ព្រះសង្ឃខ្មែរកម្ពុជាក្រោម ពុទ្ធបរិស័ទ និងអង្គការសមាគមខ្មែរកម្ពុជាក្រោម បើកការ ស៊ើបអង្កេតជាថ្មី ជុំវិញការ សុគតរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម មួយអង្គ ព្រះនាម អ៊ាង សុខធឿន។ព្រះសង្ឃខ្មែរកម្ពុជាក្រោម ពុទ្ធបរិស័ទ និងអ្នកតំណាងរាស្ត្រជាង ២០០រូប ប្រារព្ធខួប ៥ឆ្នាំ នៃការសុគតរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ ព្រះនាម អ៊ាង សុខធឿន នៅវត្តទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃច័ន្ទ ២៧ ខែកុម្ភៈ ឆ្នាំ២០១២។ពលរដ្ឋខ្មែរកម្ពុជាក្រោម លោក លី ឈូន ដែលបានចូលរួមក្នុងពិធីបុណ្យបង្សុកូលនៅថ្នូរព្រះសង្ឃ អ៊ាង សុខធឿន នៅក្រោយវត្តទ្រនំជ្រឹង បានថ្លែងថា ខ្មែរក្រោមទាំងអស់មិនអស់ចិត្តនឹងការសុគតរបស់ព្រះសង្ឃអង្គនោះ ទេ។ ពលរដ្ឋទាំងអស់នៅតែទាមទារឲ្យរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃសុំសើរើរឿងឃាតកម្មលើព្រះសង្ឃ អ៊ាង សុខធឿន វិភាគឡើងវិញ ដើម្បីឲ្យអស់មន្ទិលសង្ស័យ ៖ “ដូចជាមិនត្រឹមត្រូវ បើសិនជាធ្វើអត្តឃាត រឿងអីកាលពេលនោះ អង្គការសមាគមខ្មែរក្រោមសុំធ្វើកោសល្យវិច័យអត់ព្រមឲ្យធ្វើ ហើយអ្នកនៅក្នុងវត្តនឹង យកព្រះអង្គទៅកប់ចោលភ្លាមៗ អត់មានបានជូនដំណឹងដល់គ្រួសារព្រះអង្គ”។
កាលពីថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០០៧ ព្រះសង្ឃខ្មែរកម្ពុជាក្រោមព្រះនាម អ៊ាង សុខធឿន បាននិមន្តចូលរួមបាតុកម្មជាមួយព្រះសង្ឃក្នុងសមាគមខ្មែរកម្ពុជា ក្រោម នៅមុខស្ថានទូតវៀតណាម ដើម្បីសុំឲ្យរដ្ឋការប្រទេសវៀតណាមផ្ដល់សិទ្ធិខ្មែរកម្ពុជាក្រោម បានរស់នៅជាជនជាតិខ្មែរពេញលេញ លើទឹកដីកំណើតរបស់ខ្លួនស្របច្បាប់។
ក្រោយពីព្រះអង្គនិមន្តទៅកាន់វត្តទ្រនំជ្រឹង ឃុំបឹងធំ ស្រុកអង្គស្នួល ខេត្តកណ្ដាលវិញ ថ្ងៃបន្ទាប់មានព័ត៌មានពីអាជ្ញាធរ និងសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្ដាល ថាព្រះអង្គបានធ្វើអត្តឃាត ដោយអារកនៅយប់ថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០០៧ នោះ។ ព្រះសពរបស់ព្រះអង្គត្រូវអាជ្ញាធរ និងគណៈកម្មការវត្តកប់ក្រោយរបងវត្តទ្រនំជ្រឹង ដោយហាមប៉ះពាល់សព និងមិនព្រមឲ្យធ្វើកោសល្យវិច័យឡើយ។
