ខ្មែរក្រោមចោទអាជ្ញាធរវៀតណាមថា បន្លំឯកសាររឹបយកដីខ្មែរ

ដោយ VOKK

នៅខេត្តក្រមួនស នៃដែនដីកម្ពុជាក្រោមឯណោះវិញ កសិករខ្មែរក្រោមបាន ចោទ អាជ្ញាធរ វៀត ណាមថា បានធ្វើលិខិតក្លែងបន្លំដើម្បីរឹបយកដីកេររបស់គាត់ចែក ឲ្យបក្សពួករបស់ ខ្លួនទាំងបំពាន ។
លោក យ័ញ ស៊ី អាយុ ៦១ ឆ្នាំ នៅភូមិ ថាន់ បិន (Thanh Binh) ឃុំថាន់ឡុក (Thanh Loc) ស្រុក ចូវថាញ់ (Chau Thanh ) ខេត្តក្រមួនស (Kien Giang) បានប្រាប់វិទ្យុ សំឡេងកម្ពុជាក្រោមថា ដីរបស់លោកចំនួន ៩ កុង ៣ កន្សែង ប្រមាណ ១ ហែកតា ត្រូវ បានអាជ្ញាធរវៀតណាម ចេញសម្រេចក្លែងបន្លំស៊ីញ៉េ       របស់ ចៅហ្វាយ ខេត្តដើម្បីរឹបយកដី របស់គ្រួសារគាត់ទាំងបំពាន ។
លោក យ័ញ ស៊ី បានបន្តទៀតថា អាជ្ញាធរវៀតណាមបានចុះមកវាស់ដីរបស់គាត់ ហើយ បានចែកទៅឲ្យបក្សពួករបស់ខ្លួនតាមសេចក្ដីសម្រេចនេះរួចហើយ ប៉ុន្តែគ្រួសារលោកនៅ មិនទាន់ដឹងថា នឹងត្រូវប្ដឹងទៅទីណាដើម្បីជួយរកយុត្តិធម៌ដល់ខ្លួននៅឡើយ

វិទ្យុសំឡេងកម្ពុជាក្រោម នឹងធ្វើសេចក្ដីរាយការណ៍ពីប្រភពផ្សេងទៀតទាក់ទិនករណីនេះ ដើម្បីផ្ដល់ជាព័ត៌មានពិត អព្យាក្រិត ដល់ប្រិយមិត្តអ្នកស្ដាប់នៅពេលក្រោយ ។
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ជាច្រើន គ្រួសារតែងតែត្រូវបានអាជ្ញាធរ វៀតណាមចាប់ដាក់គុក ព្រោះក្រោកឡើងទាមទារដីកេរដែលអាជ្ញាធរបានរឹបយក ក្នុងពេល កន្លងមក អ្នកទាំងនោះ មាន លោក ចៅ ហេន នៅខេត្តមាត់ជ្រូក អ្នកស្រី ត្រឹង ធី ចូវ នៅខេត្តព្រះ ត្រពាំង និង លោក វិន បា នៅខេត្តឃ្លាំង ជាដើម ។