ខ្មែរ​ក្រោម​ភាគ​ច្រើន​មិន​អាច​ទៅ​លេង​ស្រុក​ពេល​ចូល​ឆ្នាំ

ប្រភព​ពី​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ឲ្យ​ដឹង​ថា មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​តិចតួច​បំផុត​ដែល​បាន​ចូល​ទៅ​កម្សាន្ត​សប្បាយ ​រីក​រាយ ជួប​ជុំ​ញាតិសន្ដាន​របស់​ខ្លួន នៅ​ក្នុង​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​កាន់​កាប់​ដោយ​វៀតណាម ឬ​ហៅ​ថា វៀតណាម​ខាង​ត្បូង កាល​ពី​អំឡុង​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​ទៅ​នេះ។

អ្នក​ដែល​បាន​ចូល​ទៅ​ដល់​ទី​នោះ​ទៀត​សោត បាន​រាយការណ៍​មក​ថា អាជ្ញាធរ​វៀតណាម បាន​រឹតត្បិត​ដក​ហូត​យក​លិខិត​ឆ្លង​ដែន ហើយ​បាន​ធ្វើ​សកម្មភាព​តាម​ដាន​ជា​ប្រចាំ និង​មិន​ឲ្យ​ស្នាក់​អាស្រ័យ​យូរ​តាម​ចិត្ត​ចង់​ឡើយ។

ព្រះ​តេជគុណ ចៅ សុខ មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្វាយ​ទង ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​ភូមិ​កំណើត​របស់​ព្រះអង្គ​អស់​រយៈ​ពេល ៣​ឆ្នាំ កន្លង​មក​ហើយ ក្រោយ​ការ​ភៀស​ខ្លួន មាន​ថេរដីកា​ថា ព្រះ​អង្គ​បាន​និមន្ត​ចូល​សួរ​សុខ​ទុក​ញាតិ​ញោម​នៅ​ទីនោះ ប៉ុន្តែ​ទៅ​ដល់ ត្រូវ​គេ​ដក​ហូត​យក​លិខិត​ឆ្លង​ដែន អស់ ១​យប់ ១​ថ្ងៃ ហើយ​ក្រោយ​មក​ទៀត គេ​បាន​ដាក់​កម្លាំង​តាម​ដាន ហើយ​បាន​បណ្ដេញ​ព្រះ​អង្គ​ឲ្យ​ចេញ​មក​វិញ​មុន​គម្រោង​នៃ​ការ​គង្គ​នៅ​របស់​ ព្រះ​អង្គ។

ព្រះ​តេជគុណ ចៅ សុខ មាន​ថេរដីកា ៖ «ហើយ​ត្មា​មក​ហ្នឹង ដោយសារ​គេ​មិន​ចង់​ឲ្យ​នៅ​ទៀត ទើប​ត្មា​ឡើង​មក។ អាត្មា​មិន​ទាន់​សាក​សួរ​សុខទុក្ខ​បង​ប្អូន​អស់​ផង ស្រាប់តែ​គេ​ថា​មិន​ចង់​ឲ្យ​អាត្មា​នៅ​ទៀត។ គេ​ដេញ​យើង​ចេញ​តែ​ម្ដង។ ត្មា​គិត​ថា​នៅ​បាន​ប្រហែល​ជា​មួយ​សប្ដាហ៍​ទៀត គ្រាន់​ដើរ​លេង សួរ​សុខទុក្ខ​បង​ប្អូន ញាតិ​មិត្ត​ឲ្យ​គ្រប់។ រាំងស្ទះ​ដំណើរ​អ៊ីចឹង​ទៅ ត្មា​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ស្រុក អ្នក​ភូមិ​នៅ​ទី​នោះ»

ព្រះ​តេជគុណ​មួយ​អង្គ​ទៀត ព្រះ​នាម ថាច់ ស៊ីណាន ដែល​បាន​ភៀស​ខ្លួន​មក​កម្ពុជា ហើយ​បាន​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ថៃ ផ្នែក​វិទ្យាសាស្ត្រ​សង្គម បាន​រៀបរាប់​ថា ព្រះ​អង្គ​បាន​និមន្ត​ចូល​ទៅ​ក្នុង​ស្រុក​លង្ហោ ដែល​ជា​ភូមិ​កំណើត​ព្រះអង្គ​នៅ​កម្ពុជាក្រោម​នោះ ហើយ​នៅ​ពេល​ព្រះ​អង្គ​ព្យាយាម​ស្នាក់​អាស្រ័យ​នៅ​ក្នុង​វត្ត​មួយ ព្រះ​ចៅ​អធិការ​វត្ត​ក៏​បាន​បណ្ដេញ​ព្រះ​អង្គ​ចេញ ហើយ​ក្រោយ​មក នៅ​ពេល​ទៅ​ដល់​ភូមិ ក្រុម ប៉ូលិស​វៀតណាម​ស្លៀក​ពាក់​ស៊ីវិល ក៏​បាន​តាម​ដាន​សកម្មភាព​ព្រះ​អង្គ​មិន​ឈប់។

