ខ្មែរក្រោមជាសាក្សីរស់ដែលវៀតណាមចាប់ដាក់គុក បានចូលបង្ហាញខ្លួនក្នុងវេទិកាជនជាតិដើមនៅអង្គការសហប្រជាជាតិ

អតីតអ្នកបួសខ្មែរក្រោម ៣ រូបដែលបានរួចផុតពីការជាប់គុកនៅប្រទេសវៀត ណាមបានចូលបង្ហាញខ្លួនជាសាក្សីរស់​ នៅក្នុងកិច្ចប្រជុំនៃវេទិកាអចិន្ត្រៃយ៍ ស្តីពីជនជាតិដើម លើកទី ៩ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិនាបុរីញ៉ីវយ៉ក កាលពីថ្ងៃច័ន្ទ ទី ២៦ ខែមេសា កន្លងមកនេះ ។

លោក ថាច់ ង៉ុក ថាច់ នាយកប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា អតីតចៅអធិការវត្តភ្នំដិនខាង ជើង នៃខេត្តតាកែវ ទឹម សាខន និងឧទ្ទេសាចារ្យពីររូបទៀតគឺ លោក យ័ញ តូន និង លោក គឹម មឿន ត្រូវបានបង្ហាញខ្លួន នៅក្នុងកិច្ចប្រជុំរបស់ក្រុមយុវជននៃប្រទេសដែលជាសមាជិក ក្នុងទី្វបអាស៊ីនៃអង្គការរបស់ជនជាតិដែលគ្មានអាសនៈតំណាងក្នុងសហប្រជាជាតិហៅកាត់ថា UNPO ដែលបានការទទួលរាក់ទាក់ពីសមាជិកវេទិកានោះផង ។

លោក ថាច់ ង៉ុក ថាច់ បានមានប្រសាសន៍ថា៖​ «ថ្ងៃនេះ សហព័ន្ធខ្មែរ  កម្ពុជាក្រោម (KKF) បាននាំលោកគ្រូ ទឹម សាខន, គឹម មឿន យ័ញ តូន ទៅចូលរួមក្នុងវេទិកាអចិន្ត្រៃយ៍ នៃជនជាតិដើម នៅថ្ងៃនេះ យើងក៏បានសហការគ្នាជាមួយនឹងយុវជនតំបន់ខាងអាស៊ីដោយបានទៅចូលនៅខ្លោងទ្វារពិសេស ទាក់ ទងដល់លោកគ្រូ ទឹម សាខន នៃការរំលោភ របស់រដ្ឋាភិបាលយួន ចំពោះព្រះសង្ឃខ្មែរក្រោមយើង ហើយនៅក្នុងនោះក៏យើងបានបញ្ជាក់ថា មានសាក្សីរស់ដែលបានមកឈរនៅមុខគណៈកម្មការ នៅថ្ងៃនេះ ។ ដូច្នេះហើយ យើងឃើញថា មានការគាំយ៉ាងខ្លាំង ។ តមកទៀតហ្នឹង ក៏លោកស្រីអធិបតីនៃអង្គប្រជុំ ក៏បានមានប្រសាសន៍ថា សម្តីរបស់យុវជនយុវ តីទាំងអស់នេះ គាត់នឹងយកទៅពិនិត្យ មើល យ៉ាងយកចិត្តទុកដាក់ ហើយនឹងអនុវត្តតាមសេចក្តីស្នើបស់យុវជន យុវតីនៅខាងផ្នែកតំបន់អាស៊ីហ្នឹង »

លោកនាយកប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ថាច់ ង៉ុក ថាច់ បានឲ្យដឹងទៀតថា តំណាងប្រទេសវៀតណាម បានឡើងថ្លែងបដិសេធ និងបានចោទប្រកាន់សេចក្តីថ្លែងការណ៍របស់ក្រុមយុវជនប្រទេសអាស៊ីថា ជាសេចក្តីថ្លែងការណ៍បែបនយោបាយ និងពុំមានភស្តុតាងពិតប្រាកដ និងចង់បានថ្លែងថា ពុំមានជនជាតិដើមនៅវៀតណាមទេ គឺមានតែជនជាតិភាគតិចតែប៉ុណ្ណោះ ។

សូមជំរាបថា ក្នុងសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធយុវជន នៃប្រទេសក្នុងទ្វីបអាស៊ី កាលពីថ្ងៃច័ន្ទទី ២៤ ខែមេសា កន្លងទៅនេះ មានរួមបញ្ចូល ទាំងសេចក្តីអំពាវនាវសុំឲ្យរដ្ឋាភិបាលនៃប្រទេសអាស៊ីទាំងអស់ទទួលស្គាល់ នូវសិទ្ធិជនជាតិដើមឲ្យបានខ្ជាប់ខ្ជួន ។

សេចក្តីថ្លែងបានបន្តថា ទោះបីប្រ ទេសមួយចំនួនដែលបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងអន្តរជាតិ ឆ្នាំ ២០០៧ទទួលស្គាល់ នូវសិទិ្ធនៃជនជាតិដើមជា មួយប្រទេស ១៤៣ ផ្សេងទៀតហើយក្តី ក៏សន្ធិសញ្ញានោះពុំបានត្រូវគោរពដោយប្រទេសមួយចំនួន ដូចជាប្រទេសវៀតណាម ជាដើម ។

សេចក្តីថ្លែងការណ៍បានផ្តល់ជូននូវឧទាហរណ៍ ដោយបង្ហាញសាក្សីរស់ដែលជាអតីតអ្នកបួសទាំង ៣ រូបនោះ  ផង ។

កញ្ញា ប៉ែន សាស្តា នៃវិទ្យុខ្មែរពិភពលោក ដែលមានវត្តមាន នៅទីប្រជុំនៃអង្គការសហប្រជាជាតិ នាបុរីញ៉ីវយ៉កបានបញ្ជាក់ពីសេចក្តីថ្លែងនោះ ដូច្នេះ «គឺដោយសារការដាក់ទារុណកម្មព្រះសង្ឃទាំង ៣ អង្គចាប់ផ្សឹក ហើយចាប់ដាក់គុកទៀត អ៊ីចឹងទៅ គេយករឿងទាំងអស់ហ្នឹង មកបកស្រាយនូវអនុសាសន៍មួយចំនួន ក្នុងកិច្ចប្រជុំហ្នឹង ។ ដោយឡែក ការឆ្លើយតបរបស់រដ្ឋាភិ   បាលវៀតណាមវិញ បានបដិសេធន៍ថា អ្នកទោស ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) នាំទៅបង្ហាញ់ខ្លួននេះ គឺជាអ្នកទោសក្លែងក្លាយ មិនមែនជាការពិតទេ  ហើយសូមឲ្យខាង UN ហ្នឹងពិ  និត្យមើលម្តងទៀត ក្នុងការទទួលស្គាល់ ការពិតហ្នឹង»

នៅពេលសួរអំពីប្រតិកម្មរបស់ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម(KK FYC) ចំពោះសេចក្តីថ្លែងការណ៍របស់មន្រ្តីវៀតណាមដែលបានចោទ ប្រកាន់ថា ជាសេចក្តីថ្លែងការណ៍បែបនយោ បាយ និងថា ជនជាតិដទៃក្រៅពីវៀតណាមសុទ្ធសឹងតែជាជនជាតិភាគតិច និងមិនមែនជាជនជាតិដើមនោះ  កញ្ញា ប៉ែន សាស្តា ឲ្យដឹងថា ក្រុមយុវជនខ្មែរក្រោមក៏បានបង្ហាញនូវភាពមិនគាប់ចិត្តត្រឡប់វិញផងដែរ ។

កញ្ញា ប៉ែន សាស្តា បាននិយាយថា៖ “ពួកគាត់ទាំងអស់គ្នាគឺមានទឹកចិត្តមួយគឺខឹង ប៉ុន្តែខឹងមិនមែនដូចថាទៅសម្លាប់គេ ឬក៏ប្រើអំពើហិង្សាណាមួយទេ គឺខឹងនៅក្នុងចិត្តថា ហេតុអ្វីបានជាខាងរដ្ឋាភិបាលវៀតណាម មិនទទួល  ស្គាល់ការពិត ។ អ្វីដែលបានកើតមានឡើងជាការពិត ហើយពួកគាត់ក៏មិនសុំអ្វីច្រើនដែរ តែគ្រាន់តែសុំឲ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់ការពិត នូវអ្វីដែលខ្លួនបានធ្វើ ហើយកែនូវកំហុសដែលខ្លួនធ្លាប់មានឲ្យបានល្អឡើងវិញឲ្យ គោរពសិទ្ធិមនុស្សជនជាតិដើម»

