ខ្មែរក្រោមកំពុងតែរស់ នៅក្នុងភាពភ័យខ្លាច នៅលើទឹកដីកំណើតដូនតារបស់គេ

ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK សេចក្តីថ្លែកការណ៍របស់សហ ព័ន្ធខ្មែរកម្ពុជាក្រោម ជាតំណាងឱ្យប្រជាជាពលរដ្ឋខ្មែរក្រោមរបស់យើង នៅលើដែនដីសណ្តរនៃទន្លេមេគង្គ យើងខ្ញុំមានចំណាប់អារម្មណ៍ ជាពិ សេស ចំពោះការរំលោភសិទ្ធិមនុស្ស ដែលពលរដ្ឋយើងកំពុងជួបប្រទះ។ រដ្ឋាភិបាលវៀតណាម បន្តការលប់បំបាត់អត្តសញ្ញាណពូជសាសន៍របស់ ជនជាតិយើង ដែលជាជនជាតិ ដើម នៅលើដែនដីសណ្តរនៃទន្លេមេគង្គ។ ប្រសិនជាអ្នកទៅប្រទេសវៀតណាម អ្នកនឹងមិនបានឃើញខ្មែរក្រោម នៅ ដែនដីសណ្តរនៃទន្លេមេគង្គទេ ដោយរដ្ឋាភិបាលវៀតណាម បានហាមប្រាមពលរដ្ឋយើង ថាមិនត្រូវឱ្យហៅជា ’’ខ្មែរក្រោម’’ ហើយបានបំពាក់ឈ្មោះឱ្យយើងថា ជា ’’ជនជាតិខ្មែរភាគតិច’’។

សិស្សានុសិស្សខ្មែរក្រោមមិនត្រូវបានអនុញ្ញាតឱ្យរៀន និងប្រើប្រាស់ភាសាខ្មែរដោយសេរីទេ។ វៀតណាម បាន ហាមប្រាមសិស្សខ្មែរមិនឱ្យរៀនប្រវត្តិសាស្ត្រពិតប្រាកដរបស់ខ្មែរក្នុងសាលាសាធារណៈទេ។ ពលរដ្ឋយើងមិនអាចត្រូវបានអនុញ្ញាតឱ្យហៅឈ្មោះ ភូមិ ឃុំ ស្រុក ខេត្ត តាមភាសាខ្មែរទេ។ វាជាការព្រួយបារម្ភ ណាស់ ដែលយុវជន-យុវនារី កុមារា កុមារីខ្មែរក្រោម មិនអាចនិយាយ និងសរសេរភាសាយើងបាន។ ពួកគេ មិនបានដឹង អំពីប្រវត្តិសាស្ត្ររបស់គេ និងហៅឈ្មោះភូមិគេ ដោយភាសាខ្លួនឯង។

ប្រជាពលរដ្ឋយើងកំពុងតែរស់នៅក្នុងភាពភ័យខ្លាច លើទឹកដីកំណើតកេរដូនតារបស់គេ ក្នុងប្រទេស វៀតណាម។ ពួកគេត្រូវបានចាត់ទុកជាពលរដ្ឋថ្នាក់ទីពីរ។ នៅពេលដែលពលរដ្ឋយើងត្រូវប្រឈមចំពោះមុខ ច្បាប់ ពួកគេគ្មានសំឡេងក្នុងប្រព័ន្ធយុត្តិធម៌នៃប្រទេសវៀតណាមទេ។ ជាឧទាហរណ៍ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១០ យុវជនខ្មែរក្រោមម្នាក់ឈ្មោះ ចៅ ណែត ត្រូវពួកកាប់ពុះក្បាលដោយដាវសាមួរ៉ៃ ដោយក្រុមមនុស្ស ឥតសណ្តាប់ធ្នាប់នៅខេត្តរោងដំរី ដោយសារតែយុវជននោះបានឆ្លើយថា ខ្លួនជាជនជាតិខ្មែរ។ អាជា្ញធរ វៀតណាមមិនបានយកចិត្តទុកដាក់ចាត់ការ ដើម្បីចាប់ជនល្មើសទៅតុលាការឡើយ។ ឳពុកម្តាយរបស់ ចៅ ណែត បានទទួលការគម្រាមកំហែងពីរដ្ឋាភិបាល ឱ្យឈប់ប្តឹងផ្តល់ដើម្បីរកយុត្តិធម៌ចំពោះកូនគាត់។

