កសិករខ្មែរមួយចំនួន នៅតាមខេត្តចំនួន៣ នៅឯដែន ដីកម្ពុជាក្រោម កំពុងប្រឈមមុខនឹងការរឹបអូសយកដី ស្រែចម្ការពីសំណាក់អាជ្ញាធរ វៀតណាម។ លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម មាន ប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា ករណីរឹបអូសដីធ្លី នៅឯដែនដីកម្ពុជាក្រោម កើតឡើងជាទូទៅខុសពីនៅ កម្ពុជា៖ «អាជ្ញាធរវៀតណាមជម្លៀសម្ចាស់ដីចេញ ហើយរឹបអូសយកដីស្រែរបស់ខ្មែរក្រោម ទាំងនោះ ទៅឲ្យប្រជាជនវៀតណាម»។
លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ថា ដោយសារខ្មែរក្រោមម្ចាស់ដីចេញតវ៉ា ទើបអាជ្ញាធរវៀតណាមចាប់ឃុំ និងកាត់ទោស ក្នុងនោះរួមមាននៅខេត្តមាត់ជ្រូក ដែលវៀតណាមហៅថាខេត្តចូវដុក មានខ្មែរក្រោមយ៉ាងតិចពីរនាក់ គឺអ្នកស្រី នាង យ៉េន និងអ្នកស្រី នាង យ៉ន ជាប់ពន្ធនាគារតាំងពីឆ្នាំ២០០៩ មកដល់ពេលនេះ រងការចោទពីបទធ្វើឲ្យប៉ះពាល់សន្ទាប់ធ្នាប់សង្គម។
ចំណែកនៅខេត្តឃ្លាំង ដែលវៀតណាមហៅថាសុកទ្រាំង ក៏មានបញ្ហាការរឹបអូសដីស្រែចម្ការដែរ។ លោក ថាច់ ង៉ុកថាច់ បញ្ជាក់ថា ក្នុងនោះលោក វិញ បា កសិករខ្មែរក្រោមមួយរូប ដែលហ៊ានចេញមុខនាំខ្មែរក្រោមធ្វើការតវ៉ាទាមទារដីធ្លីមកវិញ ត្រូវតុលាការវៀតណាមកាលពីឆ្នាំ២០០៩ កាត់ទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំ ៖ «អាជ្ញាធរវៀតណាមនៅខេត្ត តាំងពីរ ឆ្នាំ១៩៧៥ មានការរឹបអូសយកដីធ្វើស្រែរួម តែក្រោយមក ទើបគេចែកតាមគ្រួសារ។ លោក វិញ បា ហ៊ានតវ៉ា គេចាប់ចង»។
ប៉ុន្តែកាលពីចុងខែមិនា ខែមុននេះ លោក វិញ បា ត្រូវបានអាជ្ញាធរវៀតណាមដោះលែង។ លោក ថាច់ ង៉ុកថាច់ អះអាងថា ប៉ុន្តែលោក វិញ បា ឋិតនៅក្រោមការឃ្លាំមើលរបស់អាជ្ញាធរវៀតណាមជាប់ជាប្រចាំ។
ចំណែកនៅខែត្រព្រះត្រពាំងវិញ ដែលវៀតណាមហៅថាត្រាវិញ ក៏មានបញ្ហាការរឹបអូសដីស្រែចម្ការពីប្រជាពលរដ្ឋខ្មែរក្រោមដែរ ក្នុងនោះម្ចាស់ដីអ្នកស្រី ត្រឹង ធីចូវ រងការចាប់ខ្លួនតាំងពីឆ្នាំ២០១០ ជាប់ពន្ធនាគាររហូតមកដល់ពេលនេះ។ អង្គការសង្គមស៊ីវិលកន្លងមកក៏ដូចបច្ចុប្បន្ន ពុំមានវត្តមាននៅឯដែនដីកម្ពុជាក្រោមទេ ហេតុនេះពុំមានក្រុមឯករាជ្យណាមួយចុះធ្វើការស៊ើបអង្កេតករណីនេះ ឡើយ។
វិទ្យុអាស៊ីសេរីពុំទាន់អាចទាក់ទងអាជ្ញាធរវៀតណាម ដើម្បីសុំសេចក្ដីបំភ្លឺតបចំពោះការចោទប្រកាន់បាននៅឡើយទេ។ ប៉ុន្តែកន្លងមក មន្ត្រីតំណាងរដ្ឋាភិបាលវៀតណាម តែងបដិសេធដោយអះអាងថា ពុំមានការរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរក្រោមដូចការចោទប្រកាន់ នោះទេ៕ ប្រភពៈ វិទ្យុអាស៊ីសេរី