ខ្មែរកម្ពុជាក្រោមជាច្រើននាក់ដែលបានគេចខ្លួនពីប្រទសវៀតណាម ទៅស្វែងរកសិទ្ធិជ្រកកោននៅប្រទេសថៃ ហើយត្រូវថៃចាប់បញ្ជូនពីក្រុងបាងកកប្រគល់ឲ្យអាជ្ញាធរខ្មែរកាលពី ពេលថ្មីៗនេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងដាច់ស្បៀងនិងជួបប្រទះបញ្ហាសុខភាពនិងទីជម្រក។
ប្រធានសមាគមការពារសិទ្ធិមនុស្សកម្ពុជាក្រោម លោក អាង ចាន់រិទ្ធិ បានថ្លែងនៅល្ងាចថ្ងៃច័ន្ទថា ខ្មែរកម្ពុជាក្រោមជាង៤០នាក់ ដែលបានស្នាក់នៅបណ្តោះអាសន្ននាទីស្នាក់ការសមាគមប្រជាធិបតេយ្យ សេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធក្នុងក្រុងប៉ោយប៉ែត កំពុងខ្វះស្បៀង ហើយបានអំពាវនាវឲ្យអង្គការក្រៅរដ្ឋាភិបាលនិងសប្បុរសជននានាជួយពួក គាត់។
លោក អាង ចាន់រិទ្ធិ មានប្រសាសន៍ដូច្នេះថា ៖ «មកដល់ទីនេះ គាត់អត់មានបងប្អូន អត់មានកន្លែងស្នាក់នៅសមរម្យ ហើយសុខភាពក៏មានបញ្ហាទ្រុឌទ្រោមច្រើន ដោយសារតែគេដាក់គុកពួកគាត់២០ថ្ងៃជាងនៅប្រទេសថៃ ទើបបញ្ជូនមកដល់ស្រុកខ្មែរ ហើយទុកនៅស្រុកខ្មែរមួយថ្ងៃទៀត»។
លោក យ៉ាំង សឺន អាយុ ៤០ឆ្នាំ ក្នុងចំណោមខ្មែរក្រោមទាំងនោះ បានថ្លែងថា ៖ «ទី មួយ ខ្វះទីជម្រក ទី២ ខ្វះស្បៀងអាហារ មិនដឹងខាងណាគេជំនួយឧបត្ថម្ភទេ។ រឿងនេះវាមិនទាន់ដឹងច្បាស់លាស់ទេ ព្រោះខាងអង្គការនានាកំពុងទាក់ទង ស្វាគមន៍ទាំងអស់»។
កាលពីថ្ងៃទី៣ ខែកក្កដា ខ្មែរកម្ពុជាក្រោមចំនួន៥៦នាក់ ក្នុងនោះព្រះសង្ឃ១អង្គផង ត្រូវបានថៃចាប់បញ្ជូនមកប្រគល់ឲ្យអាជ្ញាធរខ្មែរ។
លោក អាង ចាន់រិទ្ធិ បានបញ្ជាក់ថា ក្នុងចំណោមខ្មែរក្រោមទាំង៥៦នាក់ គឺបានបែងចែកជាពីរក្រុម ១ក្រុមមានគ្នាជិត១០នាក់ និង ១ក្រុមទៀតមានគ្នាជាង ៤០នាក់ នៅដាច់ដោយឡែកពីគ្នា កំពុងស្ថិតនៅក្រោមការឃ្លាំមើលរបស់អាជ្ញាធរខ្មែរ។
លេខាធិការនៃសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ លោក ជា សុគន្ធ បានថ្លែងថា ខ្មែរក្រោមចំនួន៤៨នាក់ បានស្នាក់នៅទីស្នាក់ការសមាគម មាន៣នាក់បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ និង ៤នាក់ផ្សេងទៀត បានធ្វើដំណើរទៅផ្ទះសាច់ញាតិពួកគេក្នុងប្រទេសកម្ពុជា។
លោក ជា សុគន្ធ បន្តថា ខ្មែរក្រោមនៅសល់ចំនួន៤១នាក់ ខាងសមាគមកំពុងរៀបចំធ្វើលិខិតស្នាមដើម្បីបញ្ជូនឲ្យស្នាក់នៅឯ ផ្ទះខ្មែរក្រោមដូចគ្នាមួយក្នុងភូមិអូរឫស្សី សង្កាត់និងក្រុងប៉ោយប៉ែត ៖ «មេភូមិហ្នឹងគេចង់បានចេញពីសមាគមយើងអ៊ីចឹងជាលាយល័ក្ខណ៍អក្សរឲ្យគាត់ បានគាត់ទទួល»។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អាជ្ញាធរខ្មែរគ្រាន់តែធ្វើការស្រង់សិ្ថតិពីចំនួនប្រជាពលរដ្ឋ ខ្មែរក្រោមទាំងនោះ ហើយអនុញ្ញាតឲ្យពួកគេធ្វើដំណើរទៅតាមគោលដៅរៀងខ្លួន។
ប្រភពពីខ្មែរក្រោមឲ្យដឹងថា យ៉ាងហោចណាស់មានខ្មែរកម្ពុជាក្រោមចំនួនជាង ២០០នាក់កំពុងស្ថិតនៅក្នុងប្រទេសថៃ បន្ទាប់ពីបានរត់គេចពីប្រទេសវៀតណាម។
ប្រភពបន្តថា អាជ្ញាធរវៀតណាមបានបិទសិទ្ធិសេរីភាព បិទមិនឲ្យមានការគោរពប្រពៃណី ទំនៀមទម្លាប់ សាសនា មិនឲ្យរៀនអក្សរសាស្រ្តខ្មែរ ធ្វើទុក្ខបុកម្និញ ចាប់ដាក់គុកដោយសារតែខ្មែរក្រោមទាំងនោះ បានក្រោកឈរតវ៉ាទាមទារយកដីដូនតារបស់ពួកគេរហូតដល់មានការរត់ ភៀសខ្លួនទៅស្រុកខ្មែរនិងទៅប្រទេសថៃដើម្បីស្វែងរកសិទ្ធិជ្រកកោន នៅប្រទេសក្រៅ៕
អត្ថបទវិទ្យុអាស៊ីសេរី.