ថ្ងៃសៅរ៍ ១៦ ខែតុលា ២០១០ ដោយលោក ប៉ែន បូណា វិទ្យុបារាំងអន្តរជាតិ ភ្នំពេញ
តំណាងអង្គការ និងសមាគមខ្មែរកម្ពុជា ក្រោម ចំនួនជាង១០កំពុងព្យាយាម សុំជួបលោក បាន គីមូនអគ្គលេខាធិកា រអង្គការសហប្រជាជាតិ ដែលគ្រោង នឹងមកបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃនៅកម្ពុជានាចុងខែតុលានេះ។ លិខិតស្នើសុំ ត្រូវបានបញ្ជូនទៅកាន់ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំ កម្ពុជារួចហើយ តាំងពីថ្ងៃអង្គារ ដើម សប្តាហ៍នេះ ប៉ុន្តែពួកគេនៅមិនទាន់ ទទួលបានការឆ្លើយតបនៅឡើយទេ។ តំណាង ខ្មែរកម្ពុជាក្រោមទាំងនោះមានបំណងចង់រាយការណ៍ជូន អគ្គលេខាធិការអង្គការសហប្រជាជាតិអំពីស្ថានភាពរបស់ខ្មែរក្រោម ដែលពួកគេអះអាងថា ទទួលរងការគាបសង្កត់ពីអាជ្ញាធរវៀតណាម។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់លោក ប៉ែន បូណា វិទ្យុបារាំងអន្តរជាតិ ភ្នំពេញ
អង្គការ និងសមាគមខ្មែរក្រោមដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជាកំពុងស្វះ ស្វែងរកឱកាសជួបលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីថ្លាថ្លែងបញ្ហារបស់ពួកគេ។ ប៉ុន្តែលិខិតស្នើសុំជួបលោក បាន គីមូន ដែលត្រូវបានផ្ញើទៅកាន់កម្មវិធីអភិវឌ្ឍន៍សហប្រជា ជាតិ តាំងពីថ្ងៃអង្គារនោះ នៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
លោក យន្ត ថារ៉ូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោមបានឲ្យដឹងនៅថ្ងៃនេះ ថាដំណើរទស្សនកិច្ចនៅកម្ពុជារបស់អគ្គលេខាធិការអង្គការសហប្រជាជាតិគឺ ជាឱកាសល្អមួយដើម្បីរាយការណ៍អំពីស្ថានភាពរបស់ពលរដ្ឋខ្មែរក្រោម នៅក្រោមការត្រួតត្រារបស់អាជ្ញាធរវៀតណាម។ គេមិនទាន់ដឹងថា តើតំណាងខ្មែរក្រោមទាំងនោះនឹងទទួលបានការស្វាគមន៍ឲ្យចូលជួប លោក បាន គីមូន ដែរឬក៏អត់នោះទេ។តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ឬហៅកាត់ថា UNDP មិនអាចទាក់ទងបានទេនៅថ្ងៃសៅរ៍នេះ។ ប៉ុន្តែ លោក យន្ត ថារ៉ូ អះអាងថា បើទោះបីជាមិនបានជួបលោក បាន គីមូន ដោយផ្ទាល់ក៏ដោយ ក៏លោកនឹងផ្ញើញត្តិមួយទៅជូនអគ្គលេខាធិការសហប្រជាជាតិដែរ។
លោក បាន គីមូន គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជាចាប់ពី ថ្ងៃទី២៦ដល់ថ្ងៃទី២៨តុលាឆ្នាំ២០១០នេះ។ លោកនឹងជួបសវនាការជាមួយព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តម សីហមុនី មុននឹងជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីថ្ងៃ១៣ តុលា លោកអគ្គលេខាធិការសហប្រជាជាតិនឹងអញ្ជើញទៅទស្សនាសាលាក្តីខ្មែរ ក្រហម និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬហៅថាពេទ្យរុស្ស៊ីផងដែរ។
គេនៅមិនទាន់ដឹងអំពីខ្លឹមសារនៃជំនួបរវាងលោកអគ្គលេខាធិការសហប្រជា ជាតិជាមួយប្រមុខរដ្ឋាភិបាលខ្មែរនៅឡើយទេ ប៉ុន្តែមានការរំពឹងទុកថាបញ្ហាព្រំដែនរវាងខ្មែរនិងថៃអាចជា ប្រធានបទសំខាន់មួយ។ កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យរបស់លោក បាន គីមូន ធ្លាប់បានអះអាងថាលោកបានសុខចិត្តទទួលធ្វើជាអ្នកសម្របសម្រួល ក្នុងជម្លោះខ្មែរនិងថៃ។ អ្វីដែលគួរឲ្យកត់សម្គាល់ដែរនោះគឺ លោក បាន នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃទៀតបន្ទាប់ពីកម្ពុជា។
ក្នុងពេលដែលសាធារណមតិហាក់បានផ្តោតតែទៅលើជម្លោះខ្មែរថៃ តំណាងខ្មែរកម្ពុជាក្រោមក៏មិនភ្លេចទាក់ទាញចំណាប់អារម្មណ៍របស់ អគ្គលេខាធិការសហប្រជាជាតិឲ្យងាកមកមើលបញ្ហាជាមួយវៀតណាមនោះដែរ៕