ពលរដ្ឋខ្មែរក្រោម នៅប្រទេសនានា ប្រារព្ធ ខួប ៥ ឆ្នាំ នៃ ព្រឹត្តិការណ៍ ០៨ កុម្ភៈ ដើម្បី រំឭកឡើងវិញនូវ ការតស៊ូរបស់សមណសិស្ស ខ្មែរក្រោម នៃសាលាបាលី ជាន់ខ្ពស់ខេត្ត ឃ្លាំង ដែលបានក្រោកឡើងធ្វើបាតុកម្ម នៅ មុខការិយាល័យនគរយួនខេត្តឃ្លាំង កាល ពី ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ទាមទារឲ្យ អាជ្ញាធររៀតណាម គោរពសិទ្ធិខ្មែរក្រោម ម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម។ ពីប្រទេស អូស្ត្រាលីឯណោះ សហគមន៍ព្រះសង្ឃខ្មែរ កម្ពុជាក្រោមពិភពលោក បានចេញ ចុះផ្សាយ នូវបទវិចារណកថាមួយ ដែលបានផ្សាយ នៅលើគេហទំព័ររបស់ខ្លួន នាថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១២ ដើម្បីឧទ្ទិសដល់ព្រឹត្តិការណ៍ ០៨ កុម្ភៈ ថា ៖ “ថ្ងៃនេះ គឺជាថ្ងៃ នៃទំព័រប្រវត្តិ សាស្រ្តថ្មីមួយ ដែលសមណនិស្សិត ខ្មែរក្រោម ក្រោកឡើងតវ៉ាទាមទារសិទ្ធិសេរី ភាពនៃជំនឿសាសនា ពីរដ្ឋាភិបាល យួន នៅឯដែនដីកម្ពុជាក្រោម ហើយក៏ជាថ្ងៃប្រវត្តិសាស្រ្តមួយ ដែលឈឺចាប់បំផុត សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោម យើងអ្នកកាន់ ព្រះពុទ្ធសាសនា។ ត្រង់នេះចង់បានន័យថា ក្រោយពីមានការក្រោកឡើងទាម ទារដើម្បីសិទ្ធិ សេរីភាពនៃជំនឿ សាសនា នោះមានព្រះសង្ឃជាច្រើនត្រូវបានអាជ្ញាធរកុម្មុយ និស្តយួនចាប់បកស្បង ចីពរផ្សឹកទាំងកំរោល និងព្រះសង្ឃជាសមណនិស្សិត មួយចំនួនធំ ត្រូវបានបញ្តេញចេញពី សាលាបាលី ដែលគួរឲ្យឈឺចាបបំផុត នោះព្រះសង្ឃទាំង ៥ ព្រះអង្គ គឺ ព្រះ តេជព្រះគុណ គឹម មឿន ព្រះតេជ ព្រះ គុណ លី សឿង ព្រះតេជ ព្រះគុណ យ័ញ តូន ព្រះតេជព្រះគុណ លី ហ្វាង និងព្រះតេជព្រះគុណ ថាច់ ធឿង ដែលក្រោយពីការ ចាប់ផ្សឹកអាជ្ញាធរយួន ក៏បានដាក់ពន្ធនាគារ ព្រះអង្គយ៉ាងអយុត្តិ ធម៌ជាទីបំផុត” ។
បទវិចារណកថាបានបន្តទៀតថា៖ “អ្វីដែលលើកឡើងមកនេះគឺសហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោម ពិភព លោក ចង់ឲ្យព្រះតេជព្រះគុណ ញាតិញោម ពុទ្ធបរិស័ទទាំងអស់បានដឹង និងចងចាំជានិច្ចនូវថ្ងៃប្រវត្តិ ដ៏ធំធេងមួយនេះ ព្រោះ ថាពេលកន្លងមកក្រៅ ពីសហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភពលោក គឺពុំមាន អ្នកណាចាប់អារម្មណ៍ ដល់ថ្ងៃនេះឡើយ ហើយទន្ទឹមនឹងនេះ ដែរក៏មានបុគ្គលខិលខូច មួយចំនួន បានកេងប្រ វ័ញ្ចយកថ្ងៃនេះ ទៅឃោសនាផ្សព្វផ្សាយ ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន តែថ្ងៃនេះសហគមន៍ព្រះសង្ឃ ខ្មែរកម្ពុជាក្រោម ពិភពលោក ប្រារព្ធធ្វើឡើងគឺចង់បង្ហាញដល់ញាតិញោម ដឹងថា នេះគឺជា ទឹកចិត្ត និងឆន្ទៈ របស់ព្រះសង្ឃខ្មែរ កម្ពុជាក្រោម ដែលរស់នៅលើទឹកដី កម្ពុជាក្រោមពិតៗ ហើយហ៊ានលះបង់គ្រប់យ៉ាង ដើម្បីជាតិ សាសនា និង មាតុភូមកម្ពុជាក្រោមយើង ” ។
ពីប្រទេសកាណាដា សហព័ន្ធខ្មែរកម្ពុជាក្រោមបានចេញថ្លែងការណ៍មួយចុះ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១២ ចាប់អារម្មណ៍ដល់ព្រឹត្តិកាណ៍ ០៨ កុម្ភៈ ថា ជា«ព្រឹត្តិកាណ៍ ដ៏អង់ក្លាហាន» ដែលសមណសិស្សខ្មែរក្រោម ហ៊ានងើបឡើងតស៊ូ ដើម្បីទាមទារ សិទ្ធិសេរីភាពជូនខ្មែរកក្រោម ដែលជានិច្ចកាលត្រូវបានអាជ្ញាធរយួន រំលោភ បំពាន ។
ទីបញ្ចប់ នៃសេចក្ដីថ្លែងការណ៍នេះព្រះតេជព្រះគុណ ធីធី ធម្មោ អគ្គលេខាធិការសហ ព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងតាងនាមគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជា ក្រោមថា ព្រះអង្គចាត់ទុកព្រឹត្តិការណ៍ ០៨ កុម្ភៈ ថា៖ “ជាថ្ងៃប្រវត្តិសាស្ត្ររបស់ព្រះសង្ឃខ្មែរក្រោម ពលរដ្ឋខ្មែរក្រោម ដែលរស់នៅលើ ដែនដីនេះ ។ ហើយជា ទិវាជ័យជំនះ ដែលទីក្រុងហាណូយត្រូវបរាជ័យ ពិសេស គឺត្រូវប្រទេសដែលស្រឡាញ់ និងគោរពប្រជា ធិបតេយ្យ សេរីជំនឿ បានចាត់ទុក ថាជារបបថោកទាប គួរឲ្យស្អប់ខ្ពើមរបស់រដ្ឋាភិបាលបាល ទីក្រុងហាណូយ បានរំលោភសិទ្ធិ ព្រះពុទ្ធសាសនាថេរ វាទខ្មែរក្រោម” ។
ពីប្រទេសថៃ ព្រះសង្ឃ និង ជនភៀសខ្លួនខ្មែរក្រោម នៅទីក្រុងបឹងកក់បានប្រារព្ធខួប ឆ្នាំទី ៥ នៃព្រឹត្តិការណ៍ ០៨ កុម្ភៈ នៅថ្ងៃទី ៥ ខែកុម្ភៈ ដោយមានការចូលរួមថ្លែងចាប់ អារម្មណ៍ពីព្រះ សង្ឃជាអតីតសមណប្បាតុករ ក្នុងព្រឹត្តិការណ៍មួយនេះ ផងដែរ ។ ព្រះតេជព្រះគុណ ចៅ សុខ សមណនិស្សិត នៃសកលវិទ្យាល័យ មាហាចុឡាឡុង ករណ៍រាជវិទ្យាលល័យ ប្រចាំខេត្តសុរិន្ទ បានថ្លែងអំពីមូលហេតុដែលនាំឲ្យព្រះអង្គរំឭក ឡើងវិញ នូវព្រឹត្តិ ការណ៍មួយនេះថា ៖ “ដើម្បីដាស់សតិអាម្មណ៍ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមទូទាំងពិភពលោក ឲ្យមាន ការតស៊ូហ៊ាន ក្រោកឡើងចំពោះការរំលោភសិទ្ធិ ពីសំណាក់រដ្ឋាភិ បាលវៀតណាម និងជាសារមួយ សម្រាប់ព្រមានដល់រដ្ឋាភិបាលបក្ស កុម្មុយនិស្សយួនឲ្យបានដឹងថា ដារាបណាអាជ្ញាធរយួន នៅតែរំលោភ សិទ្ធិលើខ្មែរក្រោម ដារាបនោះ ព្រឹត្តិការណ៍ ០៨ កុម្ភៈ នឹងកើតឡើងទូទាំង ដែនដីកម្ពុជាក្រោម ជាលក្ខណៈទ្រង់ធំ ដែលមានព្រះសង្ឃចូលរួមរាប់ម៉ឺន អង្គ ព្រោះកន្លែងណាមានការគាបសង្កត់ កន្លែងនោះ តែងតែមានការរើបំម្រះ” ។
ពីប្រទេសហូឡង់ ព្រះសង្ឃខ្មែរក្រោម និង លោក លី សឿង ជាអតីតសមណប្បាតុករ ក្នុងព្រឹត្តិការណ៍ ០៨ កុម្ភៈ ដែលត្រូវបានអាជ្ញាធរយួនចាប់ផ្សឹក ហើយញាត់គុកនៅខេត្ត ឃ្លាំងនោះ ក៏បានរំឭកខួប ៥ ឆ្នាំ នៃព្រឹត្តិការណ៍ មួយនេះដែរ ។ លោក លី សឿង បានប្រាប់ សារព័ត៌មាន ព្រៃនគរ ថា លោក ប្រារព្ធពិធីរំឭកខួប ៥ ឆ្នាំ នៃព្រឹត្តិការណ៍ ០៨ កុម្ភៈ នេះ គឺចំថ្ងៃបុណ្យមាឃបូជា ព. ស. ២៥៥៥ ដែលប្រព្រឹត្ត ទៅនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១២ ។ លោក លី សឿង បានថ្លែងថា “ខ្ញុំបានផ្ដួចផ្ដើម ឲ្យមានការប្រារព្ធខួបនេះឡើង គឺធ្វើពិធីរំឭកខួប ៥ ឆ្នាំ នៃព្រឹត្តិការណ៍ ០៨ កុម្ភៈ ផង និង ពិធីបុណ្យមាឃបូជា ផង ” ។ លោក លី សឿង បានប្រាប់អំ ពីមូលហេតុ ដែលនាំឲ្យលោករំឭកខួបនេះថា ដើម្បីរំឭក ឡើងវិញនូវការឈឺចាប់ ដែលអាជ្ញាធរវៀតណាម បានខ្លួនលោកដាក់គុក និងធ្វើទុក្ខបុក ម្នេញដល់ពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមក ។ សូមរំឭកឡើងវិញថា កាលពី ៥ ឆ្នាំមុននៅថ្ងៃ ទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណសិស្ស សាលាបំពេញវិជ្ជា បាលីមធ្យមសិក្សាភាគខាងត្បូង (Trường Bổ Túc Văn Hóa Pali Trung CấpNam Bộ) ឬ បាលីជាន់ខ្ពស់ ខេត្តឃ្លាំង ឋិតនៅក្នុងវត្តឃ្លាំង ទីរួមខេត្តឃ្លាំង បានធ្វើបាតុកម្មទាមទារឲ្យអាជ្ញាធរវៀតណាម គោរពសិទ្ធិសេរីភាពរបស់ខ្មែរក្រោមនៅ ដែនដីកម្ពុជាក្រោម ។
