ខ្មែរ​កម្ពុជាក្រោម​រម្លឹក​ខួប ៥ ឆ្នាំ ​នៃ​ការ​អា​រក​សម្លាប់​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម

ភ្នំពេញ: អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រមាណ​ជា ២០០ នាក់​ដែល​ក្នុងនោះ​មាន​ទាំង​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ឥស្សរជន​ខ្មែរក្រោម​មួយចំនួន នៅ​ថ្ងៃទី​២៧ កុម្ភៈ ស្អែក​នេះ នឹង​ធ្វើដំណើរ​ទៅកាន់​វត្ត​ទ្រនុំ​ជ្រឹង សង្កាត់​អង្គស្នួល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​ទៅ​រម្លឹក​ខួប ៥ ឆ្នាំ នៃ​ការ​អា​រក​សម្លាប់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម មួយអង្គ​ព្រះនាម អ៊ាង សុខ​ឃឿន កាលពី​ថ្ងៃទី​២៧ កុម្ភៈ ឆ្នាំ​២០០៧ បន្ទាប់ពី​ព្រះអង្គ​បាន​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ត្រឡប់​ទៅកាន់​វត្ត​វិញ ក៏ត្រូវ​ឃាតក​អា​រក​សម្លាប់​តែម្តង ហើយ​យកទៅ​កប់​បំបាត់ភស្តុតាង​ទាំងយប់​។​

​លោក គឹម ស៊ីសំ​ណា ប្រធាន​លេខាធិការដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៦ កុម្ភៈ​នេះ ថា សមាជិក​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ធ្វើការ​ជួបជុំគ្នា​នៅ​ព្រឹក​ថ្ងៃទី​២៧ កុម្ភៈ នៅ​សហគមន៍​បុរី​ព្រៃនគរ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ទី​បញ្ចុះ​ព្រះ​សព នា​វត្ត​ទ្រនុំ​ជ្រឹង ដើម្បី​ឧទ្ទិស​មាគ​ផល​ប្រគេន​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​តេជគុណ អ៊ាង សុខ​ធឿន​។
​ពិធី​នេះ​និង​មានការ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​ប្រមាណ ២០០ ព្រះអង្គ និង​នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ​ចំនួន ២៧ ព្រះអង្គ ដែលជា​និម្មិត​រូប​នៃ​ថ្ងៃទី​២៧ កុម្ភៈ ជា​ថ្ងៃ​ដែល​ឃាតក​អា​រក​សម្លាប់​ព្រះ​តេជគុណ អ៊ាង សុខ​ធឿន​។​

​ លោក គឹម ស៊ីសំ​ណា បាន​ឲ្យ​ដឹង​បន្តថា ព្រះ​តេជគុណ អ៊ាង សុខ​ធឿន (​ឈ្មោះ​ពិត​គឺ ទ្រី​វ ធឿ​ង​) ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម គង់នៅ​វត្ត​ទ្រនុំ​ជ្រឹង​។ កាលពី​ថ្ងៃទី​២៧ កុម្ភៈ ឆ្នាំ​២០០៧ ព្រះអង្គ​បាន​ចូលរួម​ជាមួយនិង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ប្រមាណ​ជិត ៣០០ អង្គ នាំយក​ញ្ញត្តិ​ដាក់ជូន​ស្ថាន​វៀតណាម ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ការចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ ​កម្ពុជា​ក្រោម និង​ដាក់ពន្ធនាគារ បញ្ឈប់​ការរំលោភ​សិទ្ធិ​ជំនឿ​សាសនា វប្បធម៌ និង​ប្រពៃណី​ដ​ដៃ​ទៀត​របស់​ខ្មែរ​កម្ពុជា​ក្រោម​។ លុះដល់​ពេលយប់​ថ្ងៃ​ដដែល​(​ថ្ងៃទី​២៧ កុម្ភៈ ឆ្នាំ​២០០៧) បន្ទាប់ពី​ព្រះអង្គ​និមន្ត​ត្រឡប់​មកដល់​វត្ត​ដែល​ព្រះអង្គ​គង់នៅ​ជា​ អចិន្ត្រៃយ៍ បែរជា​មាន​ជន​មិន​ស្គាល់មុខ​មក​លប​ធ្វើគ​ត​ព្រះអង្គ ហើយ​ត្រូវបាន​គេ​យកទៅ​បញ្ចុះ​យ៉ាង​ទាន់ហន់​នៅក្បែរ​វត្ត​ទ្រនុំ​ជ្រឹង​។​

​ លោក គឹម ស៊ីសំ​ណា បាន​បន្តទៀតថា ជា​រៀងរាល់ឆ្នាំ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ប្រគេន​ដួង​វិញ្ញាណក្ខន្ធ​របស់​ ព្រះអង្គ នៅ​ទីកន្លែង​បញ្ចុះសព​ផ្ទាល់​។ ជាពិសេស​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា បាន​ព្យាយាម​សុំ​ការអនុញ្ញាត​ច្បាប់​ពី​អាជ្ញាធរ ដើម្បី​គាស់​សព​ព្រះអង្គ អ៊ាង សុខ​ធឿន យកមក​ធ្វើ​កោសល្យ​ពិច័យ​និង​ធ្វើបុណ្យ​បូជា​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា តែ​មិនបាន​សម្រេច​នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ​ឃាតក​ដែល​បាន​អា​រក​ធ្វើគ​ត​ព្រះ​តេជគុណ អ៊ាង សុខ​ធឿន កាលពី​យប់​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០០៧ រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​ចាប់បាន​ឃាតក​នៅឡើយ​ទេ​៕​ ប្រភពព័ត៌មាន៖ CEN