ព្រះ​តេជគុណ ថាច់ ស៊ីណាន មាន​ថេរដីកា ៖ «ញាតិ​ញោម​គាត់​ប្រាប់​កាល​ អាត្មា​ទើប​ចុះ​ទៅ​ដល់​ទីក្រុង​ព្រៃនគរ មាន​គេ​ទៅ​ចាំ​ដូច​ជា​គំរាម​ថា បើ​អាត្មា​ចុះ​ទៅ គេ​ហ្នឹង​ចាត់ការ។ ពេល​ទៅ​ដល់​ភូមិ​ស្រុក ឥត​មាន​អ្វី​ផង ឥត​មាន​នរណា​គេ​ហ៊ាន​មក​អើត​សួរ​អី​ទេ ប៉ុន្តែ​គេ​នៅ​ពី​ខាង​ក្រោយ។ អាត្មា​និមន្ត​ទៅ​ណា គេ​ថត​រូប គេ​មាន​ភ្នាក់ងារ​សម្ងាត់​នៅ​ខាង​ក្រោយ»

ប្រភព​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម បាន​ឲ្យ​ដឹង​ថា មាន​ខ្មែរ​ក្រោម​ប្រហែល ៥%​ប៉ុណ្ណោះ ដែល​បាន​ចូល​ទៅ​សួរ​សុខទុក្ខ​ញាតិ​សន្តាន នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

លោក ថាច់ សុង ប្រធាន​សមាគម​ខ្មែរ​កម្ពុជាក្រោម…? បាន​ថ្លែង​ថា ភាគ​ច្រើន​នៃ​ប្រជាជន​ខ្មែរ​ក្រោម ដែល​មក​ដល់​កម្ពុជា សុទ្ធ​សឹង​តែ ជា​អ្នក​គេច​វេះ​នៃ​ការ​តាម​ចាប់​ខ្លួន ដូច្នេះ​ហើយ​ពួក​គាត់​មិន​មាន​លិខិត​ស្នាម​ដើម្បី​ដើរ​ហើរ និង​ត្រឡប់​ចូល​ទៅ​ស្រុក​ឡើយ គេ​បារម្ភ​អំពី​ការ​តាម​ចាប់​ខ្លួន។ ម្យ៉ាង​ទៀត ពួក​គាត់​មិន​សូវ​មាន​លុយ​កាក់ ហើយ​ក៏​បាន​ដាច់​ចិត្ត មិន​ត្រឡប់​ទៅ​ស្រុក។

លោក​បន្ថែម​ទៀត​ថា អ្នក​ភៀស​ខ្លួន​ខ្លះ គ្មាន​ក្រដាស​ស្នាម មិន​ទាំង​បាន​ទៅ​កម្សាន្ត​សប្បាយ​នៅ​កន្លែង​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ផង កុំ​ថា​ឡើយ​ត្រឡប់​ចូល​ទៅ​ស្រុក​កំណើត ៖ «នៅ​បុណ្យ​ចូល​ឆ្នាំ​នេះ ដូច​ជា​យើង​នៅ​ជួប​ជុំ​ក្នុង​ក្រុម​គ្រួសារ ទៅ​ស្រង់​ទឹក​នៅ​វត្ត។ ចូល​ឆ្នាំ​រួច​ហើយ ដល់​ថ្ងៃ​ឡើង​ស័ក្ដិ ថ្ងៃ​ទី​១៦ យើង​ក៏​ទាំង​ក្រុម​គ្រួសារ​ទាំង​អស់​ខ្មែរ​ក្រោម​ហ្នឹង ធ្វើ​ជា​ចង្ហាន់ បង្សុកូល​ឲ្យ​ខ្មោច​ជីដូន​ជីតា​យើង។ ពេល​នេះ យើង​មិន​បាន​ទៅ​អ៊ីចឹង យើង​រន្ធត់​មែន​ទែន»

ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​ក្រោម ព្រះ​តេជគុណ យឿង ស៊ិន និង​ជា​សង្ឃរាជ​វត្ត​សាមគ្គី​រង្សី ក្រុង​ភ្នំពេញ ដែល​បាន​ឃ្លាត​ពី​ស្រុក​កំណើត​យូរ​ឆ្នាំ​ណាស់​មក​ហើយ មាន​ព្រះ​ថេរដីកា​ថា ម្នាក់ៗ នឹក​ស្រុក​កំណើត​ជា​ខ្លាំង ប៉ុន្តែ​ការ​ត្រឡប់​ចូល​ទៅ​ស្រុក ដោយ​នាំ​យក​ទៅ​ជា​មួយ​នូវ​ក្បួន​តម្រា និង​គម្ពីរ​ក្បួន​ខ្នាត​នានា ត្រូវ​បាន​គេ​ហាម​ឃាត់។ ព្រះ​អង្គ​ថា សូម្បី​តែ​មាន​ការ​ធានា​ដល់​ទៅ​អាជ្ញាធរ​ខ្មែរ​ថែម​ទៀត ក៏​វៀតណាម​នៅ​តែ​មិន​ឲ្យ​ចូល​ឡើយ។

