គ្រួសារខែ្មរក្រោមនៅក្នុងខេត្តអានយ៉ាង ប្រទេសវៀតណាម កំពុងតែមានការព្រួយបារម្ភអំពីការរឹបយកដីធ្លីក្នុងពេលឆាប់ៗ នេះ ក្រោយពីមានការព្រមានឲ្យដឹងជាមុនពីអាជ្ញាធរវៀតណាម។
ប្រភពពីគ្រួសារខែ្មរកម្ពុជាក្រោមបានឲ្យដឹងថា អាជ្ញាធរនគរបាលវៀតណាមនៅក្នុងស្រុកទិនបៀង ខេត្តអានយ៉ាង ទឹកដីខែ្មរកម្ពុជាក្រោមនោះ បានប្រាប់ឲ្យគ្រួសារខែ្មរកម្ពុជាក្រោមចំនួនជាង៥០គ្រួសាររុះរើ ផ្ទះសម្បែងចេញពីដីធ្លីកសិកម្មពីដូនតារបស់ពួកគាត់ក្នុងរយៈពេល ២ ឬ ៣ថៃ្ងខាងមុខនេះ ដើម្បីប្រគល់ដីធ្លីនោះឲ្យទៅអាជ្ញាធរ បើមិនដូច្នោះទេគេនឹងប្រើប្រាស់គ្រឿងចក្រមកឈូសដោយខ្លួនឯង។
ក្រុមអាជ្ញាធរនគរបាលមូលដ្ឋាននោះបានដើរមកប្រាប់គ្រួសារទាំងនោះ កាលពីយប់ថៃ្ងសុក្រថ្មីៗនេះ ថា ពួកគេមានគម្រោងការឈូសដំណាំដំឡូងមីនិងស្រូវពង្រោះ នាពេលខាងមុខឆាប់ៗនេះផងដែរ។
ពលរដ្ឋខែ្មរកម្ពុជាក្រោមក្នុងចំណោមគ្រួសារជាង៥០គ្រួសារ នៅក្នុងភូមិពោធី ឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង ប្រទេសវៀតណាម បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា គ្រួសាររងគ្រោះកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលនេះ ៖ «កំពុងតែរងគ្រោះវេទនាយ៉ាងខ្លាំងសព្វថ្ងៃ។ ដីមួយចំនួនយកបានហ្នឹង ឥឡូវខាងនគរបាលគេទៅគំរាមឲ្យយើងចេញ មិនឲ្យយើងធ្វើទេ។ ស្អែកនេះ ស្អែកមួយអី គេថា នឹងយកឡានទៅឈូសដំឡូង ឈូសស្រូវយើងចោលហើយ មួយចំនួនបានព្រោះស្រូវ មួយចំនួនដីចម្ការដាំដំឡូងមី។ រឿងផ្ទះសម្បែងគេថា តែមិនរុះ គេរុះ! គេឲ្យទាហានគេមករុះចោល!»។
ពលរដ្ឋខែ្មរកម្ពុជាក្រោមម្នាក់ទៀតបានថ្លែងថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហានេះ ៖ «ខ្លាច គេមិនសង រឿងដីខ្ញុំហ្នឹងច្រើន ២ហិកតាដែរ! ពីព្រោះថា ខ្ញុំមិនសុខចិត្តទេ តែបាត់បង់ដីជីដូនជីតា កេរអាកររបស់ជីដូនជីតាហ្នឹង ខ្ញុំថា ខ្ញុំនៅតែតវ៉ាឡើងអ៊ីចឹង»។
សុខ សេរី ៖ អ៊ីចឹងលោកទាមទារឲ្យមានសំណង? ពលរដ្ឋខ្មែរកម្ពុជាក្រោម ៖ ឲ្យតែសងខ្ញុំមក ខ្ញុំសុខចិត្តហើយ។ បើថាមិនសង ខ្ញុំនៅតែឈឺចាប់រហូតអ៊ីចឹង។
ទាក់ទងនឹងបញ្ហាខាងលើនេះ ព្រះភិក្ខុសង្ឃ ថាច់ សូវី ជាអ្នកនាំពាក្យនៃសហព័ន្ធខែ្មរកម្ពុជាក្រោមពិភពលោក ប្រចាំនៅក្នុងប្រទេសកម្ពុជា បានមានថេរដីកាថា ៖ «អាត្មាមានការ ព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះថា បច្ចុប្បន្នកាលនេះឃើញថា វៀតណាមមិនមានការគោរពសិទ្ធិប្រជាពលរដ្ឋខ្មែរជនជាតិដើមទាល់តែសោះ ទេ ទោះបីអង្គការសហប្រជាជាតិបានស្រែកយ៉ាងណាក៏ដោយ ក៏គេនៅមានទំនើងចិត្តហ្នឹង គឺថា ធ្វើដោយអត្តនោម័តិ ពិសេសគឺខេត្តឃ្លាំងនិងខេត្តមាត់ជ្រូក អានេះដែលយើងទទួលរងគ្រោះធ្ងន់ធ្ងរបំផុត»។
នៅមិនទាន់មានសេចក្តីប្រតិកម្មនៅទ្បើយទេពីមន្រ្តីស្ថានទូត វៀតណាមនៅក្នុងប្រទេសកម្ពុជា និងអាជ្ញាធរមូលដ្ឋានវៀតណាម ដើម្បីសុំការបញ្ជាក់ជុំវិញរឿងនេះ។
ប្រភពពីគ្រួសារខែ្មរកម្ពុជាក្រោមដែលកំពុងតែប្រឈមមុខនឹងការ បាត់បង់ដីធ្លីកសិកម្ម បានអះអាងថា អាជ្ញាធរវៀតណាមនៅទីនោះបានត្រៀមគ្រឿងចក្រចំនួន ២គ្រឿងរួចហើយនៅពេលនេះ ដើម្បីរង់ចាំធ្វើសកម្មភាពកាយដី ចំណែកឯគ្រួសាររងគ្រោះកំពុងតែត្រៀមខ្លួនផងដែរក្នុងការរារាំង សកម្មភាពនោះ។
គ្រួសាររងគ្រោះទាំងនោះគឺមានចំនួនប្រមាណជាង ៥០គ្រួសារ និងដីស្រែកសិកម្មចំនួនប្រមាណជាង ១០០ហិកតា កំពុងតែរងការរឹបយកដោយក្រុមហ៊ុនឯកជនមួយ ឈ្មោះ អានយ៉ាង ដែលត្រូវការដីកសិកម្មនោះដើម្បីកសាងផ្លូវថ្នល់ឆ្លងកាត់ ដោយគ្មានសំណងអ្វីទេចំពោះគ្រួសាររងគ្រោះទាំងនោះ៕
ប្រភពពីវិទ្យុអាស៊ីសេរី.