ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ក្រុមអ្នកវិភាគឯករាជ្យនៅកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាមិនអាចធ្វើអន្តរគមន៍អ្វីទាក់ទងនឹងបញ្ហាកម្ពុជា ក្រោមបានឡើយ ព្រោះប្រទេសកម្ពុជាសព្វថ្ងៃ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាពឹងតែខ្លួនឯងមិនជាប់ផង ដូច នេះ បញ្ហាកម្ពុជាក្រោមមានតែខ្មែរក្រោមត្រូវពឹងខ្លួនដោយខ្លួនឯង ។ ការលើកឡើងបែបនេះ ខណៈដែលព្រឹត្តិការណ៍ រំឭកខួបថ្ងៃបាត់បង់ដែនដីកម្ពុជាក្រោម ត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោកប្រារព្ធរៀងរាល់ឆ្នាំ ធ្វើ ឲ្យមានការចាប់អារម្មណ៍ពីមតិជាតិ និងអន្តរជាតិ ហើយជម្រុញឲ្យមន្ត្រីស្ថានទូតវៀតណាមប្រតិកម្មថា “…កម្ពុជា ក្រោម ជាទឹកដីរបស់វៀតណាមតាំងពីយូរយារណាស់មកហើយ…” ។ ផ្ទុយពីនេះ រដ្ឋាភិបាលខ្មែរដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជាមិនឃើញមានប្រតិកម្មអ្វីតបឡើយ ។

ជាការពិតណាស់ អ្នកវិភាគនយោបាយនៅកម្ពុជា លោក បណ្ឌិត សុខ ទូច បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃ ២៧ ខែមិថុនា ឆ្នាំ ២០១៤ ថា បញ្ហាកម្ពុជាក្រោម គឺ ជាមេរៀនប្រវត្តិសាស្ត្រទុកសម្រាប់ឲ្យកូនខ្មែរ និង អ្នកនយោបាយខ្មែររៀនសូត្រតាម ដើម្បីកុំឲ្យដើរលើគន្លងចាស់របស់អ្នកដឹកនាំជំនាន់មុនតែប៉ុណ្ណោះ និងថា ខ្មែរក្រោមមិនអាចសង្ឃឹមទៅលើអន្តរាគមន៍របស់រដ្ឋាភិបាលកម្ពុជាបានឡើយ នៅពេលនេះ ព្រោះថា កម្ពុជាសព្វថ្ងៃ ទប់ខ្លួនឯងសឹងតែមិនជាប់ផង ។ ដូច្នេះហើយ លោកថា ពេលនេះ ខ្មែរក្រោមត្រូវពឹងលើខ្លួនឯង ។ ការដែលអ្នកវិភាគ ខ្មែរនិយាយខ្លីប៉ុណ្ណេះនេះ ក៏ល្មមឲ្យខ្មែរក្រោមនៅគ្រប់ទិសទីក្នុងពិភពលោកដឹងខ្លួនថា បើខ្មែរក្រោមខ្លួនឯង មិនជួយ គិត មិនជួយដោះស្រាយបញ្ហារបស់ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមដោយខ្លួនឯងទេនោះ វាប្រាកដណាស់ថា គ្មាន អ្នកណាគេទៅគិតគូរជំនួសនោះទេ ។
កម្ពុជាក្រោមជារបស់វៀតណាម៖
កម្ពុជាក្រោម ធ្លាប់ជាអតីតដែនដីមួយភាគរបស់ប្រទេសកម្ពុជា ត្រូវបានបារាំងកាត់ឲ្យវៀតណាមគ្រប់គ្រងនៅ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ក្រោយពេលបារាំងចុះហត្ថលេខា ប្រគល់ដែនដីកូស័ងស៊ីន ឬ ដែនដីកម្ពុជាក្រោម ឲ្យវៀតណាមមក នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ ប្រទេសវៀតណាម ដែលមាន ៣ ភាគ គឺ ខាងជើង កណ្ដាល និងភាគខាងត្បូង ដែលគេស្គាល់ជាសាធារណៈថា ដែនដីកម្ពុជាក្រោម នោះ ត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទទួលស្គាល់ជាសមាជិកទី ១៤៩ របស់អង្គការសហប្រជាជាតិ ។ កត្ដានេះ វាស្របនឹងសម្ដីរបស់ លោក សុខ ទូច បានថ្លែងថា ដែនដីកម្ពុជាក្រោម ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិថា ជារបស់វៀតណាម ទៅហើយៗ “មិនអាចភាគីកម្ពុជាទៅចេញមុខ” ធ្វើអន្តរាគមន៍រឿងដែនដីកម្ពុជាក្រោមបានឡើយ ។
ខណៈដែល លោក សុខ ទូច បានថ្លែងថា ប្រទេសកម្ពុជា មិនអាចចេញមុខធ្វើអន្តរាគមន៍រឿងកម្ពុជាក្រោមបាននោះ តើខ្មែរក្រោមខ្លួនឯងត្រូវឈរឱបដៃរងចាំថ្ងៃស្លាប់ឬយ៉ាងណា ។ លោកបានបន្តផ្ដល់អនុសាសន៍ដល់ពលរដ្ឋខ្មែរ ក្រោមថា មានតែ «បងប្អូនខ្មែរកម្ពុជាក្រោមហ្នឹង គាត់ត្រូវតែក្រោកឈរឡើង” ដើម្បីទាមទារនូវអ្វីដែលជាសិទ្ធិរបស់ ខ្លួន «កុំឲ្យបាត់បង់នូវជាតិពន្ធុរបស់ខ្លួននៅក្នុងទឹកដីវៀតណាម ហើយជាតិពន្ធុនេះ មានយូរយារណាស់មកហើយ ៗមិនមែនជារបស់វៀតណាមទេ» ។
បើនិយាយពីលក្ខណៈប្រវត្តិសាស្ត្រវិញ ពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា នៅតែអាចទាមទារឲ្យវៀតណាមទទួលស្គាល់ថា ទឹកដីកម្ពុជាក្រោម គឺជាអតីតទឹកដីរបស់កម្ពុជាបាន ។ លើសពីនេះ លោកថា សិស្ស និស្សិត បញ្ញវ័ន្ត ឬ អ្នកប្រវត្តិសាស្ត្រខ្មែរជាដើម មានសិទ្ធិប្រកាសទាមទារឲ្យវៀតណាមទទួលស្គាល់ការពិត ហើយថា អ្នកទាំងនោះអាចមានសិទ្ធិធ្វើការតវ៉ាទាមទារនៅមុខស្ថានទូតវៀតណាមបាន ប្រសិនបើការតវ៉ានោះធ្វើឡើងដោយអហិង្សា ។ នេះបើការលើកឡើងរបស់ លោក បណ្ឌិត សុខ ទូច ដែលបានប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៤ កន្លងទៅនេះ ។
ពលរដ្ឋខ្មែរជំនាន់ក្រោយអាចទាមទារ “កម្ពុជាក្រោម” មកវិញ៖
ខណៈដែល លោក បណ្ឌិត សុខ ទូច អះអាងថា កម្ពុជាមិនអាចចេញមុខធ្វើអន្តរាគមន៍រឿងដែនដីកម្ពុជាក្រោម បាន នោះ លោក កែម ឡី អ្នកវិភាគខ្មែរម្នាក់ទៀតបានកត់សម្គាល់បន្តថា យុវវ័យខ្មែរជំនាន់ក្រោយអាចកសាងផ្លូវមួយដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជា ដោយ “ទាំងខ្មែរលើ ទាំងខ្មែរក្រោម ត្រូវរៀបចំឯកសារឲ្យល្អតាំងពីពេលនេះទៅ ក្នុងកាលៈទេសៈណាមួយដែលយុវវ័យជំនាន់នេះ នឹងឡើងកាន់អំណាច ប្រហែលជាគាត់មានបេះដូងខ្មែរច្រើនជាងអ្នកដឹកនាំជំនាន់នេះ ។ គាត់អាចនឹងធ្វើការតវ៉ាបាន ឲ្យតែអ្វីជារបស់ខ្មែរ ទោះបីជា ៥០ ឆ្នាំ ១០០ ឆ្នាំ ១ ពាន់ឆ្នាំ” ក៏ខ្មែរត្រូវតែទាមទារមកវិញដែរ ។
សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង៖
តាំងពីអតីតកាលរហូតមកដល់ពេលនេះ គេសង្កេតឃើញថា ពលរដ្ឋខ្មែរ និងខ្មែរក្រោមខ្លះដែលមានតំណែងធំៗ នៅក្នុងរដ្ឋាភិបាលខ្មែរនៃប្រទេសកម្ពុជា និងខ្មែរក្រោមខ្លះទៀត “តំណែងរបស់ខ្លួនអែកស្ប៉ាយហើយ” (Expire) នៅ តែតែងតាំងខ្លួនឯងថាជា “អតីតសមាជិកព្រឹទ្ធសភា” ឬ “អតីតសមាជិករដ្ឋសភា” ជាដើមក្ដី ពួកគាត់ បាននិងកំពុង តែធ្វើដំណើរពឹងលើដង្ហើមរដ្ឋាភិបាលខ្មែរទៅទាមទារយកទឹកដីកម្ពុជាក្រោមនោះ ដូចជា មិនឃើញបុគ្គលណាម្នាក់ ធ្វើបានឡើយ ។ ដូច្នេះហើយ តើខ្មែរក្រោមត្រូវពឹងទៅលើអ្វី ? ហើយមាគ៌ាអ្វីដែលល្អបំផុតសម្រាប់ខ្មែរក្រោម ? ចម្លើយគឺ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជាមាគ៌ាមួយល្អបំផុតសម្រាប់ខ្មែរក្រោម ស្របពេលដែលអង្គការ សហប្រជាជាតិបានទទួលស្គាល់ខ្មែរក្រោមថា ជាជនជាតិដើមនៃដែនដីកម្ពុជាក្រោម ហើយសេចក្ដីប្រកាសជា សកលស្ដីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិបានចែងថា “ ជនជាតិដើមមានសិទ្ធិស្វ័យសម្រេច ។ តាមស្មារតីនៃសិទ្ធិនេះ ជនជាតិដើម ធ្វើសេចក្តីសម្រេចចិត្តអំពីស្ថានភាពនយោបាយរបស់ខ្លួនដោយសេរី ព្រមទាំងធ្វើការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដោយសេរី” ។
យោងតាមសៀវភៅមគ្គុទ្ទេស “ផ្លូវទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ដែលបានបោះពុម្ពដោយសហព័ន្ធ ខ្មែរកម្ពុជាក្រោម ក្នុងឆ្នាំ ២០០៩ បានសរសេរអំពីទិសដៅរបស់ខ្លួនថា សហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើការ “តស៊ូទាមទាមឱ្យរដ្ឋាភិបាលយួនគោរពសិទ្ធិមនុស្ស សិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរក្សាសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រ ពៃណី និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ខ្មែរក្រោមដែលជាជនជាតិដើម នៅលើដែនដីកម្ពុជាក្រោម” សព្វថ្ងៃ ។ គោលដៅនៃការតស៊ូនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាអង្គការរបស់ខ្មែរក្រោមមួយមានសាខាជុំវិញ ពិភពលោកនោះ បានបង្កើតទង់ជាតិរបស់ខ្លួនមួយត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ផងដែរ ។ ទង់ជាតិខ្មែរក្រោម មានបីឆ្នូត ដែលមានទំហំស្មើគ្នា និងមានពណ៌ផ្សេងគ្នា ហើយមានខ្នាតទទឹងពីរភាគបី បណ្តោយបីភាគបី ។ ឆ្នូតពណ៌ខៀវនៅខាងលើ ជានិមិត្តរូបនៃសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យដែល ជាសិទ្ធិខ្ពស់ជាងគេបំផុត ។ ឆ្នូតពណ៌លឿងនៅចំកណ្តាល ជានិមិត្តរូបនៃជាតិសាសន៍របស់ខ្មែរក្រោម ដែលស្រឡាញ់សន្តិភាពនិងយុត្តិធម៌ ។ ពណ៌ក្រហមនៅខាងក្រោមជានិមិត្តរូបនៃវីរភាព អង់អាចក្លាហានរបស់វីរជនខ្មែរក្រោមដែលហ៊ានបូជាជីវិតខ្លួនដើម្បីជាតិ រស់ ។
អ្វីដែលសហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតែធ្វើសព្វថ្ងៃនេះ ត្រូវបានគេមើលឃើញថា ជាសកម្មភាពមួយដ៏មានប្រសិទ្ធិ ភាពសម្រាប់ជួយដល់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម តែការបានសម្រេចជាផ្លែផ្កាឆាប់ឬយូរ វាអាស្រ័យទៅ លើកម្លាំងនៃការចូលរួមរបស់ខ្មែរក្រោមគ្រប់រូបជាមួយនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីនាំគ្នាជម្រុញឲ្យវត្តមាន របស់សហព័ន្ធខ្មែរកម្ពុជាក្រោមកាន់តែលេចធ្លោក្នុងឆាកអន្តរជាតិ និងការធ្វើឲ្យពលរដ្ឋខ្មែរក្រោមនៅក្នុងស្រុកចេះប្រើ ប្រាស់សិទ្ធិរបស់ខ្លួន បានដល់កម្រិតណាតែប៉ុណ្ណោះ ៕