កាលពីថ្ងៃទី ០៩-១២ កន្លងទៅថ្មីនេះ ក្រុមកីឡាករ ទូក ង ខ្មែរក្រោម បានចូលរួម ការប្រកួតប្រណាំងទូក ង ប្រចាំឆ្នាំ ២០១១ “Portland Dragon Boat Race 2011” នៅរដ្ឋ Oregon ។ ទូក ង មកពីបណ្តា រដ្ឋនានា ក្នុងទឹកដីសហរដ្ឋអាមេរិក ប្រមាណជា ៧៥ ក្រុម ដែលបានចុះឈ្មោះ ចូលរួមប្រកួត សម្រាប់ឆ្នាំ នេះ។ ចំណែកក្រុមកីឡាករទូក ង ខ្មែរក្រោម ចូលរួមប្រកួតទាំងពីរភេទ គឺក្រុមកីឡាករស្រ្តី និងបុរស។ លទ្ធផលនៃការប្រកួតចុងក្រោយ ក្រុមកីឡាករទូក ង ខ្មែរក្រោម ទទួលបានលទ្ធផលដ៏ជាទីគាប់ចិត្ត។ ដោយឡែក ការប្រណាំងផ្នែកបុរស សម្រាប់ចម្ងាយ ២០០០ម៉ែត្រ ទូក ង ខ្មែរក្រោម ដណ្តើមបានលេខ ៣។ ពលរដ្ឋខ្មែរក្រោម រស់នៅក្នុងសហរដ្ឋអាមេរិក បានសម្ដែងមោទនភាពរបស់ខ្លួន ក្នុងការខិតខំប្រកួតប្រជែងយកជ័យជម្នះ ពីការអុំទូកប្រណាំងនេះ។ ពួកគេនិយាយថា ជ័យជម្នះ ដែលបានមកគឺ ដោយសារកម្លាំងសាមគ្គីភាព និងការព្យាយាមបង្ហាញ ពីសមត្ថភាពបច្ចេកទេសនៃកីឡាករខ្មែរក្រោម។