ខ្មែរ​ក្រោម​ នឹង​​លើក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​កិច្ចប្រជុំ​ នៅ​អាមេរិក

សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម នឹង​លើក​យក​បញ្ហា រំលោភ​សិទ្ធិ​មនុស្ស ព្រមទាំង​បញ្ហា​ផ្សេងៗ​ទៀត នៅ​ ក្នុង​វេទិកា​អចិន្ត្រៃយ៍​ស្ដីពី​ជនជាតិ​ដើម​លើក​ទី​១០ នៅ​សហរដ្ឋ​អាមេរិក។ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​១៧ ឧសភា​ថា គេ​គ្រោង​ នឹង​ លើក​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បញ្ហា​បរិស្ថាន​ នៅ​ក្នុង​ទឹក​ដី​អតីត​កម្ពុជា ដែល​គ្រប់គ្រង​ ដោយ រដ្ឋាភិបាល​វៀតណាម​បច្ចុប្បន្ន នៅ​ក្នុង​វេទិកា អចិន្ត្រៃយ៍​ស្ដីពី​ជនជាតិ​ដើម​លើក​ទី​១០ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក (New York) សហរដ្ឋ​អាមេរិក ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៧ ឧសភា។ វេទិកា​អចិន្ត្រៃយ៍​ស្ដីពី​ជនជាតិ​ដើម​លើក​ទី​១០​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​បរិស្ថាន សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សង្គម បញ្ហា​សិទ្ធិ​មនុស្ស​ជាដើម ដែល​មាន​តំណាង​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​ជាង ១០០​ប្រទេស​នៅ​លើ​សាកលលោក​ចូល​រួម។
លោក ថាច់ ង៉ុកថាច់ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក​មក​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​តែ​ប្រឈម​អំពី​បញ្ហា​បរិស្ថាន​មិន​ស្អាត គឺ​ការ​ប្រើប្រាស់​ទឹក​ទន្លេ​នៅ​ក្នុង​ទឹក​ដី​អតីត​កម្ពុជា​ក្រោម​នៃ​វៀតណាម ភូមិ​ភាគ​កណ្ដាល​បច្ចុប្បន្ន ដែល​ពួកគេ​កំពុង​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ ក្នុង​ការ​ប្រើប្រាស់​ទឹក​ទន្លេ ក្រៅ​អំពី​ពួកគេ​កំពុង​ប្រឈម​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ពី​អាជ្ញាធរ​ វៀតណាម។
លោក ថាច់ ង៉ុកថាច់ បាន​បន្ថែម​ថា លោក​ក៏​នឹង​លើក​អំពី​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​អាជ្ញាធរ​ វៀតណាម ចាប់​ដាក់​គុក​កាល​ពី​ឆ្នាំ​២០១០ គឺ​លោក ចៅ ហេន នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ ពីព្រោះ​ថា លោក ចៅ ហេន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ធ្វើ​បាប ហើយ​សព្វថ្ងៃ​ឆ្មាំ​គុក​មិន​អនុញ្ញាត​ឲ្យ​គ្រួសារ​លោក ចៅ ហេន ចូល​ជួប​សួរ​សុខ​ទុក្ខ​ដូច​កាល​ពី​មុន​ទៀត​ទេ។
លោក ចៅ ហេន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ ខណៈ​ដែល​លោក​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ​ទៅ​ផ្ទះ​វិញ នៅ​ខែត្រ​មាត់ជ្រូក ក្រោយ​ពេល​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR នៅ​ប្រទេស​ថៃ មិន​ផ្ដល់​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​ដល់​លោក និង​ករណី​ចាប់​ខ្លួន​អ្នក​ផ្សេងៗ​ទៀ។ កាល​ពី​ថ្ងៃ​ទី​៣១ មីនា សាលា​ដំបូង​ស្រុក​ស្វាយ​ទង ខេត្ត​មាត់​ជ្រូក បាន​កាត់​ទោស​លោក ចៅ ហេន ឲ្យ​ជាប់​គុក​ចំនួន ២​ឆ្នាំ ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​បង្ក​អសន្តិ​សុខ​សង្គម។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា កន្លង​មក​បាន​បដិសេធ​ថា ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ រាល់​សកម្មភាព​បំពារបំពាន​ច្បាប់ គឺ​ត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់ ហើយ​ប្រទេស​វៀតណាម គឺ​ជា​ប្រទេស​ប្រកប​ដោយ​នីតិ​រដ្ឋ រាល់​សកម្មភាព​ណា​រំលោភ​បំពាន​ច្បាប់ នឹង​ត្រូវ​ថ្កោល​ទោស​ស្រប​ទៅ​តាម​ច្បាប់​នៃ​ប្រទេស​វៀតណាម ដែល​ស្រប​ទៅ​នឹង​អនុ​សញ្ញា​អន្តរជាតិ​ស្តី​អំពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។
លោក ថាច់ ង៉ុកថាច់ បាន​បញ្ជាក់​ថា ការ​លើក​ឡើង​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ មិន​មែន​មាន​តែ​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ទេ គឺ​មាន​ជនជាតិ​ដើម​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត ក៏​គេ​លើក​អំពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ដែល​ពួកគេ​កំពុង​ រស់​នៅ​ដែរ។
ថ្ងៃ​ទី​៤ មិថុនា ខែ​ក្រោយ​នេះ គឺ​ជា​ខួប​ទី ៦២​ឆ្នាំ ដែល​ព្រះរាជាណាចក្រ​កម្ពុជា បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម​ ហើយ​កាន់កាប់​ដោយ​វៀតណាម​វិញ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​នឹង​ធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី​៦២​នេះ នៅ​ប្រទេស​កាណាដា សហរដ្ឋអាមេរិក និង​បារាំង​ជាដើម។

ឯកសារ​ប្រវត្តិសាស្ត្រ​បាន​សរសេរ​ថា បារាំង​បាន​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ចំនួន ៦​ខែត្រ ប៉ុន្តែ​ឯកសារ​ខ្លះ​ថា មាន​ចំនួន​២១ ហើយ​ក្រោយ​មក​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន បាន​ភៀស​ខ្លួន​មក​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​កម្ពុជា​កណ្ដាល និង​ទៅ​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត៕ ប្រភព៖ វិទ្យុអាស៊ីសេរី

.