ដោយៈ VOKK
ប្រជាលពរដ្ឋខ្មែរក្រោម ក្នុងស្រុកស្វាយទង ខេត្តមាត់ជ្រូក ឬយួនហៅអាងយ៉ាង បាននិយាយឲ្យដឹងកាលពីចុងសប្តាហ៍នេះថា ពួកគាត់បាននាំគ្នាទៅទីស្នាក់ការសាលាឃុំចូវឡាំង ស្រុកស្វាយទង ខេត្តមាត់ជ្រូក ដើម្បីជំរុញឲ្យរដ្ឋអំណាចយួនធ្វើការដោះស្រាយរាល់ពាក្យបណ្តឹងទាំងឡាយ ដែលបានដាក់ជូនកាលពីកន្លងមក ប៉ុន្តែគ្មានលទ្ធផលអ្វីឡើយ ។
ប្រភពពីស្រ្តីខ្មែរក្រោម រស់នៅក្នុងស្រុកខាងលើ បានឲ្យវិទ្យុសំឡេងកម្ពុជាក្រោមដឹង ដោយហាមមិនឲ្យបញ្ចេញឈ្មោះថា ពួកគាត់ទើបនឹងបានលើកគ្នាចំនួន ២៦ នាក់ ទៅជួបប្រធានគណៈកម្មាធិការឃុំចូវឡាំង កាលពីថ្ងៃទី ២២ ខែធ្នូ ដើម្បីជំរុញឲ្យរដ្ឋអំណាចយួនដោះស្រាយពាក្យបណ្តឹងរាប់ពាន់ពាក្យ ដែលក្រុមប្រជាពលរដ្ឋដាក់ជូនកាលពីកន្លងមក ។
ស្រ្តីជនជាតិដើមខ្មែរក្រោម ដែលអះអាងថាខ្លួនបាត់បង់ដីធ្លីចំនួន ៥ កុង និយាយថា ការលើកគ្នាទៅជួបគណៈកម្មាធិការប្រជាជន នៅឯសាលាឃុំចូវឡាំងលើកនេះ គឺមិនមែននាំគ្នាធ្វើបាតុកម្ម ឬប្រឆាំងរដ្ឋអំណាចយួនអីនោះទេ គឺពួកគាត់គ្រាន់តែចង់ដឹងពីលទ្ធផល និងសមត្ថភាព នៃការដោះស្រាយពាក្យបណ្តឹងរឿងដីធ្លី របស់ក្រុមអាជ្ញាធរយួនដល់ណាហើយតែប៉ុណ្ណោះ ។ ស្រ្តីដែលហាមមិនឲ្យបញ្ចេញឈ្មោះរូបនេះបន្តឲ្យដឹងថា ការលើកគ្នាច្រើនទៅសួរបែបនេះ គឺចង់បង្ហាញពីភាពសាមគ្គីគ្នារបស់ជនរងគ្រោះខ្មែរក្រោម ដែលកំពុងត្រូវបានរដ្ឋអំណាចយួនរឹបអូសយកដីធ្លីស្រែចំការ ហើយម្យ៉ាងទៀតជៀសវាងការគំរាមកំហែង ឬការចាប់ខ្លួនដោយស្ងាត់ណាមួយពីរដ្ឋអំណាចយួន ។
ចំណែកឯស្រ្តីម្នាក់ផ្សេងទៀត អាយុប្រមាណ ៤០ ឆ្នាំ បានឲ្យវិទ្យុសំឡេងកម្ពុជាក្រោម ដឹងដែរថា ការនាំគ្នាទៅសាលាឃុំលើកនេះ គឺពុំទទួលបានលទ្ធផលអ្វីឡើយ ព្រោះរដ្ឋអំណាចយួននៅតែបង្ហាញពីភាពអសមត្ថភាពក្នុងការដំណោះស្រាយជាដដែល ។ ស្រ្តីចំណាស់ អាយុប្រមាណ ៤០ ឆ្នាំ ខាងលើនេះបន្តឲ្យដឹងទៀតថា ការលើកគ្នាទៅសាលាឃុំកាលពីព្រឹកថ្ងៃទី ២២ ខែធ្នូ កន្លងមក ក្រុមអាជ្ញាធរយួនថ្នាក់ឃុំបាននិយាយយ៉ាងច្បាស់ថា ពួកគេមិនអាចដោះស្រាយនូវពាក្យបណ្តឹងរាប់ពាន់ ដែលពួកគេបានទទួលកាលពីកន្លងមកនោះទេ ។ ក្រៅពីនេះ ពួកអាជ្ញាធរយួនបានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋធ្វើពាក្យបណ្តឹងសារជាថ្មី ឬមួយត្រូវតែទទួលយកលិខិតសម្គាល់មួយច្បាប់ ដែលសរសេរថា រដ្ឋអំណាចយួនបានទទួលពាក្យបណ្តឹងហើយ តែមិនទាន់មានសមត្ថភាពដោះស្រាយ ។
ក្រុមអ្នកភូមិនៅស្រុកស្វាយទង បានបញ្ជាក់បន្ថែមថា ប្រសិនបើរដ្ឋអំណាចយួន គ្មានសមត្ថភាពរកដំណោះស្រាយជូនពួកគាត់ ហើយអូសបន្លាយពេលវេលាទៀត ពួកគាត់នឹងធ្វើបាតុកម្មអហិង្សានាពេលខាងនេះ ដើម្បីជំរុញឲ្យរដ្ឋអំណាចយួនដោះស្រាយ និងប្រគល់ដីធ្លីដែលបានរឹបអូសជូនទៅពួកគាត់វិញ ។ គួររំលឹកជូនថា វិវាទដីធ្លីក្នុងខេត្តមាត់ជ្រូក បានឈានដល់ដំណាក់តានតឹងបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។ ប្រជាលរដ្ឋខ្មែរក្រោមក្នុងខេត្តនេះតែងអះអាងថា ដីធ្លីរបស់ពួកគាត់ត្រូវបានរដ្ឋាភិបាលយួនរឹបអូសយក កាលពីអំឡុងឆ្នាំ ១៩៧៨ ក្រោយពេលរដ្ឋាភិបាលកុម្មុយនិស្តយួនប្រើល្បិចជន្លៀសពួកគាត់ទៅរស់នៅឯតបន់ទឹកលិច តំបន់សេដ្ឋកិច្ចថ្មី ខេត្តឃ្លាំង និងខេត្តហូវយ៉ាងជាដើម ៕.