អង្គការ និងសមាគមខ្មែរកម្ពុជាក្រោមចំនួន ៩ នៅក្នុងប្រទេសកម្ពុជា គ្រោងរៀបចំខួបលើកទី ៦២ ឆ្នាំ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ចំនួន ២១ ខេត្តក្រុង នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១១ នៅក្នុងវត្តអង្គតាម៉ិញ ជាយក្រុងភ្នំពេញ នៅគ្រាដែលអាជ្ញាធរសាលាក្រុងភ្នំពេញយល់ព្រមផ្ទាល់មាត់ គ្មានលាយលក្ខអក្សរ នៅថ្ងៃទី ៩ ខែមិថុនា។ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម លោក យន្ត ថារ៉ូ និងជាតំណាងរាស្ត្រ គណបក្ស សម រង្ស៊ី មានប្រសាសន៍នៅថ្ងៃទី ៩ ខែមិថុនាថា ព្រះចៅអធិការវត្តអង្គតាម៉ិញ នៅមានការរារែកមិនចង់ឲ្យធ្វើពិធីនេះទេ ដោយសារតែគ្មានលិខិតអនុញ្ញាតជាផ្លូវការ។ គេបានរំពឹងទុកថា នឹងមានព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួនជាង ១.០០០ អង្គចូលរួម និងមានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមជិត ១.០០០ នាក់ចូលរួមក្នុងពិធីនោះ។ កាលពីថ្ងៃទី ៣ ខែមិថុនាកន្លងទៅនេះ លោក យន្ត ថារ៉ូ បានស្នើសុំអភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា រៀបចំធ្វើពិធីនេះ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១១ នៅលើសួនច្បារមុខវត្តបទុមវតី នាក្នុងទីក្រុងភ្នំពេញ ប៉ុន្តែ សាលាក្រុងភ្នំពេញ និងក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យអង្គការ និងសមាគមខ្មែរកម្ពុជាក្រោមផ្សេងទៀត រៀបចំធ្វើពិធីនេះជំនួសវិញ។ ការរំលឹកខួបលើកទី ៦២ ឆ្នាំ នៅថ្ងៃទី ១០ ខែមិថុនា ខាងមុខនេះ គឺជាការសម្ដែងការឈឺចាប់ និងសោកស្ដាយទឹកដីខ្មែរកម្ពុជាក្រោម ២១ ខេត្តក្រុង ដែលត្រូវបានអាណានិគមនិយមបារាំង កាត់ប្រគល់ឲ្យវៀតណាមគ្រប់គ្រង នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩៕ ប្រភព៖ វិទ្យុអាស៊ីសេរី