លើសពីនោះទៅទៀត នៅពេលដែលពលរដ្ឋយើងមានការប្រកែកតវ៉ាជាមួយនឹងជនជាតិវៀតណាម ឬជាមួយ រដ្ឋាភិបាលវៀតណាម ជនរងគ្រោះខ្មែរក្រោមយើងគ្មានសិទ្ធិក្នុងការដាក់ពាក្យបណ្តឹងរកយុត្តិធម៌ទេ។ កាលណា ពួកគេចេញមុខតវ៉ាដើម្បីសិទ្ធិសេរីភាព គឺត្រូវចាប់ដាក់គុកដោយគ្មានជំនុំជម្រះ ដូចជាមានពីរករណី ខាងក្រោមនេះ ៖

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១០ អ្នកស្រី ត្រាន់ ធី ចូវ បានត្រូវចាប់ខ្លួន និងក្រោយមកត្រូវកាត់ទោស ជាប់គុកពីរឆ្នាំកន្លះ។ អ្នកស្រីត្រាន់ ធី ចូវ មានជម្លោះដីធ្លីជាមួយអាជ្ញាធរនៅភូមិផ្នោរដាច់  ស្រុក ផ្នោរដាច់ ខេត្ត ព្រះត្រពាំង។ អាជ្ញាធរបានចាប់ខ្លួនពេលអ្នកស្រីកំពុងតែធ្វើដំណើរទៅពិធីអពាហ៍ពិពាហ៍មួយ ហើយចោទប្រកាន់ ទាក់ទងដល់ការដែលអ្នកស្រីបានទាមទារយកដីកេររបស់គាត់វិញ។

នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១០ លោកចៅ ហេន បានត្រូវកាត់ទោសឱ្យជាប់គុកពីរឆ្នាំ ដោយតុលាការ ស្រុកស្វាយទង ខេត្តមាត់ជ្រូក។ លោក ចៅ ហេន បានចូលរួមធ្វើបាតុកម្មដោយអហឹង្សា ទាមទារឱ្យប្រគល់ ដីស្រែរបស់គាត់មកគាត់វិញ នៅស្រុកស្វាយទង ពីឆ្នាំ២០០៧ និង ឆ្នាំ២០០៨។ ដោយគាត់បានធ្វើបាតុកម្ម គាត់បាន ត្រូវចោទប្រកាន់ថាបានធ្វើឱ្យរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ហើយត្រូវចាប់ខ្លួនដោយអយុត្តិធម៌។ លោក ចៅ ហេន ធ្លាប់តែជាមនុស្សមានសុខភាពល្អ។ ក្រោយការចាប់ខ្លួននិងដាក់ពន្ធនាគារ គាត់ត្រូវបានគេធ្វើ ទារុណកម្ម ហើយមិនត្រូវបានអនុញ្ញាត ឱ្យនិយាយជាមួយភរិយា ពេលជួបគ្នាទេ។

សេរីភាពសាសនារបស់ពលរដ្ឋយើងឋិតនៅក្រោមការគម្រាមកំហែង។ អាជ្ញាធរវៀតណាមបានបង្ខិបង្ខំ ដោយ ជោគជ័យ ឱ្យព្រះសង្ឃរបស់យើងចូលក្នុងសមាគមព្រះសង្ឃស្នេហាជាតិ។ ព្រះសង្ឃណាដែលប្រកែកមិនព្រម ចូលរួម ត្រូវប្រឈមនឹងការគាបសង្កត់ពីអាជ្ញាធរវៀតណាម ដូចមានករណីខាងក្រោមនេះ ៖

