ខ្មែរ​ក្រោម​នៅ​ភូមិ​បែក​ក្រង់​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់

ខ្មែរ​កម្ពុជា​ក្រោម​ បាន​រត់​ភៀស​ខ្លួន​ពី​ភូមិ​កំណើត​​ របស់​ខ្លួន​មក​បង្កើតជា​ភូមិ​មួយ រស់​នៅ​ប្រមូល​ផ្ដុំ​គ្នា នៅ​ភូមិ​បែក​ក្រង់ ឬ​ហៅ​ថា​ភូមិ​ប្រឡាយ​ទទឹង។ ភូមិ​បែក​ក្រង់ ជា​ភូមិ​មួយ​មាន​តែ​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ ក្រោម​ រស់​នៅ ដែល​គេ​បង្កើត​ជា​ភូមិ​រស់​នៅ​ជួប​ជុំ​គ្នា​ នៅ​ជាប់​នឹង​ដៃ​សមុទ្រ មើល​ពី​ចម្ងាយ​ឃើញ​តែ​ទឹក ដែល​គេ​សង់​ផ្ទះ​ នៅ​លើ​ទឹក​ជាប់​អម​សង​ខាង​ផ្លូវ។ ថ្វី​ត្បិត​ តែ​ភូមិ​បែក​ក្រង់​មាន​ទឹក​នៅ​ជាប់​ជុំវិញ​ផ្ទះ មើល​ទៅ​ប្រជា​ពល​រដ្ឋ​ហាក់​បី ​ដូច​ជា​ងាយ​ស្រួល​ក្នុង​ការ ប្រើ​ប្រាស់​ទឹក​ ប្រចាំ​ថ្ងៃ ប៉ុន្តែ​ការ​ស្មាន​នេះ​ខុស​ស្រឡះ​ទៅ​វិញ ពី​ព្រោះ​ថា ទឹក​នៅ​តាម​ប្រឡាយ​ជាប់​ភូមិ​នោះ​ជា​ទឹក​ប្រៃ គឺ​ទឹក​សមុទ្រ ប្រជា​ពល​រដ្ឋ​មិន​អាច​ប្រើប្រាស់​បាន ដែល​ជា​កត្តា​ធ្វើ​ឲ្យ​អ្នក​ភូមិ​ទាំង​នោះ​ខ្វះ​ទឹក​សាប​ប្រើប្រាស់។

ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​បែក​ក្រង់ បាន​រអ៊ូ​ថា ពួក​គាត់​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ​ទេ។ ការ​រស់​នៅ​អាស្រ័យ​លើ​ការ​ទិញ​ទឹក​ពី​ភូមិ​ដទៃ​នៅ​ជាប់​ផ្លូវ​ជាតិ មាន​ចម្ងាយ​ប្រមាណ ១០​គីឡូ​ម៉ែត្រ យក​មក​ប្រើប្រាស់។

ប្រជា​ពល​រដ្ឋ​ឈ្មោះ សឺង ធី បាន​រៀប​រាប់​ថា ពួក​គាត់​បាន​ទៅ​រស់​នៅ​ភូមិ​បែក​ក្រង់​មាន​អ្នក​ខ្លះ​ជាង ២០​ឆ្នាំ និង​អ្នក​ខ្លះ​ទៀត​ជាង ៣០​ឆ្នាំ​មក​ហើយ គឺ​មិន​ទាន់​មាន​ទឹក​សាប ឬ​ទឹក​ស្អាត​ប្រើ​ប្រាស់​ទេ ពី​ព្រោះ​ថា តំបន់​នោះ​កន្លង​មក អ្នក​ភូមិ​បាន​ជីក​អណ្ដូង​ដែរ តែ​មិន​មាន​ទឹក​សាប។

ការ​ប្រើប្រាស់​ទឹក​របស់​អ្នក​ភូមិ​បែក​ក្រង់ ដែល​ជា​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ភៀស​ខ្លួន​ពី​ស្រុក​កំណើត​ របស់​ខ្លួន​នៅ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ប្រទេស​វៀតណាម​បច្ចុប្បន្ន នៅ​ចន្លោះ​ឆ្នាំ​១៩៨៥ ឆ្នាំ​១៩៨៨ បាន​មក​បង្កើត​ជា​ភូមិ​រស់​នៅ​ក្នុង​ភូមិ​ប្រឡាយ​ទទឹង ឬ​ភូមិ​បែក​ក្រង់ ស្ថិត​នៅ​ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខែត្រ​ព្រះសីហនុ។

ប្រជា​ពល​រដ្ឋ​ទាំង​នោះ​បាន​លើក​ឡើង​ថា ថ្វីត្បិត​តែ​ពួក​គាត់​បច្ចុប្បន្ន​មាន​សេរីភាព​ពេញ​លេញ​ដូច​ប្រជា​ពល​រដ្ឋ​ ខ្មែរ​ទូទៅ​ដែរ​នោះ ប៉ុន្តែ​ការ​រស់​នៅ​មាន​ការ​លំបាក​ជាង​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជាប់​ផ្លូវ ​ជាតិ ដែល​គេ​មាន​ទឹក​ស្អាត​ប្រើប្រាស់ និង​ងាយ​ស្រួល​ប្រកប​មុខ​របរ។ ដោយ​ឡែក​សម្រាប់​ពួក​គាត់​រស់​នៅ​តំបន់​ដាច់​ស្រយាល អ្នក​ខ្លះ​ពឹង​លើ​មុខ​របរ​នេសាទ​តាម​សមុទ្រ ធ្វើ​ស្រែ​ចម្ការ និង​ធ្វើ​កម្មករ​ជា​ដើម។

ការ​ចំណាយ​លើ​ថ្លៃ​ទិញ​ទឹក​ប្រើ​ជា​បន្ទុក​មួយ​ទៀត​របស់​អ្នក​ភូមិ​បែក​ ក្រង់ ក្រៅ​ពី​ចំណាយ​លើ​ថ្លៃ​ទិញ​អង្ករ ទិញ​ម្ហូប​ប្រចាំ​ថ្ងៃ និង​ចំណាយ​លើ​កូន​ទៅ​រៀន នៅ​ខណៈ​ដែល​ពួក​គាត់​រក​ចំណូល​ប្រចាំ​ថ្ងៃ​មិន​សូវ​បាន។ ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ជាង ២០០​គ្រួសារ មាន​អ្នក​ខ្លះ​ប្រើ​ទឹក​សម្រាប់​ដាំ​បាយ និង​ពិសា​ទេ ពួក​គាត់​មិន​ហ៊ាន​មុជ​ទឹក​សាប​នោះ​ទេ ពួក​គាត់​មុជ​ទឹក​ប្រៃ ឬ​ទឹក​សមុទ្រ​ជា​រហូត​មក ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ។

ដោយ​ឡែក ទោះបី​ជា​ប្រជា​ពល​រដ្ឋ​ខ្លះ​មាន​លទ្ធភាព​ទិញ​ទឹក​យក​មក​ប្រើ​ប្រាស់​ក្ដី ប៉ុន្តែ​ថ្ងៃ​ខ្លះ អ្នក​ដឹក​ទឹក​លក់​រវល់​ការ​ងារ​ផ្សេង ពួក​គាត់​ត្រូវ​រង់ចាំ​អ្នក​ដឹក​ទឹក​លក់​តាំង​ពី​ពេល​ព្រឹក រហូត​ដល់​ថ្ងៃ​រសៀល​ក៏​មាន។

អ្នក​ដឹក​ទឹក​លក់​តាម​រ៉ឺម៉ក ឈ្មោះ ឡង់ ដាវ បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​គាត់​ដឹក​ទឹក​លក់​ចំនួន​បី​ជើង ក្នុង​មួយ​ជើង​រ៉ឺម៉ក​របស់​គាត់​អាច​ផ្ទុក​ទឹក​បាន​ចំនួន ១៥០០​លីត្រ។ លោក​បញ្ជាក់​ថា ក្នុង​ធុង​ទឹក​មួយ​ចំណុះ​ជាង ២០០​លីត្រ គាត់​លក់​តម្លៃ ៦០០០​រៀល។ យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ខ្លះ​គាត់​ដឹក​ទឹក​លក់​មិន​ទាន់​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​ ឡើយ។

