ខ្មែរក្រោមជាពូជព្រះជិនវង្ស មិនស្លាប់ទេ គ្រាន់តែកំសត់ !

លោកបណ្ឌិត ហ្សូសួរ គូប៉ឿ Dr.Joshua Cooper ជាអ្នកជំនាញការផ្នែកសិទ្ធិមនុស្ស និងជាសាស្ត្រចារ្យ ប្រចាំសាកលវិទ្យាល័យរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។ ដោយលោកជាទីប្រឹក្សា ពិសេសរបស់សហព័ន្ធខ្មែរ កម្ពុជាក្រោម កាលពីសម័យប្រជុំ ប្រចាំឆ្នាំនៃសហព័ន្ធ ខ្មែរកម្ពុជាក្រោម នៅទីក្រុងអ័រឡិនដូ នៃរដ្ឋ Florida លោកបានលើកជូនអង្គប្រជុំនូវសកម្មភាព ដែលលោក បានធ្វើជាប្រយោជន៌ជូនសហព័ន្ធ ដែលយើងបាន ដកស្រង់ចំណុច ពិសេសមួយទាក់ទងដល់ប្រាសាទ អង្គរវត្ត ដូចតទៅ៖ ‹‹ខែកុម្ភៈជាខែ ដែលសំខាន់បំផុត សម្រាប់ខ្ញុំ។ ទីបំផុតខ្ញុំក៏បានទៅដល់ទីកន្លែងជាទីសក្ការៈរបស់ អ្នកទាំងអស់គ្នា គឺអង្គរវត្ត។ ជាយូរណាស់ មកហើយ ដែលខ្ញុំឆ្ងល់ ហេតុអ្វីបានជាជារៀងរាល់ពេលខ្ញុំឈាន ជើងចូលក្នុងផ្ទះរបស់លោកអ្នក ខ្ញុំតែងតែ បានឃើញរូប ឬគំនូរប្រាសាទអង្គរវត្តតាំង នៅជញ្ជាំង។ ទិដ្ឋភាព នេះ ធ្វើឱ្យខ្ញុំកើតមានបំណងមួយ គឺថ្ងៃណាមួយ ខ្ញុំត្រូវតែទៅដល់ប្រាសាទអង្គរវត្ត ឱ្យទាល់តែបាន។

