តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោមចំនួន ១១ បានដាក់ញត្តិទៅក្រសួងការបរទេសខ្មែរ និងការិយាល័យឧត្ដម ស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីទាមទារសិទ្ធិសេរីភាពពីរដ្ឋាភិបាលវៀតណាម។ លោក សឺន ជុំជួន ជានាយកកម្មវិធីនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងជាប្រធានយុវជនខ្មែរកម្ពុជាក្រោម។ លោកបានឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ថា តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោមចំនួន ១១ បានយកញត្តិដាក់នៅក្រសួងការបរទេស និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី៧ ធ្នូ ដើម្បីឲ្យស្ថាប័នទាំងពីរនេះ ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យផ្ដល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម។
សំណើនេះធ្វើឡើងស្របពេលដែលលោក ង្វៀន ភូត្រុង (Nguenyen Phu Trong) ជាអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី៦ ដល់ថ្ងៃទី៨ ធ្នូ៖ «រឿងអីដែលយើងធ្វើមិនទាន់បានយើងនៅតែធ្វើជានិច្ច យើងតាំងចិត្តត្រូវតែធ្វើ លុះណាគេទទួលញត្តិរបស់យើង។ រឿងមួយទៀតនៅក្នុងឱកាសលោកអគ្គលេខាធិការអង្គការសហប្រជាជាតិមក ទស្សនកិច្ចនៅស្រុកយើង បើសិនជាស្ថានទូតវៀតណាម ហ្នឹង ដែលមិនទទួលយកញត្តិហ្នឹង អានេះជាការរើសអើង ឬបែបណា?»។
លោក កុយ គួង ជាមន្ត្រីនាំពាក្យនៃក្រសួងការបរទេសខ្មែរ។ លោកមានប្រសាសន៍នៅថ្ងៃទី៨ ខែធ្នូ ថា លោកមិនទាន់ទទួលបានញត្តិរបស់តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅឡើយទេ។
តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម បានដាក់ញត្តិទៅក្រសួងការបរទេស និងទៅការិយាល័យឧត្ដមប្រឹក្សាទទួលបន្ទុកសិទ្ធិមនុស្ស នៅខណៈដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ធ្នូ ឆ្នាំ២០១១។
ខ្លឹមសារនៅក្នុងញត្តិនោះមានចំនួន ១២ចំណុចសំខាន់ៗ រួមមាន ស្នើសុំឲ្យរដ្ឋាភិបាលវៀតណាម ត្រូវតែបញ្ឈប់នូវរាល់ការរំលោភសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម។ សុំឲ្យរដ្ឋាភិបាលវៀតណាម ត្រូវតែបញ្ឈប់រាល់ការរឹតត្បិតអំពីការសិក្សាអប់រំ ដូចជាការហាមប្រាមមិនឲ្យសិក្សាអំពីភូមិសាស្ត្រ ប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម។ សុំឲ្យរដ្ឋាភិបាលវៀតណាម ត្រូវតែអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មានសិទ្ធិបង្កើតអង្គការសមាគមឯករាជ្យដែលមិនស្ថិតក្រោមការ គ្រប់គ្រងពីសំណាក់រដ្ឋាភិបាលវៀតណាម។ សុំឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់រាល់ការលាបពណ៌ដើម្បីចោទប្រកាន់ដាក់ទោសមកលើព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម និងបញ្ហាផ្សេងៗទៀត។
លោក សឺន ជុំជួន បានអះអាងថា ការព្យាយាមដាក់ញត្តិទៅក្រសួងការបរទេស និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិមនុស្ស និងផ្ដល់សិទ្ធិសេរីភាពជួនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនេះ នៅបន្ទាប់ពីស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានបដិសេធមិនទទួលយកញត្តិនេះចំនួនពីរលើកកាលពីខែតុលា ឆ្នាំ២០១១ កន្លងទៅ៕
ដោយ ទីន ហ្សាការីយ៉ា/RFA