ខ្មែរ​ក្រោម​គ្រោង​ធ្វើ​បុណ្យ​រំឭក​ដល់​ខ្មែរ​ដែល​ស្លាប់​ដោយ​ខ្មែរ​ក្រហម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​នឹង​រៀបចំ​ពិធី​បុណ្យ​បង្សុកូល​នៅ​ រដ្ឋ​កាលីហ្វូនីញ៉ា​សហរដ្ឋ​អាមេរិក​ដើម្បី​រំឭក​និង​ចងចាំ​នូវ​ ប្រវត្តិសាស្រ្ត​ដ៏​ជូរ​ចត់​របស់​ជន​រួម​ជាតិ​ខ្មែរ​ដែល​ស្លាប់​អស់​ជិត ២​លាន​នាក់ កាល​ពី​សម័យ​ខ្មែរ​ក្រហម​ក្តោប​ក្តាប់​កម្ពុជា​នា​ពាក់​កណ្តាល​ទសវត្សរ៍​ ១៩៧០។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ពិធី​បុណ្យ​នោះ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​ឧសភា​នេះ នៅ​ឯ​វត្ត​ខេមរ​រង្សី នៅ​ទីក្រុង​សេន​ហ៊ូស្សេ នៃ​រដ្ឋកាលីហ្វូនីញ៉ា ដោយ​មាន​ទាំង​កិច្ច​ពិភាក្សា​ពិសេស​ផង។

កម្ម​ពិធី​បុណ្យ​រួម​មាន និមន្ត​ព្រះសង្ឃ​ដារ​បង្សុកូល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ក្នុង​របប ​ខ្មែរ​ក្រហម​និង​មាន​សេចក្តី​ថ្លែងការណ៍​អំពី​បញ្ហា​ខ្មែរ​ក្រហម​ដោយ​ បណ្ឌិត​សាស្រ្តាចារ្យ​ល្បី​ឈ្មោះ​មួយ​រូប​មក​ពី​សកល​វិទ្យាល័យ ស្តែនហ្វត មាន​កិច្ច​ពិភាក្សា​អំពី​សោកនាដ​កម្ម​ខ្មែរ​ក្រហម មាន​សំណួរ​ចម្លើយ​ពី​បញ្ហា​ខ្មែរ​ក្រហម​និង​មាន​សេចក្តី​ថ្លែងការណ៍​អំពី​ កិច្ច​ប្រជុំ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​ អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា​សប្តាហ៍​មុន​នេះ។

លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង ​បន្ថែម​កាល​ពី​ពេល​ថ្មីៗ​នេះ​អំពី​កិច្ច​ពិភាក្សា​ពិសេស​ក្នុង​ឱកាស​រៀបចំ​ ពិធី​បុណ្យ​បង្សុកូល​នា​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ៖ «ខ្ញុំ​នឹង​ ជម្រាប​ជូន​នូវ​ផែនការ​និង​សកម្មភាព​របស់​សហព័ន្ធ​កន្លង​មក និង​ផែនការ​ទៅ​ខាង​មុខ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ? ហើយ​ឲ្យ​គាត់​បាន​យល់​ថា កម្មវិធី​ការ​តស៊ូ​អហិង្សា​ហ្នឹង​មាន​ឥទ្ធិពល មាន​ផល​ប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​ខ្មែរ​កម្ពុជា​ក្រោម។ ទី​២​ទៀត គោល​បំណង​ធំៗ គឺ​ទៅ​ពិគ្រោះ​គ្នា​អំពី​បញ្ហា​ខ្មែរ​ក្រោម​ដែល​ទទួល​រង​គ្រោះ​ជំនាន់​ខ្មែរ ​ក្រហម​ចូល​សម្លាប់​ទាំង​គ្រួសារៗ ហើយ​យើង​ខ្ញុំ​នឹង​ជួប​បណ្ឌិត ហើយ​និង​អយ្យកា​ជន​បរទេស​មួយ​ចំនួន​ដែល​ចង់​ដឹង​រឿង​នេះ​ដែរ ដើម្បី​ឲ្យ​គាត់​ជួយ​យ៉ាង​ណា​ឲ្យ​បញ្ហា​ខ្មែរ​ក្រោម​ដែល​ត្រូវ​សម្លាប់​នៅ​ ក្នុង​ជំនាន់​ប៉ុល​ពត​ហ្នឹង​ឲ្យ​បាន​ចូល​ទៅ​ក្នុង​តុលាការ​កាត់​ទោស​ខ្មែរ​ ក្រហម​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។

លោក ថាច់ ង៉ុកថាច់ បញ្ជាក់​ថា មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​រាប់​ពាន់​គ្រួសារ ដែល​រង​ទារុណ​កម្ម​និង​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​សម្លាប់​នៅ​ទូទាំង​ កម្ពុជា កាល​ពី​សម័យ​ខ្មែរ​ក្រហម​នោះ៕
អត្ថបទវិទ្យុអាស៊ីសេរី.