ខ្មែរ​កម្ពុជា​ក្រោម​ប្រតិកម្ម​នឹង​ការ​ចោទ​ប្រកាន់​របស់​ក្រុង​ហាណូយ

ថ្ងៃសុក្រ, 06 ខែសីហា 2010 ដោយលោក វោហារជាតិ វិទ្យុ អាស៊ីសេរី ភ្នំពេញ

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នានា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​៥ សីហា ប្រតិកម្ម​ទៅ ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​មេ​ដឹក​នាំ​សន្តិសុខ​វៀតណាម។ សមាគម​ខ្មែរ​ក្រោម​ចំនួន​៧ ដែល​មាន​ចុះ​ហត្ថលេខា​ថ្នាក់​ដឹកនាំ​សមាគម​ផង​នោះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​៥ សីហា​នេះ ឆ្លើយ​តប​ទៅ លោក ត្រឹង ដាយ​ខ្វាង អនុ​រដ្ឋមន្ត្រី ក្រសួង​សន្តិសុខ​សាធារណ​ប្រទេស​វៀតណាម ដែល​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​បង្ក្រាប​ក្រុម​ខ្មែរ​ កម្ពុជា​ក្រោម​នោះ បាន​អះ​អាង​ថា វៀតណាម​ធ្វើ​ដូច្នេះ​គឺ​ជា​រំលោភ​អធិបតីភាព​កម្ពុជា​ទាំង​ស្រុង និង​ជា​ការ​គំរាម​បំបាក់​ស្មារតី ព្រមទាំង​បំបិទ​សិទ្ធិ​សេរីភាព​ខ្មែរ​កម្ពុជា​ក្រោម។ព្រះ​សង្ឃ ចៅ សុផាត ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​ នោះ​ក្នុង​ចំណោម​សមាគម​ដទៃ​ទៀត ឆ្លើយ​តប​ទៅ​នឹង​មេ​ដឹក​នាំ​វៀតណាម  មាន​សង្ឃ​ដីកា សកម្មភាព​ខ្មែរ​កម្ពុជា​បាន​ធ្វើ​កន្លង​មក​មិន​បាន​ប្រឆាំង​បទេស​វៀតណាម​ទេ​ គឺ​គ្រាន់​តែ​ជា​សកម្ម​ភាព​ទាមទារ​សិទ្ធិ​សេរីភាព​ពី​អាជ្ញាធរ​វៀត​ណាម​ដែល​ កៀប​សង្កត់​សិទ្ធិ​សេរីភាព​ខ្មែរ​កម្ពុជា​ក្រោម​តែ​ប៉ុណ្ណោះ ខ្មែរ​កម្ពុជា​ក្រោម​មិន​មាន​អំណាច​យោធា​ណា​អាច​ផ្ដួល​រំលំ​រដ្ឋាភិបាល​ វៀតណាម​បាន​ទេ ៖
សូមចុចស្តាប់សេចក្តីរាយការណ៍របស់លោក វោហារជាតិ វិទ្យុអាស៊ីសេរី ភ្នំពេញ
«ទី​មួយ​ការ​ស្នើ​អ៊ីចឹង​យើង​គិត​ឃើញ​ថា​ជា​ការ​រំលោភ​ មក​លើ​អធិបតីភាព​ព្រះ​រាជាណាចក្រ​កម្ពុជា។ យើង​ចង់​និយាយ​ថា យើង​ធ្វើ​មិនមែន​យើង​ចង់​ប្រឆាំង​ទេ យើង​ធ្វើ​ក្នុង​តួនាទី​ជា​ខ្មែរ បាត់​បង់​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ យើង​គ្រាន់​តែ​និយាយ​នូវ​អ្វី​ដែល​ជា​រឿង​ពិត​តើ។ អីចឹង ដល់​ពេល​គេ​ចោទ​ប្រកាន់​មក​លើ​យើង​អ៊ីចឹង យើង​ត្រូវ​តែ​ប្រតិកម្ម​ទៅ​វិញ ថា​អ្វី​ដែល​គេ​ចោទ​ប្រកាន់​នោះ​ដូច​ជា​ជ្រុល​ហួស​មក​លើ​ខ្មែរ​ក្រោម​ពេក​»