ប្រជា​ពល​រដ្ឋ​មួយ​រូប​ទៀត​ឈ្មោះ ចៅ ដែន បាន​និយាយ​ថា ក្នុង​មួយ​ថ្ងៃ​ពួក​គាត់​ទិញ​ទឹក​គេ​ប្រើ​អស់​ចន្លោះ​ពី ៥​ពាន់​រៀល ទៅ​១​ម៉ឺន​រៀល។ លោក ចៅ ដែន បាន​បញ្ជាក់​ទៀត​ថា នៅ​ប្រទេស​វៀតណាម​មាន​ការ​លំបាក​ផ្នែក​ផ្លូវ​ចិត្ត ទើប​ពួក​គាត់​ភៀស​ខ្លួន​មក​ទី​នេះ ពីព្រោះ​ពួក​គាត់​ប្រឈម​នឹង​ការ​គាបសង្កត់​ពី​អាជ្ញាធរ​វៀតណាម។

ទោះបី​ជា​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មក​រស់​នៅ​ក្នុង​ភូមិ​បែក​ ក្រង់ មាន​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ ប៉ុន្តែ​មើល​ទៅ​ជីវភាព​របស់​ពួក​គាត់​ហាក់​បី​ដូច​ជា​ពុំ​មាន​ការ​ផ្លាស់​ ប្ដូរ​អ្វី​ទេ។ ក្នុង​ចំណោម​ពួក​គាត់​ទាំង​នោះ មាន​អ្នក​ខ្លះ​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ អ្នក​ខ្លះ​ទៀត​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​ ជា​ដើម។

មេ​ឃុំ​ព្រៃនប់ លោក ប៉ែន សំបូរ បាន​ទទួល​ស្គាល់​ថា អ្នក​ភូមិ​បែក​ក្រង់​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​មែន។ លោក​មេ​ឃុំ​បញ្ជាក់​ថា កន្លង​មក លោក​ធ្លាប់​ស្នើ​សុំ​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​មក​ធ្វើ​អណ្ដូង​នៅ​ក្នុង​ភូមិ​នេះ​ដែរ ប៉ុន្តែ​ក្រោយ​ពី​ការ​សិក្សា​ទីតាំង​ភូមិ​សាស្ត្រ តំបន់​នេះ​គ្មាន​ទឹក​សាប​ទេ ទោះបី​ជា​គេ​ជីក​អណ្ដូង​ទឹក​មាន​ជម្រៅ​ជាង ៧០​ម៉ែត្រ​ក៏​ដោយ។

ឃុំ​ព្រៃនប់​មាន​ចំនួន ៥​ភូមិ មាន​ប្រជា​ពល​រដ្ឋ​រស់​នៅ​សរុប​ជាង ៧​ពាន់​នាក់។ ក្នុង​ចំណោម​ភូមិ​ទាំង​៥​នេះ មាន​តែ​ភូមិ​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ​នេះ​ទេ ដែល​មិន​ទាន់​មាន​ទឹក​សាប ឬ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ឡើយ​នោះ។

ទាក់​ទង​ទៅ​និង​បញ្ហា​នេះ លោក​មេ​ឃុំ ប៉ែន សំបូរ បាន​អះអាង​ថា រដ្ឋាភិបាល​ក៏​បាន​ផ្ដល់​មូលនិធិ​សម្រាប់​អភិវឌ្ឍ​ឃុំ​ដែរ ប៉ុន្តែ​ថវិកា​ក្នុង​មួយ​ឆ្នាំ​ជាង ១​ម៉ឺន​ដុល្លារ​នោះ លោក​យក​ទៅ​អភិវឌ្ឍ​តំបន់​ត្រូវ​ការ​បន្ទាន់​មុន ដូច​ជា​ធ្វើ​ផ្លូវ​ថ្នល់ និង​បញ្ហា​ផ្សេងៗ ទៀត។ ទោះបី​ជា​យ៉ាង​នេះ​ក្ដី លោក​មេ​ឃុំ​បាន​សន្យា​ថា លោក​នឹង​លើក​គម្រោង​ត​បណ្ដាញ​ទឹក​ស្អាត​ភ្ជាប់​ពី​ឃុំ​ព្រៃនប់​នៅ​ជាប់​ ផ្លូវ​ជាតិ ទៅ​ភូមិ​បែក​ក្រង់​នៅ​ពេល​ខាង​មុខ៕ ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី