ដោយៈ ចៅ មុនីខេមរា
ប្រភពពីព័ត៌មានបរទេសបានចុះផ្សាយពីកាលពីថ្មី ៗ នេះថា យ៉ាងហោចណាស់មានជនជាតិដើមខែ្មរកម្ពុជាក្រោមចំនួន ៣ រូប កំពុងតែលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីគេចពីការតាមដាន និងការស្វែងរកចាប់ខ្លួនដោយអាជ្ញាធរយួន ដែលគ្រប់គ្រងនៅក្នុងទឹកដីកម្ពុជាក្រោម ។
ប្រភពជាសាក្សីដែលបានជួបផ្ទាល់ជាមួយមនុស្សទាំង ៣នាក់នោះ បានឲ្យដឹងថា ជនជាតិដើមខែ្មរកម្ពុជាក្រោមទាំង ៣ នាក់នោះ ធ្លាប់បានបម្រើក្នុងចលនាកងទ័ពយួនសេរី ហៅ ធៀវគី កាលពីសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ ១៩៧៥ គាំទ្រដោយសហរដ្ឋអាមេរិកដើម្បីប្រឆាំង នឹងរដ្ឋាភិបាលកុម្មុយនីស្តយួនក្រុងហាណូយ ។
ជនជាតិដើមខ្មែរក្រោមទាំង ៣ នាក់ ដែលប្រភពមិនបានបញ្ចេញឈ្មោះ ពួកគាត់កំពុងតែរងការសង្ស័យថា បានបម្រើចលនាលទ្ធិប្រជាធិបតេយ្យ និងសេរីភាពដោយសារតែពួកគាត់មិនបានបង្ហាញខ្លួន និងសារភាពជាចំហទៅអាជ្ញាធរយួនកាលពីពេលកន្លង
មក ។
លោក ថាច់ ឈួនយ៉ាត ជាសមាជិកអង្គការខែ្មរកម្ពុជាក្រោមការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍បណ្តាញផ្សព្វផ្សាយព័ត៌មានបរទេសថា ៖ «អ្នកដែលខ្ញុំបានជួបហ្នឹង គាត់និយាយថា អ៊ីចេះ គាត់ថា អតីតទាហានជំនាន់រដ្ឋការ ធៀវគី ហើយដល់ពេលឆ្នាំ ៧៥ មកហ្នឹង គេច្រើនទៅសារភាពជម្រាបទៅ គេយកទៅជំរំកែប្រែអ៊ីចឹង ហើយដល់គាត់ គាត់អាងធ្វើទាហាននៅឆ្ងាយពីភូមិស្រុកអ៊ីចឹង គាត់លាក់ខ្លួន គាត់អត់ទៅសារភាពទេ។ ហើយដល់ពេលថ្មីៗនេះ គេដឹងថា គាត់ធ្វើទាហានអ៊ីចឹងទៅ មានគេប្រាប់ថា គេនឹងចាប់គាត់ហើយ ព្រោះគាត់លាក់ខ្លួន មានគោលបំណងមិនល្អ អ៊ីចឹងគាត់រត់គេច»។
លោកបានឲ្យទៀតដឹងថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំនៅប្រទេសកម្ពុជា បានបដិសេធមិនទទួលយកអ្នកទាំងនោះ ក្នុងឋានៈជាអ្នកសែ្វងរកសិទ្ធិជ្រកកោនផែ្នកនយោបាយទៅកាន់ប្រទេសទី ៣ទេ ។
ទាក់ទងនឹងបញ្ហានេះ លោក Toshi Kavayochi មន្រ្តីអ្នកនាំពាក្យរបស់ UNHCR ប្រចាំក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា អង្គការ UNHCR គ្មានគោលការណ៍រើសអើងអ្វីនោះទេ ប៉ុនែ្តផ្អែកតាមអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងUNHCR បានចែងថា ពលរដ្ឋខែ្មរកម្ពុជាក្រោមត្រូវបានចាត់ទុកថា ជាជនជាតិខែ្មរពេលដែលចូលទៅដល់ប្រទេសកម្ពុជា ។ ដូច្នេះហើយអង្គការ UNHCR ប្រចាំក្នុងប្រទេសកម្ពុជាមានសិទ្ធិទទួលស្គាល់តែជនជាតិដទៃដែលស្វែងរកសិទ្ធិជ្រកកោនប៉ុណ្ណោះ ។
លោក ទ្រីញ បាកាំ មន្រ្តីអ្នកនាំនៃស្ថានទូតយួននៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានក្រុមព្រះសង្ឃខ្មែរក្រោមស្នើឲ្យរដ្ឋាភិបាលយួនដកដំណែងលោក ដោយមិនបានតាមដានស្ថានការណ៍ច្បាស់លាស់ទាក់ទិននឹងបញ្ហាកើតមានឡើងទៅលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ហើយតែងអធិប្បាយបដិសេធន៍យ៉ាងត្រឡប់ត្រឡិននោះ បានមានប្រសាសន៍ប្រតិកម្មចំពោះការគេចខ្លួនរបស់ខ្មែរកម្ពុជាក្រោមចំនួន ៣ នាក់ខាងលើនេះថា ៖ «តាមពិត នៅវៀត
ណាម មានអ្នកដែលធ្លាប់បម្រើការនៅក្នុងរបប ធៀវ ពីមុន ប៉ុន្តែគាត់រត់ទៅអាមេរិក ក៏មានខ្លះ ឥឡូវគាត់មករកស៊ី ឬក៏មកសួរសុខទុក្ខគ្រួសារគេនៅវៀតណាមដែរតើ គេមានហាមឃាត់ឯណា»។
សូមរំឭកថា កាលពីដើមខែសីហា ឆ្នាំ ២០០៥ ព្រះសង្ឃ និងប្រជាពលរដ្ឋជនភៀសខ្លួនខ្មែរកម្ពុជាក្រោម ប្រមាណជាង ១០០ រូប បានប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខទីស្នាក់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន នៅក្នុងក្រុងភ្នំពេញបន្ទាប់ពីពួកគាត់រត់គេចពីរបបគ្រប់គ្រងក្រុងហាណូយ ។ ប៉ុន្តែការតវ៉ាទាមទារឲ្យមានការទទួលស្គាល់នោះពុំត្រូវបានជោគជ័យទេ ដោយសារដ្ឋាភិបាលកម្ពុជាបានសេចក្តីប្រកាសជាសាធារណៈ នៅថ្ងៃទី ៤ ខែសីហា បន្ទាប់ពួកគាត់ធ្វើការតវ៉ាប៉ុន្មានថ្ងៃថា ខ្មែកម្ពុជាក្រោមដែលបានគេចខ្លួនចូលទៅដល់ប្រទេសកម្ពុជា គឺត្រូវបានទទួលស្គាល់ជាពលរដ្ឋខ្មែរដោយស្វ័យប្រវត្តិ ។ ទោះជាយ៉ាងណាសកម្មជនការពារសិទ្ធិ និងសេរីភាពរបស់ខែ្មរកម្ពុជាក្រោម ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេសតែងតែរិះគន់ និងចោទប្រកាន់ថា អាជ្ញាធរយួនបិទសិទ្ធិសេរីភាព គាបសង្កត់ជំនឿសាសនានិងប្រពៃណីខែ្មរ និងសិទ្ធិសេរីភាពរបស់ខ្មែរកម្ពុជាក្រោម ៕.