ខ្មែរ​ក្រោម​ត្រៀម​បាតុកម្ម​ប្រឆាំង​វៀតណាម​នៅ​ឯ​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.

ខ្មែរ​ក្រោម​នានា​ទូទាំង​សកលលោក​កំពុង​តែ​ស្ថិត​ក្នុង​ប្រទេស​ស្វ៊ីស​ ដើម្បី​ត្រៀម​រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​មន្ត្រី​តំណាង​ប្រទេស​យៀកណាម​ដែល ​នឹង​មក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ ​ប្រជាជាតិ (អ.ស.ប.) នា​ក្រុង​ហ្សឺណែវ។

ការ​ជួប​ជុំ​ក្រុម​ខ្មែរ​ក្រោម​ដែល​មាន​ប្រមាណ ៤០០​នាក់​គឺ​ស្ថិត​ក្រោម​ការ​រៀបចំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ ប្រឆាំង​នឹង​នយោបាយ​របស់​រដ្ឋាភិបាល​យៀកណាម។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​នោះ​ខ្លះ​មក​ពី​រដ្ឋ​កាលីហ្វ័រនីញ៉ា រដ្ឋ​តិចសាស់ រដ្ឋ​ហ្វ្លរីដា រដ្ឋ​ផិន​ស៊ីល​វ៉េនីញ៉ា រដ្ឋ​ញូ​ចឺស៊ី នៃ​សហរដ្ឋ​អាមេរិក មក​ពី​ប្រទេស​កាណាដា​និង​ពី​ប្រទេស​ឯ​ទៀត​នៅ​អឺរ៉ុប ដូច​ជា​អាល្លឺម៉ង់ ប្រទេស​ស្វ៊ីស ហុល្លង់ ប្រទេស​បារាំង បែលហ្ស៊ីក​។ល។ ជាដើម។

កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ដែល ​កំពុង​តែ​ធ្វើ​នេះ គឺ​ដើម្បី​ពិនិត្យ​តាមដាន​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តាម​ប្រទេស​ រៀងៗ​ខ្លួន។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ បាន​ថ្លែង​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​អង្គការ​សហ​ប្រជាជាតិ​តម្រូវ​ឲ្យ​តំណាង​ប្រទេស ​រៀង​ខ្លួនៗ​ទាំង​១៩២​ប្រទេស ធ្វើ​សេចក្តី​រាយការណ៍​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ហើយ​ដោយ​ឡែក​ចំពោះ​វៀតណាម គឺ​នឹង​តម្រូវ​ឲ្យ​ប្រទេស​នេះ​រាយការណ៍​អំពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស​នា​ រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយសារ​តែ​ប្រទេស​វៀតណាម​ជា​ប្រទេស​ហត្ថលេខី​ មួយ​នៃ​កតិកា​សញ្ញា​និង​អនុសញ្ញា​ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​ចុះ​ ហត្ថលេខា​នៅ​អង្គការ​សហ​ប្រជាជាតិ​តាំង​ពី​ឆ្នាំ​១៩៨១​នោះ​មក។

លោក ថាច់ ង៉ុកថាច់ ថ្លែង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខ្មែរ​កម្ពុជា​ក្រោម​ទាំង​អស់​ត្រៀម​នឹង​ធ្វើ​ពិធី​សាសនា​មួយ​នៅ​ឯ​ក្បែរ​ កិច្ច​ប្រជុំ​នោះ​ដើម្បី​រក​ការ​ជួយ​គាំទ្រ​ពី​អន្តរជាតិ​ប្រឆាំង​នឹង​ វៀតណាម​ដែល​គេ​បាន​ចោទ​ថា​បាន​រំលោភ​សិទ្ធិ​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​ កម្ពុជា​ក្រោម ៖ «យើង​មាន​ធ្វើ​ពិធី​បួងសួង​នៅ​មុខ​រូប​សំណាក មហាត្មា គន្ធី នៅ​ទល់​មុខ​អង្គការ​សហប្រជាជាតិ​ហ្នឹង​តែ​ម្ដង ហើយ​នៅ​ពេល​ថ្ងៃ​ហ្នឹង គឺ​ថា​ដើម្បី​ទៅ​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស ទាំង​៤៧​ប្រទេស ព្រម​ទាំង​រដ្ឋាភិបាល​ផ្សេងៗ​ពេញ​មួយ​ថ្ងៃ ថ្ងៃ​ស្អែក រហូត​ដល់​យប់​តែ​ម្ដង»។

គេ​នៅ​មិន​ទាន់​ឃើញ​សេចក្តី​ថ្លែងការណ៍​ឬ​ការ​ប្រកាស​ណា​មួយ​ពី​ប្រទេស​ វៀតណាម​ជុំវិញ​រឿង​បញ្ហា​ខ្មែរ​ក្រោម​ធ្វើការ​ជំទាស់​ប្រឆាំង​នឹង​វត្តមាន​ តំណាង​មន្ត្រី​រដ្ឋាភិបាល​ក្រុង​ហាណូយ​ក្នុង​ក្រុង​ហ្សឺណែវ​នេះ​នៅ​ឡើយ​ទេ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដដែល បាន​ថ្លែង​ទៀត​ថា នៅ​ថ្ងៃ​សុក្រ ខ្មែរ​ក្រោម​ទាំង​អស់​នឹង​ធ្វើ​បាតុកម្ម​ជំទាស់​មួយ​ទៀត​ប្រឆាំង​វៀតណាម​នៅ​ មុខ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ ៖ «គោល​បំណង​ដែល​ទាមទារ​ហ្នឹង គឺ​យើង​សំដៅ​ទៅ​លើ​មួយ​ដែល​យើង​ធំ​បំផុត គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​មាន​សិទ្ធិ​ដាច់​ដោយ​ឡែក ឯករាជ្យ​ខាង​ផ្នែក​ជំនឿ​លើ​ព្រះ​ពុទ្ធ​សាសនា​ហ្នឹង ឲ្យ​ដាច់ កុំ​ឲ្យ​នៅ​ក្រោម​រដ្ឋាភិបាល​យួន​​គ្រប់គ្រង។ ហើយ​ទី​២ គឺ​ការ​រឹប​អូស​យក​ដី​ធ្លី​របស់​បង​ប្អូន​យើង​នៅ​កម្ពុជា​ក្រោម ត្រូវ​តែ​ប្រគល់​មក​ឲ្យ​វិញ ហើយ​ទី​៣ បន្ត​បន្ទាប់ គឺ​ផ្នែក​វប្បធម៌ ផ្នែក​ខាង​សិក្សា​អប់រំ ដែល​មិន​មាន​និស្សិត​ខ្មែរ​ក្រោម​បាន​មក​រៀន​នៅ​បរទេស ដូច​ជា​កូន​ចៅ​យួន​និង​កូន​ចៅ​ជាតិ​សាសន៍​ដទៃ​ផ្សេង​ទៀត»។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នេះ​ ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​៣​សប្តាហ៍។ លោក​បាន​ថ្លែង​ថា គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ជួប​និង​ធ្វើការ​ជាមួយ​នឹង​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ​ចាប់​តាំង​ពី​ដើម​សប្ដាហ៍​នេះ​មក​ដែរ៕
អត្ថបទវិទ្យុអាស៊ីសេរី.