ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមចំនួនជាង១០០គ្រួសារកាលពីព្រឹក ថៃ្ងសុក្រនេះបានធ្វើបាតុកម្មតវ៉ានៅទីកន្លែងដាច់ដោយទ្បែកៗពី គ្នាដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាមដោះស្រាយបញ្ហាប្រគល់ដីធ្លី កសិកម្មមកឲ្យពួកគាត់វិញ នៅគ្រាដែលដីធ្លីកសិកម្មជាច្រើនរយហិកតារត្រូវបានរឹបយកជាច្រើន ឆ្នាំកន្លងមកហើយ។
លោកស្រី នាង ហាន អាយុ៤៤ឆ្នាំ រស់នៅក្នុងឃុំចៅទ្បាំង ស្រុកស្វាយទង ខេត្តអាងយ៉ាងឬខេត្តមាត់ជ្រូក ដែលកំពុងតែរងការបំបែកហ្វូងបាតុកម្មជាង១០០គ្រួសារនៅខាងមុខសាលា ឃុំចៅទ្បាំងដោយក្រុមនគរបាលវៀតណាម បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូស័ព្ទមកថា ៖ «ឲ្យខ្ញុំដក ក្រដាសស្នាម ប៉ុន្តែលិខិតស្នាមមួយមិនត្រូវរបៀប ខ្ញុំមិនយក។ ខ្ញុំមិនយក គេថាបើខ្ញុំចុះទៅស្រែទៅអី គេចាប់ គេគំរាមកំហែង»។
អ្នកតវ៉ាម្នាក់ទៀតឈ្មោះ ចៅ រង បានថែ្លងថា ក្រុមបាតុករជាង១០០គ្រួសារបានដកថយហើយនៅគ្រាដែលមានការបំបែក ហ្វូងបាតុករដោយក្រុមនរគបាលវៀតណាមជាច្រើននាក់ ប៉ុន្តែគ្មានការចាប់ខ្លួនឬរងរបួសអ្វីទេ ៖ «គំរាមកំហែងៗ វាបិទទ្វារ បានខ្ញុំរុញទ្វារចេញមកក្រៅ»។
ផ្អែកតាមប្រភពបានតវ៉ាថា ក្រុមគ្រួសារខែ្មរកម្ពុជាក្រោមចំនួនជាង១០០គ្រួសារនោះបានទាមទារ ឲ្យសាលាឃុំចៅទ្បាំងនិងអាជ្ញាធរមូលដ្ឋានប្រគល់ដីស្រែកសិកម្មជា ច្រើនរយហិកតារមកឲ្យពួកគាត់វិញ ក្រោយពីដីធ្លីទាំងនោះបានបាត់បង់ចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ ដោយសារជនជាតិវៀតណាមចូលកាន់កាប់នៅគ្រាដែលគ្រួសារខែ្មរកម្ពុជា ក្រោមជាច្រើនរយគ្រួសារនោះបានរត់ភៀសខ្លួនពីការវាយប្រយុទ្ធគ្នា រវាងកងទ័ពវៀតណាមនិងខែ្មរក្រហម។
រីឯតំណាងអ្នកតវ៉ាជាង៥០គ្រួសារសុំមិនបញ្ចេញឈ្មោះអាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិតឹងហឹង ស្រុកអណ្តូងទឹក ខេត្តឃ្លាំង តវ៉ាថា គ្រួសារខែ្មរកម្ពុជាក្រោមជាង៥០គ្រួសារបានទៅតវ៉ានៅឯគណៈកម្មការ ជនជាតិនៅក្នុងទីក្រុងព្រែកឫស្សី ៖ «ទាមទារឲ្យសងរឿងដីធ្លី ឲ្យប្រជាជនខាងខ្ញុំគ្រាន់ធ្វើស្រែចម្ការគ្រាន់ហូប ប្រជាជនខ្មែរគ្មានចេះធ្វើអីទេចេះតែធ្វើស្រែធ្វើចម្ការហ្នឹង ហើយដល់យកអស់ខ្ញុំមានអីរស់»។
លោកបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានរឹបអូសយកដីធ្លីកសិកម្មជាច្រើនរយហិកតារពី ក្រុមគ្រួសារខ្មែរកម្ពុជាក្រោមជាង៥០គ្រួសារនោះចែកជូនទៅគ្រួសារ ដទៃទៀតកាលពីច្រើនឆ្នាំកន្លងមកហើយ។
នៅមិនទាន់អាចទាក់ទង លោក ទ្រីញ បាកាំ ជាអ្នកនាំពាក្យស្ថានទូតវៀតណាមបានទេនៅថ្ងៃដដែលនេះ។
លោក អាង ចាន់ឫទ្ធិ ជាប្រធានសមាគមការពារសិទ្ធិមនុស្សខែ្មរកម្ពុជាក្រោមប្រចាំនៅក្នុងប្រទេសកម្ពុជាបានថែ្លងថា ៖ «អង្គការ សហប្រជាជាតិគេបានកោះហៅតំណាងរបស់រដ្ឋាភិបាលយួនហ្នឹងទៅបំភ្លឺអំពី ករណីរំលោភសិទ្ធិមនុស្សហ្នឹងសួរសំណួរទាំងអស់ទៅដល់តំណាង រដ្ឋាភិបាលវៀតណាមទាក់ទងនឹងការរំលោភសិទ្ធិរបស់ពួកគាត់ទាំងអស់ ហ្នឹង។ នៅកម្ពុជាក្រោមគឺពួកគាត់ទាមទារដើម្បីឲ្យគេមើលឃើញថា អ្វីដែលគាត់ទាមទារកន្លងមកហ្នឹងគឺមិនបានសម្រេចទេ ហើយគាត់ទាមទារតទៅទៀត»។
លោកបានបញ្ជាក់ឲ្យដឹងថា សកម្មជនខែ្មរកម្ពុជាក្រោមនានាកំពុងតែតាមដានដោយយកចិត្តទុកដាក់ ខ្លាចក្រែងមានការបង្ក្រាបដោយអំពើហិង្សាឬចាប់ខ្លួនអ្នកតវ៉ានៃ ក្រុមគ្រួសារខ្មែរកម្ពុជាក្រោមទាំងនោះដោយនគរបាលវៀតណាម៕
អត្ថបទវិទ្យុអាស៊ីសេរី.