ខ្មែរក្រោម​​រៀប​ចំ​មហា​បាតុកម្ម​ប្រវត្តិសាស្រ្ត​​នៅ​​មុខ​អគារ​អង្គការ​សហ​ប្រជាជាតិ

មនុស្ស​​​ប្រមាណ​ជាង​២០០នាក់ ដែល​មាន​ដើម​កំណើត​ចេញ​មក​​ពី​​កម្ពុជា​​​ក្រោម ​[​​ស្ថិត​​នៅ​​តំបន់​​​ដី​សណ្ត​ទន្លេ​មេគង្គ ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​]​ ​ បាន​​ធ្វើ​​ដំណើរ​​មក​​​​ពី​ប្រទេស​ស្វីស បារាំង អ៊ីតាលី អាល្លឺម៉ង់ ហូឡង់ សហរដ្ឋ​អាមេរិក កាណាដា ណូវ៉េហ្សេឡង់​ និង​អូស្រា្តលី ដើម្បី​​​មកជួប​ប្រជុំ​​​គ្នា នា​ថ្ងៃ​សុក្រ ទី​៨ ខែឧសភា នៅមុខ​អគារ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប)​ ​​នៅ​ទីក្រុង​​ហ្សឺណែវ (ប្រទេស​ស្វីស)។​ ​​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​នេះ​ត្រូវ​​បាន​​រៀប​ចំ​​ឡើង​​ដោយ​សហព័ន្ធ​ ខ្មែរ​កម្ពុជា​ក្រោម​ នា​ឱកាស​​ដែល​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​របស់​អង្គការ​សហ​ប្រជាជាតិ​ កោះ​​អញ្ជើញ​​​រដ្ឋាភិបាល​​​​វៀតណាមជា​លើកទី​១ ដើម្បី​ធ្វើការ​​​​បក​ស្រាយ​បំភ្លឺ​ ទាក់​ទិន​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ Universal Periodic Review (UPR)។ ខាង​ក្រោម​នេះ​ គឺជា​បទ​សម្ភាស​ន៍​មួយ​ជាមួយ​លោក ថាច់ វៀន ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទ្វីប​អឺរុប​ ដែលបាន​​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ គឺជា«ទិវា​ប្រវត្តិ​សាស្រ្ត​​»​។
នៅ ​ព្រឹក​ថ្ងៃទី​៨ ខែឧសភា អាកាស​ធាតុ​នៅ​ទីក្រុង​ហ្សឺណែវ (ប្រទេស​ស្វីស) មាន​លក្ខណៈ​អំណោយ​ផលល្អ​​សម្រាប់​​​​ខ្មែរ​ក្រោម​ដែល​ចូល​រួម​​ធ្វើ​ បាតុកម្ម​ ជាមួយ​​ពន្លឺ​ព្រះអាទិត្យ​រះ​ចិញ្ចែង​​​ចិញ្ចាំង​ គួប​ផ្សំ​នឹង​ខ្យល់​​ត្រសៀក ៗ ធ្វើអោយ​ទង់​ជាតិ​​ពណ៌ខៀវ-លឿង-ក្រហម របស់​​​​ខ្មែរ​​កម្ពុជា​ក្រោម បក់រវិចៗ។ ​ពាក្យ​ស្លោក​នៃការ​ទាមទារ​របស់​ពួកគេ មាន​ដូចជា «សិទ្ធិ​ស្វយ័ត​កំណត់»​ «សេរីភាព​ខាង​ជំនឿសាសនា» «សេរីភាព​បញ្ចេញ​មតិ» «សេរីភាព​សារព័ត៌មាន» និង​​ «បញ្ចប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​ប្រទេស​វៀតណាម មក​លើជន​ជាតិ​ដើម​ ​ម្ចាស់​​​​ស្រុក​ខ្មែរក្រោម»។ បរិយាកាស​ដ៏​សែន​រីក​រាយ​នេះ​​ក៏​បាន​បង្ហាញជូនទស្សនីយ​ភាព​​របាំ​ប្រពៃណី​​ ខ្មែរ​ ព្រមទាំង​មាន​ការ​ចែក​នំប៉័ង​ជូន​ក្រុម​បាតុករ​ផង​ដែរ។ សហ​អ្នក​រៀប​ចំ​មហា​បាតុកម្ម​​នេះ រួមមាន​លោក​ថាច់ ថាច ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នៅ​សហរដ្ឋ​អាមេរិក​ លោក​​ថាច់ វៀន ប្រធាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​ប្រចាំ​ទ្វីប​អឺរុប និង​តំណាង​អង្គការ​UNPO (Unrepresented Nations and Peoples) ​បានសំដែង​ក្តី​រីក​រាយ​ ​​ដែល​អាច​​​ធ្វើ​​ការ​​ពាំ​នាំ​សារ​របស់​ខ្លួន​​​នៅលើ​ឆាក​អន្តរ​ជាតិបាន​​ ។ មុន​នឹង​ធ្វើដំណើរ​ទៅ​​អគារ​សហ​ប្រជាជាតិ ដើម្បីចូលរួម​តាមដាន​សវនាការ​របស់​ប្រទេស​វៀតណាម នៅចំពោះមុខ​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​ លោក​ថាច់ វៀន បាន​ពន្យល់​ប្រាប់ កាសែត អំពី​ការ​ទន្ទឹង​រង់ចាំ​របស់​លោក​ និង​គោល​បំណង​នៃបាតុកម្ម​នេះ។ បទ​សម្ភាសន៍មាន​ដូច​តទៅៈ
កាសែតៈ តើ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​របស់​ខ្មែរកម្ពុជា​​ក្រោម​អ្វីខ្លះ ដែល​លោក​នឹង​ធ្វើ​ការ​បរិហារ​ នៅ​ចំពោះ​អ.ស.ប?
ថាច់ វៀនៈ ការ ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​សំខាន់ៗ​ មាន​ដូច​ជា ទី១ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ប្រឆាំង​​សាសនា​ព្រះពុទ្ធ​និកាយ​ហិន​យាន​ [ដែល​ត្រូវ​បាន​គោរព​អនុវត្ត​ដោយ​ខ្មែរ​កម្ពុជា​ក្រោម នៅប្រទេស​កម្ពុជា ប្រទេស​ថៃ និង​ប្រទេស​ឡាវ] ទី២ ការ​រឹប​អូស​ដី​ធ្លី​របស់​កសិករ​កម្ពុជា​​ក្រោម​ និង​ទី​៣ គឺការ​ក្លែង​បន្លំ​ប្រវត្តិសាស្រ្ត​ខ្មែរក្រោម​ ពី​សំណាក់​ប្រទេស​វៀតណាម។ គោល​បំណង​របស់យើង​គឺ​ធ្វើការ​ផ្សព្វផ្សាយ​​បញ្ហា​ទាំង​អស់នេះ​ប្រាប់​ជូន​ មតិ​អន្តរ​ជាតិ​អោយ​បាន​​ជ្រាប និង​ពឹងផ្អែក​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​គាំទ្រ​យើងខ្ញុំ​ ដូចជា​អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​ជាដើម ដែល​ធ្លាប់​​បាន​ចេញ​របាយការណ៍មួយ កាល​ពី​​​ខែ​មករា ឆ្នាំ​២០០៩ ទាក់​ទង​នឹង​បញ្ហារំលោភ​បំពាន​​សិទ្ធិ​មនុស្ស​របស់​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​វៀតណាម។

កាសែតៈ «ការ​ក្លែង​បន្លំ​ប្រវត្តិសាស្រ្ត» មានន័យ​ដូចម្តេច?
ថាច់ វៀនៈ រដ្ឋាភិបាល ​វៀតណាម​បដិសេធ​ទទួល​ស្គាល់​ថា​យើង​គឺជា​ពល​រដ្ឋ​ម្ចាស់​ស្រុក​ដើម​​នៃ​​ទឹក ​ដី​នេះ។​ ពួកគេ​បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​ផ្លូវ​ការ និង​សៀវភៅ​សិក្សា​ថា​ យើង​គឺជា​ជន​​ភៀស​ខ្លួន មក​ពីប្រទេស​កម្ពុជា និង​បាន​តាំង​ទីលំនៅរស់​​នៅ​​​ប្រទេស​វៀតណាម ខណៈ​ពេល​​ដែល​យើង​រស់​នៅ​ទីនោះ និង​បាន​កាន់​កាប់​ទឹកដី​ទាំងនេះ​អស់រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​ ពោល​គឺ​មុន​ជនជាតិ​វៀតណាម​ទៅ​ទៀត។ ខ្មែរ​កម្ពុជា​ក្រោម​គឺជា​ពលរដ្ឋ​ម្ចាស់​ស្រុក​ដើម​! គេ​មិន​ត្រូវ​ភ្លេច​ថា​ខេត្ត​ទាំង​២១ នៅ​ប្រទេស​វៀតណាមខាង​ត្បូង គឺជា​អតីត​ទឹក​ដី​របស់​ខ្មែរ! ប៉ុន្តែ នៅឆ្នាំ​១៩៤៩ ប្រទេស​បារាំង​​បាន​ប្រគល់​ទឹក​ដី​ទាំង​នេះ​អោយ​ទៅ​ប្រទេស​វៀត​ណាម ដោយ​មិនបាន​ប្រគល់​មកអោយ​ប្រទេស​កម្ពុជាវិញ។ ចាប់​តាំង​ពី​ពេល​នោះ​ហើយ ដែល​យើង​ទទួល​រង​នូវការ​គាប​សង្កត់ធ្វើបាប​ផ្សេងៗ ព្រោះ​ប្រទេស​វៀតណាម​មាន​វប្បធម៌​មួយ​​ ខុស​ឆ្ងាយ​ពី​វប្បធម៌​របស់យើង ចំណែក​ការគោរព​​ប្រណិប័តន៍​​សាសនា​ក៏​ខុស​គ្នា​ដែរ​…​។ យើង​មាន​ការ​លំបាក​រស់នៅ​ជាមួយ​ជនជាតិ​វៀតណាម។
កាសែតៈ ក្រុម​បាតុករ​ដែលមក​ជួប​ជុំគ្នា​នៅ​ថ្ងៃនេះ រស់នៅ​ទ្វីបអឺរុប អាមេរិក​ខាង​ជើង អូស្រា្តលី ណូវ៉ែហ្សេឡង់… តើ​លោក​ទទួល​បាន​​ព័ត៌មាន ទាក់ទង​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ក្រោម ​មកពីណាដែរ​?
ថាច់ វៀនៈ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មានរបស់យើង ​ព្រម​ទាំង​ជនរួមជាតិ​​ ដែល​រស់នៅ​ទីនោះ [នៅ​ដីសណ្ត​ទន្លេ​មេគង្គ] បានទំនាក់ទំនង​មកយើង។ ម្យ៉ាង​ទៀត ក៏ព្រោះតែ​ប្រទេសវៀតណាម​មិន​​សូវ​ធ្វើ​បាប​យើង​ដូចមុន។ ប្រទេសវៀតណាម​បាន​ចុះ​អនុសញ្ញា​អន្តរ​ជាតិ ដើម្បី​គោរព​សិទ្ធិ​​មនុស្ស ប៉ុន្តែ ជា​បឋម ដើម្បី​ទទួល​បាន​ថវិកា​ពី​ប្រទេស​ផ្តល់ជំនួយ…។ រហូត​ដល់​ឆ្នាំ​២០០១ រដ្ឋាភិបាល​វៀតណាម​មិន​ព្រួយ​បារម្ភ​ពី​​ជោគ​វាសនា​ខ្មែរក្រោម​ទាល់តែសោះ។ ប៉ុន្តែ សហគមន៍​ខ្មែរ​ក្រោម​នៅ​ទូទាំង​ពិភព​លោក​​បាន​ស្នើ​សហគមន៍​អន្តរ​ជាតិ​អោយ​ មាន​ប្រតិកម្ម និង​​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងនេះ។
កាសែតៈ ដោយធ្វើបាតុកម្ម​នៅមុខ​អគារ​សហ​ប្រជាជាតិ តើលោក​សង្ឃឹម​ថា​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រទេសផ្តល់ជំនួយសម្រាប់ ​​​ប្រទេស​វៀតណាម​ដែរ​រឺទេ?
ថាច់ វៀនៈ បាទ! រដ្ឋាភិបាល​ដែល​ផ្តល់ជំនួយ​ដល់​ប្រទេស​វៀតណាម​ ព្រមទាំង​ស្ថាប័ន​ធំៗ ដូចជា​ធនាគារ​ពិភព​លោក​ ត្រូវ​តែ​ដាក់​សំពាធ​ទៅលើ​រដ្ឋាភិបាល​ក្រុង​ហាណូយ​។ យើង​នៅ​តែ​​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់យើង ដើម្បី​បុព្វហេតុនេះ។ ជាក់​ស្តែង សភា​អឺរុប បាន​យល់​អំពី​ស្ថាន​ការណ៍នេះ។ តំណាង​រាស្រ្ត​ក៏​បាន​បោះឆ្នោត​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បីធ្វើការ​ថ្កោល​​ទោស​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ នៅ​ប្រទេស​វៀតណាម។
កាសែតៈ តើ​លោកត្រៀម​ធ្វើការ​ទាម​ទារ​ឯករាជ្យ​ភាព​នៅ​កម្ពុជា​ក្រោម​ដែរ​រឺទេ?
ថាច់ វៀនៈ នេះ​គឺជា​បញ្ហា​ដ៏សំខាន់មួយ។ ប៉ុន្តែ យើង​នៅ​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ មុន​​នឹង​គិត​អំពីរឿង​នេះ។ យើង​មិន​ចង់​បោះជំហាន​ទៅមុខ​ខ្លាំង​ពេក​នោះទេ។ ជន​រួម​ជាតិ​របស់យើង​ជា​ប្រជាជន​ក្រីក្រ ហើយភាគ​ច្រើន រស់នៅ​តាម​ជនបទ។ យើងត្រូវ​អប់​រំ​ពួកគេ លើក​​កម្ពស់​កំរិត​ជីវភាព​រស់នៅ​ បង្កើន​ការ​យល់​ដឹង​អំពី​សិទ្ធិ​មនុស្ស… មុន​នឹង​គិតអំពី​បញ្ហា​ទាម​​ទារ​ឯករាជ្យ។
ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក.