរ កម្ពុជាក្រោម២៤នាក់ ដែលកំពុងតែស្វែងរកសិទ្ធិរស់នៅស្របច្បាប់នៅកម្ពុជានោះ ពួកគាត់កំពុងតែធ្លាក់ខ្លួនឈឺស្លេកស្លាំងនិងចេញពងបែកពេញខ្លួន ប្រាណ ហើយត្រូវការជាចាំបាច់នូវថ្នាំព្យាបាលនិងស្បៀងអាហារសម្រាប់ បរិភោគប្រចាំថៃ្ង។

១៤-មករា-១០: ស្រ្ដីខ្មែរកម្ពុជាក្រោម៣នាក់ក្នុងចំណោមគ្រួសារខ្មែរកម្ពុជា២៤ គ្រួសារដែលលាក់ខ្លួនក្នុងរាជធានីភ្នំពេញ កំពុងមានជំងឺនិងត្រូវការចាំបាច់នូវជំនួយជាស្បៀងអាហារសម្រាប់ បរិភោគនិងថ្នាំព្យាបាល។
ស្រ្តីខែ្មរកម្ពុជាក្រោមឈ្មោះ នាង ផល្លា មកពីខេត្តស្វាយទង នៃប្រទេសវៀតណាម ទឹកដីខែ្មរកម្ពុជាក្រោម ដែលមានជំងឺទ្បើងកន្លួលឬពងបែកពេញខ្លួនប្រាណ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីនៅកន្លែងលាក់ខ្លួននោះថា ៖ «ចេះតែឡើងអ៊ីចឹងពេញខ្លួន ឈឺឆ្អឹងឆ្អែងអស់ហើយ។ ទៅពេទ្យអង្គការលីកាដូគេថាជំងឺសើស្បែក។ ឡើង៦-៧ថ្ងៃហើយ»។
ស្រ្តីខែ្មរកម្ពុជាក្រោមម្នាក់ទៀតឈ្មោះ ថាច់ ធីថាញ់ អាយុ៣០ឆ្នាំ មកពីខេត្តឃ្លាំង នៃប្រទេសវៀតណាមទឹកដីខែ្មរកម្ពុជាក្រោម បានថែ្លងថា ៖ «ឈឺពី ស្មាចុះ ឥឡូវស្ពឹក។ ទៅអង្គការលីកាដូ គេឲ្យថ្នាំផឹក។ ពីមុនផឹកបាន៣ថ្ងៃ ផឹកអត់អន់។ … អត់ធូរទេ នៅតែចុក ឈឺ ហើយឥឡូវទៅជាស្ពឹក»។
គ្រួសារខែ្មរកម្ពុជាក្រោមចំនួន២៤នាក់នោះ កំពុងតែរស់នៅក្នុងស្ថានការណ៍លាក់ខ្លួននៅក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចជួយឧបត្ថម្ភដោយអង្គការក្រៅរដ្ឋាភិបាលមួយជាបណ្តោះ អាសន្ននៅពេលនេះ។
លោក អំ សំអាត ជាប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលឈ្មោះលីកាដូ បានមានប្រសាសន៍ថា ៖ «ការ រស់នៅរបស់ពួកគាត់បច្ចុប្បន្ននេះគឺពិបាកមែន ដោយសារគាត់រស់នៅផ្ទះជួល ហើយគាត់អត់ទាន់មានលំនឹងត្រឹមត្រូវ ដោយសារតែសំណូមពររបស់គាត់អត់ទាន់បាន»។
លោក ថាច់ សុង តំណាងឲ្យគ្រួសារខែ្មរកម្ពុជាក្រោម២៤នាក់ខាងលើនេះ បានថ្លែងឲ្យដឹងថា គ្រួសារកម្ពុជាក្រោម២៤នាក់នេះ បានផ្ញើញត្តិជាច្រើនលើករួចមកហើយទៅរដ្ឋាភិបាលកម្ពុជានិង អាជ្ញាធរមូលរដ្ឋាននៅក្នុងរាជធានីភ្នំពេញ ដើម្បីសុំសិទ្ធិរស់នៅស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបនៅទ្បើយ។
លោក ថាច់ សុង បានឲ្យដឹងដូច្នេះ ៖ «ជួបការលំបាកយ៉ាងខ្លាំង ព្រោះពួកយើងអត់មានលិខិតស្នាមអីសម្រាប់ជាពលរដ្ឋខ្មែរ អ៊ីចឹងជួបការលំបាកយ៉ាងខ្លាំង»។
គ្រួសារខែ្មរកម្ពុជាក្រោមចំនួន២៤នាក់នោះ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកប្រទេសកម្ពុជា តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថៃ្ងទី៥ ខែធ្នូ កន្លងទៅ នៅគ្រាដែលពួកគាត់កំពុងតែសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសទី៣តាម រយៈ UNHCR នៅក្នុងប្រទេសថៃ។
គ្រួសារទាំងនោះបានរត់គេចខ្លួនចូលក្នុងប្រទេសថៃកាលពីឆ្នាំ ២០០៨កន្លងទៅ មកពីខេត្តមួយចំនួននៅក្នុងប្រទេសវៀតណាមទឹកដីខែ្មរកម្ពុជាក្រោម ដើម្បីគេចខ្លួនពីការតាមចាប់ដោយអាជ្ញាធរវៀតណាម ក្រោយពីបានងើបតវ៉ាទាមទារសិទ្ធិកាន់កាប់ដីធ្លីពីដូនតានិងទាមទារ ឲ្យដោះលែងព្រះសង្ឃមួយចំនួនដែលរងការចាប់ខ្លួនដោយអាជ្ញាធរវៀតណាម នៅទីនោះ៕
ប្រភព RFA.