ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសអូស្ត្រាលី នៅថ្ងៃទី ២៥ ខែកក្កដា នេះ បានធ្វើបាតុកម្ម នៅទីក្រុង Canbera រដ្ឋធានីនៃប្រទេសអូស្ត្រាលី ដើម្បីទាមទារឲ្យមន្ត្រីស្ថានទូតវៀតណាម ប្រចាំកម្ពុជា សុំទោស ពលរដ្ឋខ្មែរជាសាធារណៈ និងជម្រុញឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិខ្មែរក្រោម នៅកម្ពុជាក្រោម ។ បាតុកម្មនេះ មានមនុស្សប្រមាណជាង ២០០ នាក់ មកទីក្រុងម៉ែលប៊ន ទីក្រុងស៊ីដនី ទីក្រុងអាដាឡែត និងទីក្រុង Canbera បានជួបគ្នាហើយយកញត្តិទៅដាក់នៅស្ថានទូតប្រទេសមួយចំនួន ដូចជា បារាំង អាមេរិក អាល្លឺម៉ង់ ចិន អង់គ្លេស សហភាពអឺរ៉ុប រដ្ឋសភាអូស្ត្រាលី និងស្ថានទូតវៀតណាម ។

លោក ង៉ែត ធារិន្ទ ពលរដ្ឋខ្មែរក្រោមដែលបានចូលរួមក្នុងការធ្វើបាតុកម្មនេះ បានថ្លែងប្រាប់វិទ្យុសំឡេង កម្ពុជាក្រោម អំពីគោលបំណងនៃការធ្វើបាតុកម្មនេះថា ដើម្បីទាមទារឲ្យលោក ត្រឹង វ៉ាំង ថុង អ្នកនាំពាក្យ ស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជាសុំទោសពលរដ្ឋខ្មែរជាសាធារណៈ ដែលមន្ត្រីយួនរូបនេះ បានថ្លែងថា ដែនដីកម្ពុជាក្រោម ជារបស់វៀតណាមតាំងពីយូរយារណាស់មកហើយ ។
ក្រៅពីការជួបជុំគ្នាសម្ដែងមតិ ក្រុមអ្នកតវ៉ាក៏បានបញ្ជូនញត្តិទៅស្ថានទូតប្រទេសនានា និងស្ថានទូតវៀត ណាម ដើម្បីជម្រុញឲ្យប្រទេសមហាអំណាចដាក់សម្ពាធទៅរដ្ឋាភិបាលវៀតណាមឲ្យបញ្ឈប់ការរំលោភ សិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោមម្ចាស់ ស្រុក នៃដែនដីកម្ពុជាក្រោម ។

លោក ង៉ែត ធារិន្ទ បានបញ្ជាក់ថា ញត្តិដែលក្រុមតវ៉ាបានដាក់ទៅស្ថានទូតប្រទេសនានានោះ គឺស្នើទៅ រដ្ឋាភិបាលវៀតណាមអនុវត្តតាមអនុសាសន៍មួយចំនួន ដូចជា ទទួលស្គាល់ការពិតប្រវត្តិសាស្ត្រ ដែនដីកម្ពុជាក្រោម កែទម្រង់ប្រព័ន្ធអប់រំដោយដាក់បញ្ចូលកម្មវិធីសិក្សាប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម បោះពុម្ពសៀវភៅប្រវត្តិសាស្ត្រកម្ពុជាក្រោម និងសុំទោសពលរដ្ឋខ្មែរជាសាធារណៈចំពោះសម្ដីរបស់អ្នកនាំ ពាក្យស្ថានទូតវៀតណាម ដែលពលរដ្ឋខ្មែរចាត់ទុកថា ជាការបំភ្លៃប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ។
លោក ង៉ែត ធារិន្ទ បានបញ្ជាក់អំពីប្រយោជន៍ដែលរដ្ឋាភិបាលវៀតណាមទទួលស្គាល់ការពិត ប្រវត្តិសាស្ត្រ នៃដែនដីកម្ពុជាក្រោម ថា វានឹងធ្វើឲ្យពលរដ្ឋខ្មែរក្រោមស្គាល់ពីប្រវត្តិសាវតាររបស់ខ្លួន ហើយមានស្មារតី ក្នុងការការពារអត្ដសញ្ញាណជាតិរបស់ពួកគេ និងអាចធ្វើឲ្យពលរដ្ឋខ្មែរក្រោមមានសេចក្ដីសម្រេចមួយ ក្នុង ការទាមទារ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” នៅលើដែនដីកម្ពុជាក្រោម នៅពេលអនាគត ។