កញ្ញា ថាច់ សុមាលីន បានឲ្យដឹងថា ថ្វីបើក្រុមយុវជនពុំអាចឆ្លើយតបបានភ្លាមៗ ទៅនឹងសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវរបស់រដ្ឋាភិបាលវៀតណាមក្តី​ ប៉ុន្តែក្រុមនាងនឹងប្រឹងរកវិធីដើម្បីបញ្ចូលពាក្យពេចន៍បន្ថែមទៀត ទៅក្នុងសេចក្តីថ្លែងការណ៍រួម ក្នុងចំណោមជនជាតិដើមដទៃទៀត ដើម្បីជម្រាបសហគមន៍អន្តរជាតិថា អ្វីដែលក្រុមរបស់នាងបានបង្ហាញនោះ គឺជាការពិតឥតក្លែបន្លំឡើយ ។

កញ្ញា ថាច់ សុមាលីន បានមានប្រសាសន៍ថា៖«ឥឡូវហ្នឹង យើងកំពុងតែចាំពេលវេលាដែលយើងអាចតបទៅ រដ្ឋាភិបាលយួនវិញ ។ នៅក្នុង UNPFII ហ្នឹង យើងមិនអាចមានសិទ្ធិតបទៅ   សម្តីរបស់រដ្ឋាភិបាលទេ ប៉ុន្តែ យើងអាចធ្វើយ៉ាងម៉េច បញ្ចូលពាក្យសម្តីណាមួយ នៅក្នុងសេចក្តីថ្លែងការណ៍ផ្សេងៗ បង្ហាញឲ្យអន្តរជាតិដឹងថា​ ខ្មែរក្រោមបាននិយាយការពិត ​រឿងហ្នឹងគឺរឿងការពិត ហើយនឹងយើងមានភស្តុតាង»

ក្នុងចម្លើយប្រតិកម្មសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមនោះ លោក ថាច់ សាមន នៃក្រុមយុវជនខ្មែរក្រោម បានមានប្រាសាសន៍ថា លោកគ្មានចំឡែកអ្វីឡើយ ព្រោះជាទម្លាប់របស់រដ្ឋាភិបាលកុម្មុយនិស្តមួយនេះ ដែលតែងតែ និយាយកុហក់រហូតមក ។ លោកថា បើវៀតណាមនៅតែប្រកែកមិនទទួលស្គាល់ថាខ្មែរក្រោមថាជាជនជាតិដើម ម្ចាស់ទឹកដីជាបន្តទៀតនោះ យុវជនខ្មែរក្រោម នៅមានវិធានការច្រើនទៀត ។

ថាច់ សាមន បានមានប្រសាសន៍ ថា៖«យើងខិតខំធ្វើការស្រាវជ្រាវ ហើយ នឹងរំលឹករឿងហ្នឹងឡើងវិញជារៀងរាល់ឆ្នាំដើម្បីប្រាប់អន្តរជាតិ គឺថាវៀតណាម ហ្នឹង ចេះតែនិយាយដដែលៗជារៀងរាល់ឆ្នាំ ហើយយើងក៏រំលឹករឿងហ្នឹងមកវិញទៀតដែរ ព្រោះបើគេមិនព្រមទទួលស្គាល់ថាយើងជាជនជាតិដើម ហើយ នឹងចេះតែចោទយើងថា ធ្វើនយោបាយ បំបែកបំបាក់គេហ្នឹង យើងក៏មិនពិបាកដែរបាទ ហើយនៅពេលខាងមុខហ្នឹង យើងនឹងលើកឡើង អំពីវត្តនៅកម្ពុជាក្រោមហ្នឹង ដែលវាមានអាយុជាង ២០០០ ឆ្នាំ ហើយ​ៗ វៀតណាមដូចជាមិនទាន់កើតឡើងទេ  ។ អាហ្នឹងជាភស្តុតាងៗត្រឹមត្រូវដែលបានទៅដល់កន្លែង និងឈ្មោះនៅខេត្តណា​ នៅស្រុកណាទៀតបាទ” ៕ WKR.