Texte alternatif


ខ្ញុំក៏បានមើលអង្គរវត្តពេញ មួយថ្ងៃ។ខ្ញុំបានឃើញថ្ងៃរះលើអង្គរពីរដង។ ខ្ញុំនឹកក្នុងចិត្តថា វាល្អអ្វីម៉្លេះទេ!។ រួចខ្ញុំក៏បានយល់ទាំងស្រុងថា ហេតុអ្វីបានជាមានអង្គរវត្តនៅគ្រប់ផ្ទះ ហើយហេតុអ្វី បានជាអង្គរបាន ឋិតនៅក្នុងបេះដូងខ្ញុំជារហូតមក។ វាជាសក្ខីភាពនៃភាពរុងរឿងអស្ចារ្យនៃអារ្យធម៌មួយ។ វាបង្ហាញថា អ្វីៗអាចទៅរួចទាំងអស់។ វាបង្ហាញថា អ្នកអាចធ្វើអ្វីៗបានទាំងអស់។ អ្នកបានធ្វើអ្វីមួយដែលពិភពលោក ទាំងមូលចាប់អារម្មណ៍។ វាមិនមែនគ្រាន់តែជាសក្ខីភាពនៃអតីតកាលទេ ប៉ុន្តែវាក៏បញ្ជាក់ពីអ្វីដែលយើង អាចធ្វើក្នុងកាលអនាគតដែរ។ ខ្ញុំមានជំនឿថា ក្នុងប្រាំឆ្នាំដែលកន្លងមកនេះ សហព័ន្ធយើងបានធ្វើការ រីកចម្រើនដោយយឺតៗ ប៉ុន្តែយើងបានធ្វើការងារដោយច្បាស់លាស់ ហើយត្រូវចំទិសដៅដែលយើង ត្រូវដើរទៅ។..
សំដីរបស់លោកបណ្ឌិតហ្សូសួរគូប៉ឿនេះ ជាការរំលឹកដាស់សតិអារម្មណ៍ខ្មែរគ្រប់រូប មិនថា ខ្មែរក្រោម ខ្មែរកណ្តាលឬខ្មែរលើទេ។ សប្តាហ៍កន្លងទៅ ខ្ញុំបានជួបជាមួយលោក រ៉ប ឡេមគិន ជាជនជាតិអង់គ្លេស និងជាអ្នកផលិតខ្សែភាពយន្តឈ្មោះ សត្រូវរបស់មនុស្ស “Enemies Of The People” ។ ដោយលោក ជាជនជាតិអង់គ្លេស ដែលបានសិក្សាស្រាវជ្រាវរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ខ្ញុំក៏បានសួរបញ្ជាក់អំពីទស្សនៈ របស់លោក ទៅលើការស្រាវជ្រាវមួយដែលបានអះអាងថា កាលពីជាង មួយពាន់ឆ្នាំមុន នៅពេលដែលទីក្រុងអង្គរមានបណ្តាជនខ្មែរចំនួនមួយលានកន្លះរស់នៅ ពេលនោះ ទីក្រុងឡុង នៃចក្រភពអង់គ្លេស មានមនុស្សរស់នៅត្រឹមតែដប់ម៉ឺននាក់ប៉ុណ្ណោះ។ លោក រ៉បឡេមគិន បានបញ្ជាក់ថា ការស្រាវជ្រាវនោះគឺត្រឹមត្រូវមែនហើយ។ ភ័ស្តុតាងនោះបានបង្ហាញថា ពូជជាតិខ្មែរ ជាអំបូរអ្នកមានសមត្ថភាព និងទេពកោសលខ្ពស់ខាងការងារស្ថាបត្យកម្ម។ ហើយដើម្បីឱ្យ មានសមត្ថភាពនេះ គឺត្រូវមានហេដ្ឋារច្ចនាសម្ព័ន្ធដ៏ទៃទៀតរឹងមាំល្អគួបផ្សំជាមួយ តាំងពីការអប់រំសិក្សា រហូតដល់សមត្ថភាព ក្នុងការដឹកនាំ។ ពិតមែន ពាក្យស្លោកមួយបាននិយាយថា ‹‹ជោគជ័យពីអតីតកាល ពុំមែនជា ជោគជ័យបច្ចុប្បន្នទេ..។ ប៉ុន្តែដូចលោកបណ្ឌិតគូប៉ឿ ក៏បានបញ្ជាក់ដែរ អ្វីដែលយើងធ្លាប់ធ្វើ បានពីអតីតកាលនោះ ក៏បានបញ្ជាក់ថា អ្វីៗក៏មិនមែនមិនអាចធ្វើទៅបានទៅអនាគតយនោះដែរ។ ខ្មែរ ដែលបានយកចិត្តទុកដាក់រៀនឱ្យយល់-ចងចាំ-អនុវត្តជាប្រយោជន៍ពីប្រវត្តិសាស្ត្រ អាចនៅចងចាំថា នា សម័យក្រោយអង្គរ ក្នុងសម័យដ៏អួរអាប់ខ្មៅងងិត ព្រះរាជាណាចក្រខ្មែរយើងស្ទើរតែរលាយបាត់ឈ្មោះ ពីពិភពលោកម្តងរួចទៅហើយ ដោយសារកាវាយលុកពីសៀមនិងយួន។ ប្រជាជាតិខ្មែរបានតស៊ូងើបរស់ ឡើងវិញមកដល់ពេលនេះ ក៏គឺដោយសារតំណោះស្រាយត្រូវរបស់ថា្នក់ដឹកនាំជំនាន់មុន ដែលយើង ទាំងអស់គ្នាត្រូវតែចងចាំអំពីឧប្បការគុណនេះ។ ទោះបីយ៉ាងណា យើងបានរក្សាអង្គរឱ្យនៅក្នុងដីខ្មែរ បាន ហើយបានលើកដំកើងជានិមិត្តរូបនៃព្រលឹងជាតិ លើទង់ជាតិយើងទៀតផង។
នៅកម្ពុជាក្រោមសព្វថ្ងៃ មានតាំងរូបអង្គរវត្ត តាមផ្ទះ ខ្មែរក្រោមកាន់តែច្រើនណាស់ហើយ។ មិនយូរទេ គ្រប់ផ្ទះ ខ្មែរក្រោម នឹងមានរូបអង្គរវត្តទាំងអស់។ ចំណែកប្រជាជនជាតិវៀតណាម ក៏បានធ្វើដំណើរមក ទស្សនាប្រាសាទអង្គរវត្ត កាន់តែច្រើនឡើងជារាល់ឆ្នាំ រហូតដល់ជាប់លេខជាភ្ញៀវទេសចរណ៍ ចំនួនច្រើន ជាងគេ ដែលមកទស្សនាអង្គរវត្តផង។ មើលឃើញ អង្គរវត្ត គឺដូចមើលឃើញមុខមាត់ខ្មែរ ដែលជាពូជខ្សែ អ្នកកសាង គឺខ្មែរក្រោមដែលកំពុងរស់ជាមួយខ្លួន។ មិនគួរជញ្ជក់មាត់សសើរពីភាពអស្ចា្យនៃអង្គរហើយ បែរជាខាកស្តោះស្អប់ខ្ពើមគុំកួនអ្នកសាងទៅវិញ។ យួនគួរ តែដឹងថា ទោះច្រើនពាន់ឆ្នាំតទៅ អង្គរនៅតែឋិតនៅក្នុងទង់ជាតិខ្មែរ ហើយជាតិខ្មែរនឹងមិនស្លាប់តាមបំណង ព្យាបាទរបស់ខ្លួនឡើយ។ អ្នកដឹកនាំយួន បានកសាងសេចក្តីសុខលើគំនរទុក្ខលំបាករបស់ខ្មែរក្រោមម្ចាស់ទឹកដី ហើយប្រព្រឹត្តផ្ទុយ នឹងច្បាប់អន្តរជាតិផង គឺជាការធ្វើអត្តឃាដ។ ងាកមកច្បាប់កម្មផលវិញ គឺអ្នកមានគំនិត ព្យាបាទគេ រមែង ត្រូវទារុណកម្មនៃព្រហ្មលិខិតបំផ្លាញខ្លួនឯង។ ឯខ្មែរក្រោមជាពូជព្រះជិនវង្ស គឺមិនស្លាប់ទេ គ្រាន់តែកំសត់! ៕

.