និស្សិត​សង្ឃ​កម្ពុជា​ក្រោម​មួយ​អង្គ​មាន​សង្ឃដីកា​មិន​បង្ហាញ​ អត្តសញ្ញាណ ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​ស្នាក់​នៅ និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បាន​គេ​រំលោភ​បំពាន​សិទ្ធិ​ សេរីភាព ឬ​មាន​អំពើ​ហិង្សា​ផ្សេងៗ​កើតឡើង​បើ​សិន​ជា​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម ​សំណើ​របស់​មេដឹកនាំ​ប្រទេស​វៀតណាម​មែន​នោះ ៖ «រឿង​នឹង​គឺ​ជា​រឿង​ដែល​គេ ​លើក​ឡើង​ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​និង​ក្រសួង​មហាផ្ទៃ​យល់​ច្រឡំ​ ជាមួយ​បង​ប្អូន​កម្ពុជា​ក្រោម​។ គឺ​ជា​រឿង​បំបែក​បំបាក់​ខ្មែរ​នៅ​កម្ពុជា និង​ខ្មែរ​ក្រោម។ អ៊ីចឹង​ខ្មែរ​ក្រោម​មាន​កំហឹង​ជា​មួយ​ខ្មែរ​នៅ​កម្ពុជា​រឿង​នេះ​ធ្វើ​ឲ្យ​ ខ្មែរ​ទាំង​ពីរ មើល​មុខ​គ្នា​មិន​ចំ មិន​ចុះ​សម្រុង​គ្នា ហើយ​ភាគ​ច្រើន​គេ​តែង​តែ​រក​មធ្យោបាយ​ឲ្យ​ខ្មែរ​នៅ​កម្ពុជា និង​ខ្មែរ​ក្រោម​បែក​បាក់​គ្នារ​ហូត»

សមាគម​ទាំង​៧​នោះ​មាន មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម សម្ព័ន្ធ​សមណ​និស្សិត និស្សិត​ខ្មែរ​កម្ពុជា​ក្រោម សមាគម​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម មូលនិធិ​ខ្មែរ​សម្រាប់​ជន​ក្រីក្រ និង​សមាគម​នារី​ខ្មែរ​កម្ពុជា​ក្រោម។

សូម​រំលឹក​ថា លោក ត្រឹង ដាយ​ខ្វាង អនុ​រដ្ឋមន្ត្រី ក្រសួង​សន្តិសុខ​សាធារណ​ប្រទេស​វៀតណាម បាន​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​ទប់​ស្កាត់ និង​រារាំង​ក្រុម​ខ្មែរ​កម្ពុជា​ក្រោម​ដែល​លោក​អះអាង​នៅ​ក្នុង​កិច្ចប្រជុំ​ ស្ដី​អំពី​ការ​កសាង​សន្តិភាព​និង​មិត្តភាព​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​លើក​ ទី​៦ នៅ​សណ្ឋាគារ​ហិន​ធើ​ខុន​ធី​ណន​ថល ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី៣ សីហា​កន្លង​ទៅ ដែល​លោក ត្រឹង ដាយ​ខ្វាង បញ្ជាក់​ថា ក្រុម​ខ្មែរ​កម្ពុជា​ក្រោម​ដែល​លោក​បញ្ជាក់​ជា​អក្សរ​កាត់​ថា​ក្រុម KKK កំពុង​បំបែក​បំបាក់​ទំនាក់​ទំនង​កម្ពុជា​វៀតណាម​បច្ចុប្បន្ន​ដែល​កំពុង​តែ​ ល្អូក​ល្អិន​ជា​មួយ​គ្នា។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ឧត្ដម​សេនីយ៍​ផ្កាយ​៤ នេត សា​វឿន អគ្គ​ស្នងការ​នគរបាល​ជាតិ​ប្រទេស​កម្ពុជា បាន​ថ្លែង​ថា កន្លង​មក​ប្រទេស​ទាំង​ពីរ កម្ពុជា-វៀតណាម​បាន​សហការ​គ្នា​កសាង​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម​បាន​ជោគ​ ជ័យ​ធំធេង ពី​ក្រុម​ដែល​លោក​ថា អមិត្ត​ដែល​ប៉ុនប៉ង​បំផ្លាញ​ចំណង​សាមគ្គីភាព​នៃ​ប្រទេស​ទាំង​ពីរ។ ចំណែក លោក ខៀវ សុ​ភ័គ្រ អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ថា ការ​ប៉ុន​ប៉ង​យក​ទឹក​ដី​កម្ពុជា​ក្រោម​មក​វិញ គឺ​ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ​ខ្មែរ​បច្ចុប្បន្ន។

លោក ត្រឹង ដាយ​ខ្វាង ថ្លែង​ថា លោក​ចង់​កាត់​បន្ថយ​ដល់​កម្រិត​អតិបរមា​នៃ​សកម្មភាព​បំផ្លិច​បំផ្លាញ​ ប្រឆាំង​របស់​ពួក​ក្រុម​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម ឬ KKK។ ទប់​ស្កាត់​រាល់​សកម្មភាព​កេង​ចំណេញ ការ​ជួល​វិទ្យុ​ជាតិ និង​វិទ្យុ​ឯកជន​កម្ពុជា ក្នុង​គោល​បំណង​ឃោសនា​ប្រឆាំង​នឹង​វៀតណាម និង​ទំនាក់​ទំនង​ប្រពៃណី សម្ព័ន្ធ​ភាព​រវាង​ប្រទេស​ទាំង​ពីរ។

