ខ្មែរ​ក្រោម​ខ្លះ ​ដែល​បរាជ័យ​ក្នុង​ការ​ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​ជួយ​បាន​បក​ក្រោយ​ ទៅ​ប្រទេស​សៀម​វិញ

យ៉ាង​ហោច​ណាស់​មាន​ខ្មែរ​ក្រោម​ ៣​នាក់​ក្នុង​ចំណោម​ ៧នាក់ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​សៀម​ចាប់​បញ្ជូន​ឲ្យ​វិល ត្រឡប់​មក​កាន់​កម្ពុជា​វិញ​ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ពួក​ គេ​ បាន​វិល​ត្រឡប់​ចូល​ទៅ​ក្នុង​ប្រទេស​សៀម​វិញ ហើយ​​ កាល​ពី​ថ្ងៃ​ចន្ទ​បន្ទាប់​ពី​ពួក​គេ​បាន​ព្យាយាម​សុំ​ អន្តរាគមន៍​ ពី​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​ផ្ដល់​អត្តសញ្ញាណ​​ ដល់​ពួក​គេ​ពុំ​បាន​សម្រេច។ លោក ជា ​សុគន្ធ​​ អគ្គលេខាធិការ​សមាគម​ប្រជាធិបតេយ្យ​ និង​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រ​ចាំ​ខេត្ដ​បន្ទាយ​មានជ័យ​ជាទី ដែល​ស្នាក់​ការ​របស់​សមាគម​នេះ បាន​ទទួល​យក​ខ្មែរ​ក្រោម​ទាំង​ ៧នាក់​ឲ្យ​​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​កាល ពី​សប្ដាហ៏​មុន​បាន​ថ្លែង​ប្រាប់​កាសែត​ក្នុង​ស្រុក​មួយ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា”ពួក​គេ​​​បាន​ចាកចេញ​កាល​ពី​ថ្ងៃចន្ទ​ហើយ​ពួក​គេ​ ៣​នាក់​បាន​ត្រឡប់​ទៅ​ធ្វើការ​ នៅ​ប្រទេស​ថៃ​ ៣នាក់​ទៀត​បាន​មក​ធ្វើការ​ នៅ​ភ្នំពេញ​និង​ម្នាក់​ធ្វើ​ដំណើរ​ទៅកាន់​ប៉ៃលិន”។

ការ​ចាកចេញ​គឺ​បន្ទាប់​ពី​ពួកគេ​បាន​ព្យាយាម​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​ អត្តសញ្ញាណប័ណ្ណ​​សញ្ជាតិ​ខ្មែរ​ដល់​ពួក​គេ​មិន​បាន​សម្រេច។អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​របស់​ពួក​គេ​ក្នុង​ការ​ដើរ​ហើរ​និង​ស្វែង​រក​ការងារ​ធ្វើ​ចិញ្ចឹមជីវិត​ក្នុង​ប្រទេស​កម្ពុជា។

ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ត្រូវ​បាន​អាជ្ញាធរ​សៀម​ចាប់​បញ្ជូន​ខ្លូន​មក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តជាតិ​ប៉ោយ​ប៉ែត​កាល​ពី​សប្ដាហ៏​មុន​នេះ គឺ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​បដិសេធ​មិន​ផ្ដល់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ដោយ​ឧត្ដម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ដែល​ប្រចាំការ​នៅ​បាងកក។

ទោះ​បី​ជា​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​បាន​ទទួល​ស្គាល់​ពី​សិទ្ធិ​ខ្មែរ​ក្រោម​ថា មាន​សិទ្ធិ​ពេញ​លេញ​ដូចគ្នា​ទៅ​នឹង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​កំពុង​រស់​នៅ​លើ​ទឹកដី​កម្ពុជា​នេះ​ក្ដី ក៏​គេ​កត់​សម្គាល់​ឃើញ​ថា ជា​រឿយៗ​អាជ្ញាធរ​ខ្មែរ​នៃ​របប ហ៊ុន​ សែន​ តែង​តែ​បង្ហាញ​ឥរិយាបថ​ព្រងើយ​កន្តើយ​ខណៈ​ដែល​ក្រុម​អ្នក​មាន​វិបត្ដិ​ខ្មែរ​ក្រោម​អំពាវ​នាវ​ឲ្យ​ជួយ។ ហើយ​មាន​ខ្មែរ​ក្រោម​ខ្លះ​ដែល​ទទូល​រក​ការ​ធ្វើ​ទុក្ខ​បុក​ម្និញ​ពី​សំណាក់​រដ្ឋាភិបាល​យួន ហើយ​ពឹង​ខ្មែរ​ឲ្យ​ជួយ​បែរ​ជា​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ឲ្យ​យួន​ដាក់​គុក​ទៀត​ផង៕ ប្រភពព័ត៌មាន៖ សារព័ត៌មានសេរី

.