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១១ អាជ្ញាធរវៀតណាមបានចេញបញ្ជារ ឱ្យព្រះសង្ឃខ្មែរក្រោមព្រះនាម ថាច់ ធុល  ដែលជាសមាជិកសភាវៀតណាម និងជាអនុប្រធាននៃសមាគមព្រះសង្ឃស្នេហាជាតិខេត្តឃ្លាំង (វៀតណាម ហៅសុកត្រាំង) ឱ្យចាប់ផ្សឹកព្រះសង្ឃព្រះនាម លី សុន ដោយបានចោទថាបានរំលោភលើស្ត្រីដែល មានវ័យចំណាស់ប្រហែលនឹងយាយរបស់លោក នៅវត្តសេរីតាសេក ឃុំ តាសេក ជ្រោយញរ ខេត្តឃ្លាំង ទោះជា រឿងចោទប្រកាន់នោះ វាផ្ទុយស្រឡះទៅនឹងថេរដីកាព្រះសង្ឃដែលត្រូវចោទ និង ការអាស់អាងរបស់ព្រះសង្ឃ ដ៏ទៃទៀតក្នុងវត្តសេរីតាសេកក្តី។  អាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញព្រះសង្ឃវត្តសេរីតាសេក ដោយហេតុ ព្រះសង្ឃទាំងនោះ មិនព្រមចូលក្នុងសមាគមព្រះសង្ឃស្នេហាជាតិ។ ក៏គឺវត្តនោះដែរ ដែលព្រះសង្ឃព្រះនាម គឹម មូល ដែលធ្លាប់ដឹកនាំធ្វើបាតុកម្មដោយសន្តិភាព ដើម្បីទាមទារសិទ្ធិសាសនាធ្លាប់គង់ នៅមុន នឹងព្រះអង្គ បានត្រូវចាប់ខ្លួននៅឆ្នាំ២០០៧។

ប្រជាពលរដ្ឋខ្មែរក្រោមរបស់យើងកំពុងតែរស់នៅក្នុងស្ថានភាពភ័យខ្លាច។ ពួកគេកំពុងតែមានអារម្មណ៍ថា ត្រូវបាន រដ្ឋាភិបាលចាត់ទុកជាពលរដ្ឋថ្នាក់ទីពីរ។

យើងខ្ញុំមានសំណូមពរពីអន្តរាគមន៍របស់លោក ដើម្បីជម្រុញឱ្យអ្នកដឹកនាំវៀតណាមៈ

  • គោរពអត្តសញ្ញាណ និងវប្បធម៌របស់ខ្មែរក្រោម ។ ប្រជាពលរដ្ឋរបស់យើងត្រូវតែបានអនុញ្ញាតឱ្យចាត់ទុក ខ្លួនគេជា ’’ខ្មែរក្រោម’’។ ភាសាខ្មែរក្រោម និងប្រវត្តិសាស្ត្រខ្មែរក្រោម គួរតែបានត្រូវរៀនសូត្រ នៅតាម សាលាសាធារណៈ។ ឈ្មោះភូមិ ឃុំ ស្រុក ខេត្ត ដែលខ្មែរក្រោមកំពុងរស់នៅ គួរតែត្រូវបានបកប្រែ ត្រឡប់មកជាភាសាដើម ដែលខ្មែរធ្លាប់ហៅ។
  • អនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់យើងមានសិទ្ធិជាមូលដ្ឋាន ដើម្បីកុំឱ្យពួកគេរស់នៅក្នុងភាពភ័យខ្លាច។ ពួកគេគួរតែមានសេរីភាពការពារខ្លួនបាន នៅចំពោះមុខប្រព័ន្ធយុតិ្តធម៌។  រដ្ឋាភិបាលវៀតណាម គួរតែ ឈប់ធ្វើការចោទប្រកាន់ប្រជាពលរដ្ឋយើង ពីរឿង ’’រំខានដល់សង្គមវៀតណាម’’ ដោយប្រើ មាត្រា៨៧ នៃច្បាប់ព្រហ្មទណ្ឌ ដើម្បីចាប់ដាក់គុក នៅពេលពួកគេគ្រាន់តែតវ៉ាទាមទារសិទ្ធិជា មូលដ្ឋាន។
  • អនុញ្ញាតឱ្យព្រះសង្ឃខ្មែរក្រោមអាចបង្កើតបាន នូវអង្គការសាសនាឯករាជមួយដោយឡែក ពីការគ្រប់គ្រង របស់រដ្ឋាភិបាល។ អនុញ្ញាតឱ្យប្រជាពលរដ្ឋយើងប្រតិបត្តិពុទ្ធសាសនាថេរវាទ។ ពួកគេមិនគួរចាំបាច់ សុំច្បាប់ទេ ដើម្បីកិច្ចប្រតិបត្តិសាសនា ឬដោយគ្រាន់តែរៀបចំពិធីសានាអ្វីមួយ។

សូមលោកមេត្តាជួយរំលឹកដល់អ្នកដឹកនាំវៀតណាមថា សេរីភាពសាសនាគឺជាសិទ្ធិមួយ មិនមែនជា បុព្វសិទ្ធ ដែលអនុញ្ញាតដោយរដ្ឋាភិបាលទេ។ សូមអរគុណ