ព្រះ​តេជគុណ យឿង ស៊ិន មាន​ថេរដីកា ៖ «ចម្រើន​ពរ ចង់​គឺ​ចង់​ណាស់ ម្នាក់ៗ ចង់​ទៅ​ណាស់ តែ​មិន​ស្រប​ច្បាប់​ទៅ​វា​សុទ្ធ​តែ​ធ្វើ​ទុក្ខ។ ជា​ពិសេស បង​ប្អូន​ដែល​គ្នា​ឡើង​ចង់​បាន​រូប​ភាព ដូច​ជា​ទស្សនាវដ្ដី ឬ​ប្រក្រតិទិន​អី​សម្រាប់​មើល ទៅ​តាម​ព្រំដែន​គេ​ឆែក​យក​អស់។ គេ​ថា​អក្សរ​ខ្មែរ​គេ​ឥត​ឲ្យ​ចូល​ទេ។ ហើយ​មក​សុំ​សៀវភៅ​ធម៌ ទិញ​សៀវភៅ​ធម៌​ទៅ គេ​យក​អស់។ ដូច​ត្មា​សុំ​លិខិត​ឆ្លង​ដែន សុំ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ទៀត​ធានា នៅ​តែ​គេ​មិន​ឲ្យ​ទៅ​ទៀត»

វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​ទាក់​ទង​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា ប៉ុន្តែ​គ្រប់​លេខ​ទូរស័ព្ទ មិន​ដំណើរ​ការ។ យើង​បាន​ទូរស័ព្ទ​ចូល​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ក្នុង​សៀវភៅ​របស់​ស្ថានទូត​វៀតណាម បាន​សរសេរ​ថា គាត់​ជា​មន្ត្រី​ផ្នែក​ព័ត៌មាន​របស់​ស្ថានទូត ប៉ុន្តែ​គាត់​បាន​បដិសេធ​ថា គាត់​មិន​មែន​នោះ​ទេ។

បុរស​ដដែល​បាន​និយាយ​ប្រាប់​យើង​ថា ការ​រឹតត្បិត​ក្នុង​ការ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ជា​ការ​ធម្មតា​ទេ សូម្បី​តែ​ជនជាតិ​វៀតណាម ក៏​ត្រូវ​អាជ្ញាធរ​តាម​ដាន​មើល​ដែរ ៖ «នេះ​ជា​ រឿង​ធម្មតា​ទេ​សម្រាប់​អ្នក​ធ្វើ​នយោបាយ ប៉ុន្តែ​បើ​សិន​ជា​យើង​មិន​ធ្វើ​នយោបាយ គឺ​ជា​អ្នក​រក​ស៊ី មិន​ជា​អ្វី​ទេ។ សូម្បី​តែ​ខ្ញុំ ជា​ជន​ជាតិ​វៀតណាម ពេល​ដែល​ខ្ញុំ​ទៅ​ស្រុក​កំណើត ក៏​មាន​ការ​តាម​ដាន​ដូច​ជា​ប្រជាជន​ខ្មែរ​ក្រោម​ដែល​មក​រស់​នៅ​ទី​នេះ​ដែរ»

ថ្វីបើ​ជន​ជាតិ​វៀតណាម​គិត​ថា ការ​តាម​ដាន និង​ការ​រឹតត្បិត​មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ជា​ម្ចាស់​ទឹក​ដី ក្នុង​ការ​ចូល​ទៅ​សួរ​សុខទុក្ខ​ញាតិ​មិត្ត នៅ​រាល់​ពេល​ពិធី​បុណ្យ​ទាន​ថា ជា​ការ​ធម្មតា ប៉ុន្តែ​អ្នក​គោរព​សិទ្ធិ​មនុស្ស បាន​ស្ដី​បន្ទោស​យ៉ាង​ខ្លាំង​ថា វៀតណាម កំពុង​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​មនុស្ស ជា​ពិសេស សិទ្ធិ​នៃ​ជន​ជាតិ​ដើម ដែល​ទើប​តែ​ត្រូវ​អនុម័ត​ដោយ​អង្គការ​សហ​ប្រជាជាតិ៕

ប្រភពពីវិទ្យុអាស៊ី.