ប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលនិងប្រជារាស្រ្តខ្មែរ កម្ពុជាក្រោម បានឲ្យដឹងថា មានអ្នកស្រុកជាង៥០នាក់បានប្រមូលផ្តុំគ្នាដើម្បីតវ៉ាអំពីបញ្ហា ដីធ្លីជាមួយអាជ្ញាធរវៀតណាមនៅទីក្រុងព្រៃនគរ អស់រយៈពេលជិតមួយសប្តាហ៍កន្លងមកហើយដោយពុំទាន់បានទទួលលទ្ធផល អ្វីនោះឡើយ។
លោក ចៅ មុនីខេមរា មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមនៅទីក្រុងភ្នំពេញបានឲ្យដឹងថា អ្នកភូមិមួយចំនួនដែលមកពីស្រុកក្របៅ ខេត្តមាត់ជ្រូក បានឡើងមកតវ៉ា នៅមុខទីស្នាក់ការគណៈកម្មការអនុវត្តន៍ភាគខាងត្បូងហៅថា តេ៨៨ ដែលជាតំណាងសភាប្រជាជនដងទន្លេមេគង្គ ដើម្បីទាមទារយកដីស្រែចម្ការ ដែលត្រូវបានរឹបអូសដោយអាជ្ញាធរវៀតណាមក្រោយឆ្នាំ១៩៧៩នោះ។
លោក ចៅ មុនីខេមរា មានប្រសាសន៍ដូច្នេះថា ៖ «អ្នកភូមិនេះចេញទៅ ពីភូមិក្របៅ ស្រុកក្របៅ នៅខេត្តមាត់ជ្រូក។ ជាធម្មតា នៅខេត្តមាត់ជ្រូកមានពីរស្រុក អ្នកដែលឡើងមកបាតុកម្មហ្នឹងគឺស្រុកស្វាយទ និងស្រុកក្របៅ។ ដល់ពេលថ្ងៃហ្នឹងឡើងតែស្រុកក្របៅទេ ៥៥នាក់ នៅព្រៃនគរ ហូជីមិញ»។
អ្នកភូមិម្នាក់ដែលកំពុងចូលរួមតវ៉ា់នោះ បានថ្លែងតាមទូរស័ព្ទដែលសុំមិនឲ្យបញ្ចេញឈ្មោះថា ពួកគេនឹងធ្វើការតស៊ូក្នុងទាមទាររហូតបានសម្រេចផលទើបត្រឡប់ទៅ ស្រុកភូមិវិញ។
ប្រជារាស្ត្រម្នាក់ទៀតបាននិយាយថា ការបាត់បង់ដីស្រែធ្វើឲ្យគាត់រស់នៅក្នុងសភាពក្រីក្រជាច្រើន ឆ្នាំមកហើយ ដូច្នេះគាត់មិនរាថយក្នុងការតវ៉ានេះទេ។
លោក អាង ច័ន្ទឫទ្ធិ នាយកប្រតិបត្តិនៃសមាគមការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម នៅទីក្រុងភ្នំពេញបានមានប្រសាសន៍ថា អ្នកស្រុកខ្មែរក្រោមស្ទើរតែគ្រប់គ្រួសារបានបាត់បង់ដីធ្លីចាប់ តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក ដោយសារការរឹបអូសរបស់អាជ្ញាធរកុម្មុយនីស្តវៀតណាម ហើយចាប់តាំងពីពេលនោះមក ក៏មានការតវ៉ាទាមទារយកមកវិញជាបន្តបន្ទាប់ ប៉ុន្តែពុំសូវបានលទ្ធផលឡើយ ដែលនាំឲ្យមានការតវ៉ារហូតមកទល់ពេលនេះ។
ជាមួយគ្នានេះដែរ ការតវ៉ានេះក៏តែងតែមានការបង្រ្កាបដោយអំពើហិង្សានិងការចាប់ខ្លួនទៀតផង ៖ «វា មានការចាប់ខ្លួនអ៊ីចឹង ប៉ុន្តែគ្រាន់តែចាប់ខ្លួនមួយរយៈទៅ ឬក៏ ២-៣ខែអ៊ីចឹង ដោះលែងទៅវិញ។ ហើយបង្ខំឲ្យអ្នកទាំងអស់ហ្នឹង ផ្ដិតមេដៃថា ឈប់តវ៉ាទាមទារ គេដោះលែងតំណាងមកវិញ។ ប៉ុន្តែយើងមកដល់ពេលនេះ យើងឃើញថា នៅឃុំខ្លួនតែម្នាក់ទេ លោក វិន បាន ក្រៅពីហ្នឹងអត់ទាន់មានទេ។ គេគំរាមអ្នកតំណាងៗរបស់គាត់ហ្នឹង»។
រហូតមកទល់ល្ងាចថ្ងៃច័ន្ទ ទី២២ មិថុនានេះ ក្រុមអ្នកតវ៉ាកំពុងជួបប្រជុំជាមួយអាជ្ញាធរវៀតណាមរង់ចាំការដោះស្រាយ។
យោងតាមរបាយការណ៍របស់សហគមន៍ខ្មែរកម្ពុជាក្រោម នៅទីក្រុងភ្នំពេញ បានបង្ហាញថា នៅលើទឹកដីខ្មែរកម្ពុជាក្រោមដែលស្ថិតក្នុងប្រទេសវៀតណាមភាគខាង ត្បូង នាពេលបច្ចុប្បន្ននេះ មានប្រជារាស្រ្តជាជនជាតិខ្មែរប្រមាណ ១៣លាននាក់ កំពុងរស់នៅ ហើយស្ទើរតែទាំងអស់ជាកសិករដែលមានជីវភាពរស់នៅក្នុងការធ្វើរបរ កសិកម្មស្រែចម្ការ។
ជាញឹកញាប់ គេឃើញមានការតវ៉ាពីសំណាក់ប្រជារាស្ត្រទាំងនោះអំពីការបាត់បង់ដីធ្លីនិងអំពើរំលោភសិទ្ធិមនុស្ស៕
អត្ថបទវិទ្យុអាស៊ីសេរី.