ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

(ទីក្រុង Mantova, អ៊ីតាលី ) ពុទ្ធបរិស័ទខ្មែរនៅប្រទេសអ៊ីតាលីបានជួបជុំគ្នានៅការិយាល័យសមាគម ពុទ្ធសាសនា និងវប្បធម៌ខ្មែរអ៊ីតាលី កាលពីថ្ងៃទី ១៥ ខែសីហា ម្សិលមិញនេះ ដើម្បីធ្វើសង្ឃទាន ប្រគេនភត្ត ដល់ព្រះសង្ឃដែលបានគង់ចាំព្រះវស្សានៅប្រទេសនេះជាលើកដំបួង ។
លោក ត្រឹង សារ៉ុង ប្រធានសមាគមពុទ្ធសាសនា និង វប្បធម៌ខ្មែរអ៊ីតាលី បានប្រាប់ សារព័ត៌មាន ព្រៃនគរ អំពីមូលហេតុធ្វើពិធីបុណ្យសង្ឃទាននេះថា ដោយឆ្នាំនេះសមាគមរបស់លោកបាននិមន្ត ព្រះសង្ឃមួយអង្គ មកគង់ចាំព្រះវស្សានេះទីនេះជាលើកដំបូង ទើបពួកគាត់បានរៀបចំកម្មវិធីបុណ្យ នេះឡើង ដើម្បីបានឱកាស ជួបជុំគ្នាធ្វើបុណ្យសុន្ទរ៍ទានក្នុងទេសកាលចូលព្រះវស្សាផង ជាការជូន ដំណឹងដល់ពុទ្ធបរិស័ទខ្មែរ នៅទីនេះ ឲ្យបានជ្រាប និងបានស្គាល់ព្រះសង្ឃដែលទើបមកគង់ចាំព្រះ វស្សាថ្មីផង ។
លោក សារ៉ុង បានប្រាប់បន្តទៀតថា ក្នុងកម្មវិធីនេះ មានការចូលរួមពីលោកព្រឹទ្ធាចារ្យ ឱក សឿម និង លោក សាន្ត សុវិទ្យ នៃវិទ្យុខ្មែរពិភពលោក ផងដែរ ។
លោក ត្រឹង សារ៉ុង មានប្រសាសន៍ថា នេះជាលើកដំបូងហើយ ដែលពុទ្ធបរស័ទខ្មែរនៅប្រទេស អ៊ីតាលី បាននិមន្តព្រះសង្ឃមកគង់ចាំព្រះវស្សានៅទីនេះ និងរំពឹងថា ពួកគាត់នឹងនាំគ្នាកសាងវត្ត ព្រះពុទ្ធសាសនាខ្មែរ មួយ ក្នុងតំបន់មួយនេះដើម្បីធ្វើបុណ្យទានតាមប្រពៃណីជាតិ ។
ព្រះតេជព្រះគុណ ថាច់ វាសនា សមណនិស្សិតខ្មែរក្រោមទើបតែបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៃ សកលវិទ្យាល័យ មហាមង្កុដនៅប្រទេសថៃ ដែលជាព្រះសង្ឃដំបូងត្រូវបានសមាគមពុទ្ធសាសនា និងវប្បធម៌ខ្មែរធានាមកគង់ ចាំព្រះវស្សា នៅទីនេះ បានប្រាប់ សារព័ត៌មាន ព្រៃនគរ ថា ក្នុងរដូវ ព្រះវស្សានេះ មានពុទ្ធបរិស័ទ មកធ្វើបុណ្យរៀងរាល់ថ្ងៃសីល ហើយព្រះអង្គក៏មានកម្មវិធីធម្មកថា ជាធម្មទានសម្រាប់ពួកគាត់ ។ ព្រះអង្គបានបន្តទៀតថា នៅពេលអនាគត ព្រះអង្គនិងសមាគមនឹង បើកសាលារៀន សម្រាប់បង្រៀនអក្សរខ្មែរ ដល់កូនខ្មែរនៅទីនេះ ផងដែរ ។
បើតាមការបញ្ជាក់ពីលោក សារ៉ុង ថា ពុទ្ធបរិស័ទខ្មែរមកពីកម្ពុជា និង ខ្មែរក្រោមមកពីដែនដីកម្ពុជា ក្រោម ដែលកំពុងរស់នៅក្នុងតំបន់របស់លោកមានប្រមាណជាង ១០០ គ្រួសារ ៕