ការធ្វើបាតុកម្មនេះ មានព្រះសង្ឃខ្មែរក្រោមប្រមាណជាង ២០០ អង្គបានធ្វើក្បួនដង្ហែចេញ ពីវត្តឃ្លាំងឆ្ពោះទៅ មន្ទីរនគរបាលខេត្តនៃរដ្ឋាភិបាលបក្ស កុម្មុយនិស្តវៀតណាម ដោយលើកហេតុផលថា នគរបាលចរាចរណ៍របស់ វៀតណាម បានហាមព្រះសង្ឃខ្មែរក្រោមក្នុងសាលាមួយនេះនិមន្តចេញបិណ្ឌបាត្រ។ ក្រោយពី ការធ្វើបាតុកម្ម នេះ ព្រះសង្ឃខ្មែរក្រោម ជាច្រើនអង្គត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹក បញ្ឈប់ការសិក្សា និងដាក់ពន្ធនាគារ ដោយចោទពីបទ «បង្កឲ្យខូចសណ្តាប់ ធ្នាប់ទីសា ធារណៈ» ។ ក្រោយមក នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ព្រះសង្ឃខ្មែរ ក្រោមចំនួន ៥ អង្គ ត្រួវបានតុលាការប្រជាជននៃបក្សកុម្មុយនិស្ត វៀតណាម ប្រកាសសាលក្រមឲ្យជាប់គុក ម្នាក់ៗ ពី ២ ទៅប ៤ ឆ្នាំ ពីបទ «បង្កឲ្យខូចសណ្តាប់ធ្នាប់ទីសាធារណៈ» ។
លទ្ធផលនៃការធ្វើបាតុកម្មនេះ អាជ្ញាធរវៀតណាមបានផ្តល់ឲ្យព្រះសង្ឃ និងពលរដ្ឋ ខ្មែរក្រោមទូទាំងខេត្តឃ្លាំង មានសិទ្ធិប្រារព្ធបុណ្យកឋិន ថ្ងៃណាមួយក្នុងចំណោម ២៩ ថ្ងៃនៃរដូវកឋិនតាមពុទ្ធានុញ្ញាត ខណៈដែលពីមុន រដ្ឋាភិបាលវៀតណាម បានបង្ខំឲ្យព្រះ សង្ឃ និងពលរដ្ឋ ខ្មែរក្រោម នៅខេត្តឃ្លាំងធ្វើបុណ្យកឋិនទាន បានត្រឹមតែមួយថ្ងៃ បុណ្ណោះ ។ ការ ដែលអាជ្ញាធរវៀតណាម បានបង្ក្រាបដោយវិធីចាប់ផ្សឹក ដេញសមណ សិស្សសាលា បាលីចេញពីសាលា និងចាប់ព្រះសង្ឃញាត់គុក នៅក្នុងព្រឹត្តិការណ៍មួយ នេះ បានធ្វើឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទូទាំងពិភពលោក ធ្វើបាតុកម្មទាមទារ គ្រប់ទីកន្លែងក្នុង គោលបំណងជម្រុញឲ្យអាជ្ញាធរ វៀតណាម ដោះលែងព្រះសង្ឃទាំង ៥ ដែលបានជាប់ពន្ធនាគារនោះ ឲ្យមានសេរីភាពវិញ ។
ក្រោយពី បានអាជ្ញាធរវៀតណាមដោះលែងចេញ ពីពន្ធនាគារ អតីតព្រះសង្ឃខ្មែរក្រោម ទាំង ៥ អង្គ បានភៀស ខ្លួន ទៅសុំសិទ្ធិជ្រកកោន នៅឧត្តម ស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំទីក្រុងបឹងកក់ ប្រទេសថៃ ហើយក៏បានអង្គការមួយនេះ បញ្ជូនទៅតាំងទីលំនៅៗ ប្រទេសទី ៣ ដោយសុវត្ថិភាព ៕ ប្រភពព័ត៌មាន៖ សារព័ត៌មានព្រៃនគរ