ប្រធានលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក គឹម ស៊ីសំណា ថ្លែងថា ដោយសារតែនៅមានមន្ទិលសង្ស័យចំពោះការសុគតរបស់ព្រះសង្ឃ អ៊ាង សុខធឿន អង្គការសមាគមខ្មែរកម្ពុជាក្រោម សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម និងពុទ្ធបរិស័ទបានដាក់លិខិតស្នើសុំឲ្យក្រសួងមហាផ្ទៃសើរើរឿង នោះ យកមកដោះស្រាយលាតត្រដាងថាតើព្រះអង្គធ្វើអត្តឃាត ឬក៏មនុស្សឃាត។
បន្ថែមពីលើនោះ អង្គការនេះបានសុំគាស់ព្រះសពរបស់ព្រះអង្គ អ៊ាង សុខធឿន ដើម្បីបូជាតាមព្រះពុទ្ធសាសនា ៖ “គឺ ហេតុអីបានជាបិទនូវភស្តុតាង ឬក៏ព័ត៌មាន ឬក៏រារាំងហាមឃាត់មិនអនុញ្ញាតឲ្យគាស់ព្រះសពអីឡើងយកទៅធ្វើ កោសល្យវិច័យ ដើម្បីស្វែងរកមូលហេតុ និងភស្តុតាងអីពិតប្រាកដអីនឹង”។
អនុប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា មានថេរដិកាថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាបង្ហាញភស្តុតាង និងមិនបានហាមពលរដ្ឋ និងអង្គការនានាមិនឲ្យប៉ះពាល់ព្រះសពកាលពី ៥ឆ្នាំមុនទេ ហើយបើកឲ្យធ្វើកោសល្យវិច័យត្រឹមត្រូវនោះ មន្ទិលសង្ស័យពីការសុគតរបស់ព្រះសង្ឃ អ៊ាង សុខធឿន មិនចោទបញ្ហាមកដល់ពេលនេះទេ។
ពាក់ព័ន្ធបញ្ហាលើកឡើងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីមន្ត្រីក្រសួងមហាផ្ទៃបាន ទេ។ ប៉ុន្តែចៅសង្កាត់បឹងធំ លោក មឿន អួន ប្រាប់នៅរសៀលថ្ងៃច័ន្ទ ទី២៧ ខែកុម្ភៈ ថាព្រះសង្ឃ អ៊ាង សុខធឿន បានធ្វើអត្តឃាត មិនមែនឃាតកម្មនោះទេ ៖ “ធ្វើឃាតកម្មដោយខ្លួនឯង មានទាំងថ្នាំញៀនថ្នាំអី លោកដែលធ្វើអត្តឃាតនឹង”។
អ្នកគ្រប់គ្រងបច្ចេកទេសនៃអង្គការលីកាដូ លោក អំ សំអាត បានថ្លែងថា បញ្ហាសុគតរបស់ព្រះតេជព្រះគុណ អ៊ាង សុខធឿន នៅមានភាពចម្រូងចម្រាសយូរឆ្នាំហើយ និងនៅតែជាបញ្ហាចោទជាចម្ងល់។ ក្នុងនាមអាជ្ញាធរ គួរបើកទូលាយ ទាក់ទងការសុំគាស់ព្រះសព ដើម្បីធ្វើបុណ្យ និងផ្ដល់ចម្លើយឲ្យច្បាស់អំពីការស៊ើបអង្កេតរឿងនេះពីមុន ព្រោះវាជាផ្លូវច្បាប់ ដែលមិនគួរនឹងលាក់លៀមទេ។
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ សាង មានប្រសាសន៍ថា ព្រះសង្ឃខ្មែរកម្ពុជាក្រោម ពុទ្ធបរិស័ទ និងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង នៅតែទាមទារឲ្យមានការស៊ើបអង្កេតជាថ្មី។ ពីព្រោះសពព្រះតេជព្រះគុណ អ៊ាង សុខធឿន គ្រាន់តែគេអះអាងថា អារកសម្លាប់ខ្លួន រួចអាជ្ញាធរយកដី ១ឡាន ទៅចាក់លុបកប់សពនៅក្រោយវត្ត ដែលតាមរូបភាពហាក់បញ្ជាក់ពីការរើសអើង៕ ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី