ខ្មែរក្រោម១០គ្រួសារបារម្ភពីសុវត្ថិភាពក្រោយពីត្រូវអាជ្ញាធរវៀតណាមគំរាម

ពលរដ្ឋខែ្មរកម្ពុជាក្រោមប្រមាណ ១០គ្រួសារ រស់នៅក្នុងខេត្តអាងយ៉ាង ឬខេត្តមាត់ជ្រូក កំពុងតែព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីនគរបាលវៀតណាមមួយក្រុមបានមកគំរាមពួកគាត់មិនឲ្យបន្តការ ទាមទារយកដីធ្លីកសិកម្ម បើមិនដូច្នេះទេគេនឹងចាប់ខ្លួនដាក់គុក។
លោក ចៅ សុខ ជាពលរដ្ឋខែ្មរកម្ពុជាក្រោម ដែលអះអាងថារស់នៅក្នុងឃុំចៅទ្បាំង ស្រុកស្វាយទង ខេត្តមាត់ជ្រូក ឬខេត្តអាងយ៉ាង បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា ៖ «គេគំរាមថា រឿងដីស្រែដីចម្ការគេមិនឲ្យទេ មិនបាច់តវ៉ាអីទេ ចាប់ដាក់គុកឥឡូវ។ ប៉ុន្តែកនខ្ញុំមិនសុខចិត្តទេ»។
ស្របគ្នានោះដែរ ប្រភពបានឲ្យដឹងថា នគរបាលវៀតណាមបានចាប់ខ្លួនខែ្មរកម្ពុជាក្រោមម្នាក់ឈ្មោះ ចៅ ប៊ន អាយុ៣០ឆ្នាំ កាលពីថៃ្ងអង្គារកន្លងទៅនេះ នាំខ្លួនទៅសាលាឃុំដើម្បីសួរចម្លើយ ប៉ុន្តែត្រូវបានដោះលែងវិញនៅថៃ្ងដដែលនោះ។
លោកស្រី នាង ហាន តំណាងពលរដ្ឋខែ្មរកម្ពុជាក្រោម ១០គ្រួសារនៅក្នុងភូមិនោះ បានថែ្លងថា ៖ «ខ្ញុំ តវ៉ាមក ឥឡូវមិនព្រមសងខ្ញុំសោះ ឥឡូវគេមកគំរាមកំហែងដល់ផ្ទះ ខ្ញុំថា លិខិតស្នាមដែលខ្ញុំបញ្ជូនទៅគ្រប់កន្លែងអស់ ចុះមក គេអត់ឲ្យទេ គេឲ្យខ្ញុំយកក្រដាសស្នាមវិញទៅ»។
អ្នកភូមិជាច្រើនរស់នៅទីនោះបានឲ្យដឹងថា ពលរដ្ឋខែ្មរកម្ពុជាក្រោមជាង ១០០គ្រួសារ កំពុងតែបាត់បង់ដីធ្លីកសិកម្មជាច្រើនរយហិកតារចាប់តាំងពីឆ្នាំ ១៩៧៩មកម្ល៉េះ នៅគ្រាដែលមានការរត់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នារវាងកងទ័ព វៀតណាមនិងខែ្មរក្រហម ហើយជនជាតិវៀតណាមបានចូលកាន់កាប់ដីធ្លីនោះជារៀងរហូតមក។
ក្រុមគ្រួសារខែ្មរកម្ពុជាក្រោមជាង ១០០គ្រួសារនោះ ធ្លាប់បានងើបតវ៉ាទាមទារយកដីធ្លីនោះមកវិញកាលពីឆ្នាំ២០០០ ឆ្នាំ២០០១ កន្លងទៅ ដោយបានប្តឹងទៅអាជ្ញាធរឃុំ ស្រុក ខេត្ត និងរដ្ឋាភិបាលវៀតណាម សុំឲ្យជួយដោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានដំណោះស្រាយឡើយ ហើយបែរជាបានទទួលរងការគំរាមថានឹងប្រឈមមុខនឹងការចាប់ខ្លួន ដាក់គុក បើសិនណានឹងមានការងើបតវ៉ាទៀត។
មិនអាចទាក់ទងលោក ទ្រីញ បាកឹម អ្នកនាំពាក្យរបស់ស្ថានទូតវៀតណាមនៅក្នុងប្រទេសកម្ពុជាបានភ្លាមៗ ទេជុំវិញរឿងខាងលើនេះ ប៉ុន្តែលោកធ្លាប់មានប្រសាសន៍ទាក់ទងនឹងបញ្ហានេះថា មានមនុស្សមួយក្រុមតែប៉ុណ្ណោះ បានងើបតវ៉ារឿងដីធ្លីនោះ។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខែ្មរកម្ពុជាក្រោមប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ «ដី មួយចំនួន ការប្ដឹងផ្ដល់គ្នា រដ្ឋាភិបាលយួនអត់ដោះស្រាយទេ ដីទាំងអស់ហ្នឹងសុទ្ធតែមានកម្មសិទ្ធិត្រឹមត្រូវដែលគាត់កាន់កាប់ ប៉ុន្តែយួនគេបដិសេធទៅវិញ។ នេះមានន័យថា យួនបានរំលោភខ្លាំងក្លាមែនទែន ចំពោះប្រជាពលរដ្ឋខ្មែរក្រោមក្នុងការរឹបអូសយកដីធ្លី ផ្ទះសម្បែង»។
កាលពីខែមេសាកន្លងទៅ ព្រះសង្ឃ យឿង ស៊ិន ប្រធានសមាគមព្រះសង្ឃខែ្មរកម្ពុជាក្រោមនៅក្នុងប្រទេសប្រទេសកម្ពុជា បានដាក់សំណើទៅសភាជាតិកម្ពុជានិងស្ថាប័នរដ្ឋាភិបាលកម្ពុជា សុំឲ្យបង្កើតស្ថានកុងស៊ុលកម្ពុជានៅក្នុងក្រុងព្រែកឫស្សីដើម្បី ដោះស្រាយបញ្ហារបស់ខែ្មរកម្ពុជាក្រោម នៅគ្រាដែលប្រទេសវៀតណាមមានស្ថានកុងស៊ុលនៅក្នុងប្រទេសកម្ពុជា ស្ទើរតែគ្រប់ ២៤ខេត្តក្រុង ប៉ុន្តែនៅមិនទាន់មានចម្លើយឆ្លើយតបវិញពីសភាជាតិនិងរដ្ឋាភិបាល កម្ពុជាជុំវិញបញ្ហាខាងលើនេះនៅទ្បើយទេ៕
អត្ថបទគេហទំព័រវិទ្យុអាស៊ីសេរី.