ក្នុងពេលសហគមន៍ខ្មែរមានដើមកំណើតនៅដែនដីកម្ពុជាក្រោមកំពុង គ្រោងត្រៀមរៀបចំប្រារព្ធបុណ្យខួបទី៦០នៃការបាត់បង់ដីកម្ពុជា ក្រោមទៅ ក្នុងកណ្តាប់ដៃរដ្ឋអំណាចយៀកណាមដែលគេរំពឹងថានឹងមានជនជាតិខ្មែរ ក្រោមចូលរួមជាច្រើនពាន់នាក់នៅមុខវត្តបទុមវតី ក្រុងភ្នំពេញ នាថ្ងៃ៤ មិថុនាខាងមុខនោះ ក្រុមមេដឹកនាំខ្មែរក្រោមបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ច ប្រឹងប្រែងទាមទារសិទ្ធិសេរីភាពដោយផ្សព្វផ្សាយព័ត៌មានអំពីការគាប សង្កត់ពីរដ្ឋអំណាចកុម្មុយនីស្តយៀកណាមលើឆាកអន្តរជាតិ។
លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកបានឲ្យដឹងពីទីក្រុង ហ្សឺណែវកាលពីយប់ថ្ងៃអាទិត្យថា ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនឹងពិនិត្យសេចក្តី រាយការណ៍ការពារខ្លួនរបស់រដ្ឋការហាណូយដែលបានបំភ្លឺក្រុមប្រឹក្សា កាលពីចុងសប្តាហ៍មុននៅថ្ងៃអង្គារខាងមុខនេះ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងចេញអនុសាសន៍ដល់ ប្រទេសវៀតណាមដែលប្រទេសនេះនឹងត្រូវឆ្លើយតបវិញនៅខែមិថុនាខាង មុខ។
លោកឲ្យដឹងទៀតថា ប្រតិភូប្រទេសវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេស ផាំ ប៊ិញមិញ នោះ មានសមាជិកប្រមាណ៤០នាក់ដែលសឹងតែជារដ្ឋមន្រ្តីពីក្រសួងសំខាន់ៗ មានជាអាទិ៍ ក្រសួងយុត្តិធម៌ មហាផ្ទៃ សន្តិសុខជាតិ ក្រសួងកិច្ចការនារី ជាដើម ដែលបង្ហាញថា ប្រទេសសង្គមនិយមមួយនេះមានការបារម្ភយ៉ាងខ្លាំងចំពោះការហៅឆ្លើយ បំភ្លឺរបស់សហប្រជាជាតិលើកនេះ។
លោក ថាច់ ង៉ុកថាច់ ឲ្យដឹងទៀតថា ប្រទេសមហាអំណាចក្នុងប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងអស់ រួមទាំងសាធារណរដ្ឋប្រជាមានិតចិនផង សរុបមានចំនួន៣៧ប្រទេសដែលគាំទ្រសំណើរបស់សហព័ន្ធខ្មែរកម្ពុជា ក្រោមចំពោះការត្រួតពិនិត្យនិងសួរដេញដោលពីបញ្ហាសិទ្ធិមនុស្សនៅ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ឯប្រទេសចំនួន៣៥ទៀតរួមទាំងកម្ពុជាផងដែលនាំមុខដោយប្រទេស ស្រីលង្កានិងគុយបាបានគាំទ្រសេចក្តីថ្លែងការណ៍អំពីស្ថានភាពល្អនៃ បញ្ហាសិទ្ធិមនុស្សនៅប្រទេសវៀតណាម។
ទោះបីយ៉ាងណាក្តី លោក ថាច់ ង៉ុកថាច់ បានសម្តែងក្តីរីករាយចំពោះលទ្ធផលដែលលោកបានសង្កេតឃើញថា លេចចេញពីមនោសញ្ចេតនានៃជនជាតិខ្មែរដែលបានជួបជុំគ្នានៅទីក្រុង ហ្សឺណែវនោះ។
លោក ថាច់ ង៉ុកថាច់ បានមានប្រសាសន៍ថា ៖ «សរុបសេចក្ដីទៅគឺថា យើងបានទទួលលទ្ធផលធំៗបីដែលខ្ញុំកត់សម្គាល់ហ្នឹង។ ទី១ យើងបានបង្ហាញឲ្យរដ្ឋាភិបាលយួននិងជនជាតិយួនដែលមកធ្វើការតវ៉ាថា ការតស៊ូរបស់ខ្មែរក្រោមនៅតែមានអ៊ីចឹង។ ទី២ យើងបានបង្ហាញឲ្យអន្តរជាតិឃើញថា នៅកម្ពុជាក្រោមនិងនៅប្រទេសយួនមានជនជាតិខ្មែររស់នៅទីនោះសូមឲ្យ យកចិត្តទុកដាក់ ហើយទី៣ដែលយើងមានការសប្បាយចិត្ត ចង់ឃើញចង់បាននោះ គឺថាការបង្ហាញពីការរួបរួមរវាងខ្មែរក្រោមនិងបងប្អូនខ្មែរ។ ការរួបរួមគឺសំខាន់នៅពេលណាដែលខ្មែរក្រោមមានទុក្ខទោស មានបញ្ហា គឺបងប្អូនខ្មែរយើងមានការយកចិត្តទុកដាក់មែនទែន មកពីច្រើនកន្លែង ហើយឆ្ងាយៗមកពីប៊ែលហ្ស៊ិក មកពីហុល្លង់ អ៊ីតាលី អាល្លឺម៉ង់ ហើយប្រទេសបារាំង ខ្លះមកឆ្ងាយពីប៉ារីសហ្នឹងទៀត បើកឡានរហូតដល់ជាង១០ម៉ោង ហើយនិងនៅស្វ៊ីស ទាំងព្រះសង្ឃទាំងអីមកចូលរួមធ្វើឲ្យបរិយាកាសហ្នឹងមានភាពគគ្រឹក គគ្រេងមែនទែន»។
លោក ថាច់ ង៉ុកថាច់ ឲ្យដឹងថា លោកបណ្ឌិត Joshua Cooper នាយកវិជ្ជាស្ថានសិទ្ធិមនុស្សរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ទីប្រឹក្សាពិសេសនៃសហព័ន្ធខ្មែរក្រោម នឹងបន្តការស្នាក់នៅទីក្រុងហ្សឺណែវច្រើនថ្ងៃទៀតដើម្បីអប់រំជូន យោបល់ដល់សមាជិកសកម្មជាយុវជននិងយុវនារីនៃសហព័ន្ធខ្មែរកម្ពុជា ក្រោមពិភពលោកមកពីប្រទេសនានានៅទ្វីបអឺរ៉ុបអំពីការពិនិត្យបញ្ហា សិទ្ធិមនុស្សតាមប្រទេសនីមួយៗតាមពេលកំណត់នេះផង និងដើម្បីរង់ចាំលទ្ធផលនៃការពិនិត្យសេចក្តីរាយការណ៍របស់អង្គការ សហប្រជាជាតិទៅនឹងសេចក្តីរាយការណ៍ការពារខ្លួនរបស់ក្រុងហាណូយដែល ឆ្លើយបំភ្លឺក្រុមប្រឹក្សាកាលពីចុងសប្តាហ៍នេះផង។
អ្នកស្រី សោម សម្បត្តិ ដែលមានទីលំនៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសនោះ បានសម្តែងក្តីរីករាយនិងការគាំទ្រពេញបន្ទុកចំពោះសកម្មភាពអហិង្សា ដើម្បីការពារសិទ្ធិមនុស្សនៃសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក។
អ្នកស្រី សម្បត្តិ ដែលមានដើមកំណើតនៅខែត្រកំពង់ឆ្នាំងបានប្រាប់វិទ្យុអាស៊ីសេរីអំពី អារម្មណ៍របស់អ្នកស្រីកាលពីយប់ថ្ងៃអាទិត្យនេះបន្ទាប់ពីបានចូលរួម សិក្ខាសាលាជាមួយសហព័ន្ធខ្មែរក្រោមពីទីក្រុងហ្សឺណែវមកថា អ្នកស្រីពេញចិត្តនឹងតំណាងរដ្ឋាភិបាលអ្នកស្រីណាស់ដែលបានប្រាប់ ប្រទេសវៀតណាមដោយចំៗទៅលើឈ្មោះអំពើឧក្រិដ្ឋនានាដែលវៀតណាមត្រូវតែ បញ្ឈប់ជាបន្ទាន់។
អ្នកស្រី សោម សម្បត្តិ បានបញ្ជាក់ថា ៖ «ការយល់ឃើញរបស់កនខ្ញុំ គឺថាដូចជាប្រទេសស្វ៊ីស ប្រទេសស៊ុយអែត ប្រទេសអាល្លឺម៉ង់អីៗហ្នឹង គេមានយោបល់ល្អៗរបស់គេ ដូចជាត្រូវគោរពសិទ្ធិកុមារ គោរពសិទ្ធិស្រ្តី ហើយនិងដូចជាស្វ៊ីសនេះ គេប្រាប់ទៅវៀតណាមហ្នឹង គេថាត្រូវគោរពសិទ្ធិមនុស្ស ពិសេសគឺថា ស្វ៊ីសរបស់ខ្ញុំហ្នឹង និយាយទៅគេគឺថាសំខាន់ណាស់ គឺសិទ្ធិកុមារ ហើយនិងឈប់ធ្វើទារុណកម្មដល់អ្នកទោសដែលបានចាប់ទៅនិងឈប់កាប់ សម្លាប់»៕
អត្ថបទវិទ្យុអាស៊ីសេរី.