ក្រៅពីប្រទេសអូស្ត្រាលី សហព័ន្ធខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក ក៏ធ្វើបាតុកម្មនៅមុខស្ថានទូតវៀត ណាម នៅរដ្ឋធានី Washington នាថ្ងៃទី ២៥ ខែកក្កដា នេះ ក្នុងគោលបំណងដូចគ្នានេះដែរ ។ ចំណែក នៅទីក្រុងប៉ារិស ប្រទេសបារាំង នឹងធ្វើនៅថ្ងៃទី ១ ខែសីហា ។
ការធ្វើបាតុកម្មនេះ បន្ទាប់ពីសហព័ន្ធខ្មែរកម្ពុជាក្រោមបានចេញសេចក្ដីអំពាវនាវមួយ ចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៤ ឲ្យសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមទូទាំងពិភពលោក ធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម “ដើម្បីថ្កោលទោស តំណាងស្ថានទូតវៀតណាមនៅប្រទេសកម្ពុជាដែលបំភ្លៃការពិត និង កែប្រែប្រវត្តិសាស្ត្រ និងទាមទារឲ្យរដ្ឋាភិបាល វៀតណាមទទួលស្គាល់ការពិតប្រវត្តិសាស្ត្រ នៃដែនដីកម្ពុជាក្រោមថា ដែនដី “កម្ពុជាក្រោម” ជាអតីតទឹកដីមួយ ភាគរបស់ប្រទេសកម្ពុជា” ។
កាលពីខែមិថុនាកន្លងទៅនេះ អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅក្នុងប្រទេសកម្ពុជា លោក ត្រឹង វ៉ាំង ថុង (Tran Van Thong) បានអះអាងប្រាប់វិទ្យុអាស៊ីសេរីជាខេមរភាសាថា ដែនដីកម្ពុជាក្រោម ជាទឹកដីរបស់ប្រទេសវៀតណាមជាយូរយារណាស់មកហើយ និងថា គ្មានភស្តុតាងណាមួយជាមូលដ្ឋានដើម្បីបញ្ជាក់ថា ដែនដីកម្ពុជា ក្រោម ត្រូវបានបាត់ទៅភាគីវៀតណាមទេ ។ លោក ត្រឹង វ៉ាំង ថុង បាននិយាយថា «បារាំងមិនបានកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាមទេ តែកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមតាំងពីយូរយារណាស់មកហើយ» ។
ដោយខឹងសម្បានឹងសម្ដីរបស់មន្ត្រីស្ថានទូតវៀតណាម នៅថ្ងៃទី ៨ និងទី ២១ – ២២ ខែកក្កដា ប្រជា ពលរដ្ឋខ្មែរ និង ព្រះសង្ឃដែលដឹកនាំដោយសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជាជាងមួយម៉ឺននាក់ បានហែញត្តិ ដាក់ស្ថានទូតប្រទេសមហាអំណាចចំនួន ៦ ក្នុងទីក្រុងភ្នំពេញ និងបានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខស្ថានទូតវៀតណាម ដើម្បីទាមទារឱ្យអ្នកនាំពាក្យស្ថានទូតនេះ ចេញមុខសុំទោសជាសាធារណៈ ។
រហូតមកដល់ពេលនេះ តំណាងស្ថានទូតវៀតណាមនៅមិនទាន់ទទួលយកញត្តិពីក្រុមអ្នកតវ៉ាទេ ហើយ ក៏មិនទាន់បានសុំទោសពលរដ្ឋខ្មែរជាសាធារណៈដែរ ។ លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិត បញ្ញវន្តកម្ពុជា បានដាក់ឱសានវាទរយៈពេល ២ សប្ដាហ៍ ចាប់ពីថ្ងៃទី ២២ ខែកក្កដា ទៅ ដើម្បីឲ្យ មន្ត្រីស្ថានទូតវៀតណាមឆ្លើយតបនឹងក្រុមអ្នកតវ៉ា បើពុំដូច្នេះទេ ពួកគេនឹងធ្វើមហាបាតុកម្មសាជាថ្មីនៅ មុខស្ថានទូតវៀតណាម នាពេលខាងមុខនេះ ៕