ឆ្លើយ​តប​ទៅ​នឹង​សម្ដី​មេ​ដឹក​នាំ​វៀតណាម​រូប​នោះ​លោក យិន ថារ៉ូ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម ថ្លែង​ថា ការ​ផ្សព្វ​ផ្សាយ​អំពី​ខ្មែរ​កម្ពុជា​ក្រោម​តាម​វិទ្យុ នៅ​លើ​ទឹក​ដី​កម្ពុជា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​នយោបាយ​ប្រឆាំង​វៀតណាម​ទេ គ្រាន់​តែ​ចង់​រក្សា​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​បាត់​បង់​តែ​ ប៉ុណ្ណោះ ៖ «វៀតណាម​នៅ​ស្រុក​ខ្មែរ គេ​មាន​វិទ្យុ​វៀត​ណាម​ពាស​ពេញ​កន្លែង​ទាំង​អស់ មាន​សារព័ត៌មាន​វៀតណាម មាន​ទាំង​សាលា​រៀន​ទាំង​វត្ត​វៀតណាម​នៅ​ពេញ​ទឹក​ពេញ​ដី​ស្រុក​ខ្មែរ​ផង។ តែ​ត្រង់​ខ្មែរ​កម្ពុជា​ក្រោម ផ្សព្វ​ផ្សាយ​វិទ្យុ ហើយ​ជួល​វិទ្យុ​ឯកជន បាន​តែ​ប៉ុន្មាន​ម៉ោង រក​លុយ​ជួល​មិន​បាន​ផង បែរ​ជា​វៀតណាម​មាន​គំនិត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បិទ​សកម្មភាព​សមាគម​ខ្មែរ​ កម្ពុជាក្រោម។ នេះ​ជា​បញ្ហា​មួយ​ដែល​យើង​ទាំង​អស់​គ្នា​សោក​ស្ដាយ និង​ក្ដុកក្ដួល​អារម្មណ៍​មែន​ទែន ដោយ​សារ​រឿង​ខ្មែរ​សោះ បែរ​ជា​វៀតណាម​មក​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា​ធ្ងន់ធ្ងរ​ជា​ទី ​បំផុត»

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រកាស​ថា ខ្មែរ​ក្រោម​មិន​មាន​កម្លាំង​យោធា​ណា​អាច​ផ្ដួល​រំលំ​រដ្ឋាភិបាល​វៀតណាម​បាន ​ទេ ហើយ​ខ្មែរ​កម្ពុជា​ក្រោម​មិន​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​វៀតណាម​ម្ដង​ ណា​ឡើយ ហើយ​សូម្បី​តែ​យល់​សប្ត​ដូច្នេះ​ក៏​មិន​ដែល​ផង ព្រោះ​ថា​សូម្បី​តែ​ប្រទេស​អាមេរិក​ដែល​ជា​ប្រទេស​មហា​អំណាច​យោធា​ក្នុង​លោក ​នោះ ក៏​មិន​អាច​ច្បាំង​ឈ្នះ​វៀតណាម​ផង ចុះ​ទម្រាំ​ខ្មែរ​កម្ពុជា​ក្រោម ដែល​សព្វ​ថ្ងៃ មាន​គ្នា​តិច ហើយ​ក្រីក្រ​ផង​នោះ តើ​មាន​លទ្ធភាព​ឯណា​អាច​ផ្ដួល​រំលំ​រដ្ឋាភិបាល​វៀតណាម​បាន។

ទន្ទឹម​ពេល​នេះ​ដែរ មន្ត្រី​បក្ស​សម​រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស បាន​ចេញ​ញត្តិ​មួយ​ដែរ តប​ទៅ​លោក ត្រឹង ដាយ​ខ្វាង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​សេរីភាព ជំនឿ​សាសនា​ខ្មែរ​កម្ពុជា​ក្រោម និង​កុំ​រើសអើង​ខ្មែរ​ក្រោម ដែល​ជា​ម្ចាស់​ទឹក​ដី​។

មិន​មាន​របាយការណ៍​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​អំពី​ចំនួន​ខ្មែរ​កម្ពុជា​ ក្រោម​កំពុង​ជ្រក​កោណ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ។ មន្ត្រី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ថ្លែង​ថា ខ្មែរ​ក្រោម​ភាគ​ច្រើន​រស់​នៅ​ប្រទេស​កម្ពុជា បាន​លាក់​ត្រកូល និង​លាក់​អត្តសញ្ញាណ​ព្រោះ​ហេតុ​ផល​នយោបាយ​វៀតណាម​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ ឬ​ដោយ​សារ​មាន​ការ​រើស​អើង​នយោបាយ​នៅ​ក្នុង​ស្រុក​ផង និង​ការ​រើស​អើង​ពី​សំណាក់​សង្គម​ខ្មែរ​បច្ចុប្បន្ន​ខ្លះ​ផង។

ឯកសារ​ប្រវត្តិសាស្ត្រ​បង្ហាញ​ថា ទឹក​ដី​កម្ពុជា​ក្រោម​ដែល​មាន​ចំនួន​២១​ខេត្ត ត្រូវ​បាន​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម​នៅ​ឆ្នាំ​១៩៤៩៕

.