
ដោយ ផាក់ ស៊ាង លី l ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ព្រះសង្ឃនិងពលរដ្ឋខ្មែរអាចជាង ២០០នាក់នឹងជុំគ្នាធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យក្នុងរាជធានី ភ្នំពេញ នៅថ្ងៃទី២៥ មិថុនា ដើម្បីដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ និងគោរពសិទ្ធិខ្មែរកម្ពុជាក្រោម ជាម្ចាស់ទឹកដី។
លោក សឺន ជុំជួន ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោមបានឲ្យដឹងកាលពីម្សិលមិញថា លោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញបានជួបប្រជុំជាមួយនឹងសមាគមខ្មែរ កម្ពុជាក្រោមកាលពីថ្ងៃទី២១ ខែមិថុនាហើយបានអនុញ្ញាតឲ្យសមាគមខ្មែរកម្ពុជាក្រោមធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌដូនពេញនៅព្រឹកថ្ងៃទី២៥ មិថុនាស្អែកនេះ។
លោក ជុំជួន បញ្ជាក់ថា៖«យើងបានការអនុញ្ញាតឲ្យធ្វើបាតុកម្មប៉ុន្តែមិនឲ្យហែ ក្បួនដើរទៅស្ថានទូតវៀតណាមនៅកម្ពុជាដើម្បីដាក់ញត្តិទេ។ ព្រះសង្ឃនិងពលរដ្ឋជាង២០០នាក់នឹងចូលរួមបាតុកម្មដោយអហិង្សានេះ»។
លោក ជុំជួន បន្តឲ្យដឹងថា បាតុកម្មនេះធ្វើឡើងដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាមដោះលែងព្រះ សង្ឃខ្មែរក្រោមព្រះនាមលីវនី ថាច់ធឿន ព្រះជន្មជាង៣០ឆ្នាំដែលអាជ្ញាធរវៀតណាមចាប់ឃុំដោយមិនសមហេតុផល កាលពីថ្ងៃទី១៦ ខែឧសភា ហើយក៏ស្នើឲ្យបំបួសអតីតព្រះតេជគុណ លី ចិន្តា ដែលបានចាប់ផ្សឹកកាលពីថ្ងៃទី២១ ខែឧសភា នោះឡើងវិញផង។
លោក សឺន ជុំជួន បានបញ្ជាក់ដែរថា៖ «យើងក៏ស្នើដល់អាជ្ញាធរអាណានិគមវៀតណាមត្រូវតែបញ្ឈប់នូវគ្រប់ សកម្មភាពនៃការគំរាមកំហែង ការរឹតបន្តឹង តាមដាន និងឃ្លាំមើលព្រះសង្ឃខ្មែរក្រោមក្នុងវត្តអារាមនៅទូទាំងដែនដី ខ្មែរក្រោម»។
កំណត់ហេតុប្រជុំជាមួយលោកឃួង ស្រេង បញ្ជាក់ថា សាលារាជធានីនឹងចាត់តំណាងមកទទួលញត្តិនេះប្រគល់ជូនក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិដើម្បីប្រគល់ជូនស្ថានទូត សាធារណរដ្ឋសង្គមនិយមវៀតណាម។ ប៉ុន្តែមិនឲ្យដើរក្បួនឡើយដើម្បីចៀសវាងប៉ះពាល់ការកកស្ទះ ចរាចរណ៍ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងឲ្យរំសាយវិញនៅមុនម៉ោង១២ថ្ងៃត្រង់។
កំណត់ហេតុប្រជុំដដែលខាងសាលាក្រុងបានហាមមិនឲ្យយកបាតុកម្មនេះ ធ្វើសកម្មភាពបម្រើឲ្យឆន្ទៈរបស់គណបក្សនយោបាយណាមួយឬក៏វាយប្រហារ លើព្រះមហាក្សត្រ រាជរដ្ឋាភិបាល ប្រទេសជិតខាង និងឥស្សរជនជាន់ខ្ពស់ណាឡើយ។ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់និងមិនអនុញ្ញាតឲ្យធ្វើទៀតទេ នៅថ្ងៃក្រោយ៕