ថ្ងៃច័ន្ទ, 28 ខែមិថុនា 2010 ដោយអ្នកស្រី ខែ សុណង វិទ្យុ អាស៊ីសេរី ភ្នំពេញ
ពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន ១៧គ្រួសារ រស់នៅខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសវៀតណាម បាននាំគ្នាទៅតវ៉ាបញ្ហាដីធ្លីរបស់ខ្លួន នៅការិយាល័យគណៈកម្មាធិការជនជាតិ និងតំបន់ភ្នំប្រទេសវៀតណាម ដែលរដ្ឋាភិបាលយកធ្វើសហករណ៍ក្នុងរង្វង់ឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៨៥ ហើយបានប្រគល់ឲ្យអ្នកផ្សេងទៅវិញ។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់អ្នកស្រី ខែ សុណង វិទ្យុអាស៊ីសេរី ភ្នំពេញ
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន ១៧នាក់ តំណាងឲ្យ ១៧គ្រួសារ រស់នៅខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម នៅព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមិថុនា បាននាំគ្នាទៅតវ៉ានៅក្រុងគិនធើ ឬព្រែកឫស្សី ប្រទេសវៀតណាម ដើម្បីសុំឲ្យអាជ្ញាធរវៀតណាមដោះស្រាយបញ្ហាដីធ្លីឲ្យពួកគេវិញ។
ស្ត្រីខ្មែរកម្ពុជាក្រោមម្នាក់ ក្នុងចំណោមអ្នកតវ៉ា ១៧នាក់ ដែលសុំឲ្យវិទ្យុអាស៊ីសេរីកុំបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ពួកគាត់ជាអ្នកស្រុកបឹងអន្សា ខេត្តឃ្លាំង បាននាំគ្នាឡើងមកតវ៉ាសុំឲ្យអាជ្ញាធរប្រទេសវៀតណាម នៅការិយាល័យគណៈកម្មាធិការជនជាតិ និងតំបន់ភ្នំ ប្រចាំក្រុងគិនធើ ឬព្រែកឫស្សី ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ១គ្រួសារ ៣ទៅ ៤ហិកតារ ដែលរដ្ឋាភិបាលវៀតណាមយកធ្វើសហករណ៍ក្នុងរង្វង់ឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៨៥។ ស្ត្រីរូបនេះបន្តថា នៅក្រោយឆ្នាំ១៩៨៥ សហករណ៍បានរំសាយ រដ្ឋាភិបាលវៀតណាមមិនបានប្រគល់ឲ្យពួកគេវិញឡើយ ហើយបានប្រគល់ឲ្យអ្នកផ្សេង។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលពួកគាត់តវ៉ាខ្លាំង អាជ្ញាធរមិនបាននៅដោះស្រាយឲ្យពួកគាត់ឡើយ ហើយបែរជាមានក្រុមជនពាលទៅគំរាមកំហែងពួកគាត់ទៅវិញ។
«រឿងដីធ្លីហ្នឹងណា៎ គេមកកាប់សម្លាប់ដល់ផ្ទះ ពីឆ្នាំ៩១ មកឥឡូវវាចែកឲ្យគ្នាវាធ្វើហើយ វាមិនព្រមជំនុំឲ្យ ហើយឥឡូវវាធ្វើបាប វាធ្វើហួសហើយ ឆ្នាំ ៩០គត់ម្ល៉េះ វាចុះយកដីទឹកហ្នឹង វាមិនព្រមសង ឲ្យមកជួយផងឥឡូវ ខ្ញុំកំពុងពិបាកវេទនា វាគ្មានជួយអីទាំងអស់»។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងទៅមន្ត្រីស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដើម្បីបំភ្លឺជុំវិញបញ្ហានេះ ក៏ប៉ុន្តែពុំមានអ្នកទទួលទូរស័ព្ទ។
អ្នកនាំពាក្យសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ព្រះភិក្ខុ ព្រះនាម ថាច់ សុវី មានព្រះថេរៈដីកាថា ការតវ៉ារបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម បានអូសបន្លាយតាំងពីឆ្នាំ២០០០ មកម្ល៉េះ ពុំមានការ ដោះស្រាយជូនប្រជាពលរដ្ឋឡើយ ហើយរដ្ឋាភិបាលវៀតណាមបានចាប់ខ្លួនតំណាងពលរដ្ឋដាក់ពន្ធនាគារថែមទៀត ដែលជាហេតុធ្វើឲ្យពលរដ្ឋខ្មែរកម្ពុជាក្រោម មានការរុញរា មិនហ៊ានធ្វើការតវ៉ា។
«ដែលគាត់ចេញច្បាប់រដ្ឋធម្មនុញ្ញមាត្រទី ៦៧នោះទេ គាត់ថាយើងតវ៉ា ដើម្បីឆ្លៀតឱកាសធ្វើនយោបាយ អ៊ីចឹងហើយអាត្មាភាពក្នុងនាមអ្នកនាំពាក្យសហព័ន្ធខ្មែរកម្ពុជា ក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា អាត្មាសុំបដិសេធន៍ ពីព្រោះថា សហព័ន្ធពុំមានដឹកនាំ ឲ្យបងប្អូនទៅតវ៉ាទេ នេះដោយការភ្ញាក់រលឹករបស់បងប្អូន អត់ឃ្លានស៊ីគាត់ឈឺចិត្ត ប៉ុន្តែរដ្ឋាភិបាលយួននៅតែចោទដើម្បីយកលេសនយោបាយដើម្បីបង្ខិត ឬគំរាមបងប្អូនកុំឲ្យចេញតវ៉ាបាន»។
ប្រភពពីអ្នកតវ៉ាបានឲ្យដឹងទៀតថា ពួកគាត់បានត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមន្ត្រីការិយាល័យគណៈកម្មាធិការជនជាតិ និងតំបន់ភ្នំ ប្រចាំក្រុងគិនធើ ឬព្រែកឫស្សី បានបដិសេធន៍ថា ពុំមានមន្ត្រីធ្វើការឡើយ។
មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពបានឲ្យដឹងថា កន្លងមកពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលចូលរួមតវ៉ានោះ ចំនួន៤ខេត្ត គឺខេត្តមាត់ជ្រូក ខេត្តឃ្លាំង ខេត្តព្រះត្រពាំង និងខេត្តក្រមួនស អតីតទឹកដីខ្មែរកម្ពុជា ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសវៀតណាម សរុបប្រមាណជា ៥០០គ្រួសារ បានរួមគ្នាតវ៉ាពីបញ្ហាដីធ្លីនេះ។ បន្ទាប់មកនៅដើមឆ្នាំ២០០៩ ក៏មានការចាប់ខ្លួនពលរដ្ឋម្នាក់ដាក់ពន្ធនាគារ រីឯសកម្មភាពនៃការតវ៉ា ក៏បានថមថយរហូតមកដល់ថ្ងៃនេះ៕