ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមជាង៣០០នាក់ បានរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្សលើកទី៦១ នៅថៃ្ង១០ ធ្នូនេះ ដោយស្ងាត់ស្ងៀម នៅក្នុងបរិវេណគេហដ្ឋានរបស់តំណាងរាស្រ្តគណបក្សសមរង្ស៊ី គឺលោក យន្ត ថារ៉ូ ដើម្បីទាមទារសិទ្ធិមនុស្សរបស់ខែ្មរកម្ពុជាក្រោមនៅលើទឹកដីខែ្មរ កម្ពុជាក្រោម។
លោក ថាច់ សេដ្ឋា ជាប្រធានសហគមន៍ខែ្មរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា យើងចង់បង្ហាញថា គ្រួសារខែ្មរកម្ពុជាក្រោមត្រូវការឲ្យមានការគោរពសិទ្ធិមនុស្ស ហើយយើងចង់ឲ្យរដ្ឋាភិបាលកម្ពុជាផ្តោតការយកចិត្តទុក្ខដាក់ចំពោះ ខ្មែរកម្ពុជាក្រោម ដែលបានភៀសខ្លួននិងកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ភាពស្របច្បាប់នានា ដើម្បីឲ្យពួកគាត់ងាយស្រួលក្នុងការរកការងារធ្វើ។
ពិធីនោះបានធ្វើទ្បើងនៅក្នុងផ្ទះ នៅគ្រាដែលការស្នើសុំរៀបចំពិធីនោះនៅក្នុងរមណីយដ្ឋានមួយនៅក្នុង រាជធានីភ្នំពេញ មិនត្រូវបានឆ្លើយតបទាន់ពេលវេលាពីអាជ្ញាធរ។
មានតំណាងរាស្រ្តគណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្ស គ្រួសារខែ្មរកម្ពុជាក្រោមនិងមន្រ្តីអាជ្ញាធរមូលដ្ឋានដើមកំណើត ខែ្មរកម្ពុជាក្រោមមួយចំនួនបានចូលរួមផងដែរ៕
ប្រភពពីវិទ្យុអាស៊ីសេរី.