ខែ្មរ​ក្រោម​២៤​នាក់​មក​ភ្នំពេញ​សុំ​សិទ្ធិ​ជ្រក​កោន

ជន​ភៀសខ្លួន​ខ្មែរក្រោម ២៤​នាក់​ចង់​ទៅ​រស់​នៅ​ប្រទេស​ទី៣​បើ​រដ្ឋាភិបាល​ភ្នំពេញ​បដិសេធ​មិន​ទទួល​ ស្គាល់​ពួក​គាត់​ថា​ជា​ខ្មែរ ហើយ​សុំ​ឲ្យ​រដ្ឋាភិបាល​ចេញ​ប្រកាស​បដិសេធ​ពួក​គេ​ជា​ផ្លូវ​ការ។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន ២៤​នាក់​បាន​ចាក​ចេញ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មក​កាន់​ទី​ក្រុង​ភ្នំពេញ​នៅ​ថៃ្ង​ព្រហស្បតិ៍​នេះ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​ពី​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​សហ​ប្រជា​ជាតិ​ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) និង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ដើម្បី​រស់​នៅ​ក្នុង​ភាព​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជំនួស​នៃ​ការ​ ចាប់​បញ្ជូន​ពួក​គាត់​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម​ទឹក​ដី​ខែ្មរ​ កម្ពុជា​ក្រោម​នោះ​វិញ។

លោក ម៉ុង ពុទ្ធី ជា​ប្រធាន​នៃ​សមាគម​ប្រជា​ធិបតេយ្យ ឯករាជ្យ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ផ្តល់​ទី​ជម្រក​បណ្តោះ​អាសន្ន​ដល់​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម ២៤​​នាក់​​​នោះ​​​​​​បាន​​មាន​​​ប្រសាសន៍​ថា គ្រួសារ​ខ្មែរ​ក្រោម​ទាំង​នោះ​​បានចាក​ចេញ​ពី​ប៉ោយប៉ែត​មកភ្នំពេញនៅថ្ងៃនេះ។

លោក ម៉ុង ពុទ្ធី បញ្ជាក់​ថា​ ៖ «ខ្មែរ​កម្ពុជា​ក្រោម​ទាំង ២៤​នាក់​ហ្នឹង​គាត់​បាន​ចេញ​ពី​ការរិយាល័យ​ខ្ញុំ​ឆ្ពោះ​ទៅ​ភ្នំពេញ​ទៅ​ជួប យូអិន ​នៅ​ភ្នំពេញ​ដើម្បី​សំណូមពរ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ជូន​ពួក​គាត់ ដូច​ជា​​​ដាក់​សំណើរ​ទៅ​រដ្ឋាភិបាល​ទាំង ៥​ចំណុច​​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ទី​ជម្រក​សមរម្យ និង​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ​សម្រាប់​ពួក​គាត់​រស់​នៅ​ងាយ​ស្រួល​ ក្នុង​ការ​រស់​នៅ​ក្នុង​សង្គម​ខ្មែរ​ហ្នឹង​ឲ្យ​បាន​ងាយ​ស្រួល​ផង។ ម៉្យាងទៀត​បើរដ្ឋាភិបាលមិនទទួលស្គាល់ពួកគាត់ទេ សុំឲ្យធ្វើលិខិតបដិសេដ្ឋពួកគាត់​ដើម្បី​ឲ្យ​ពួក​គាត់ភៀស​​ខ្លួន​ទៅ​​ ប្រទេសទី៣»។

លោក កុយ គួង ជា​មន្រ្តី​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​នៃ​ប្រទេស​កម្ពុជា​បាន​ អធិប្បាយ​ថា គ្រួសារ​ទាំង ២៤​នាក់​នោះ​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រជា​ពលរដ្ឋ​ខែ្មរ​ផង​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា ៖ «ពេល​កន្លង​មក​ដូច​ខ្ញុំ​បាន​បញ្ជាក់​ហើយ​ ថា ខ្មែរ​កម្ពុជា​ក្រោម​ដែល​មក​រស់​នៅ​កម្ពុជា​យើង​នេះ រដ្ឋាភិបាល​តែង​ចាត់​ទុក​ដូច​ប្រជាជន​យើង​ដែរ។ ចំណែក​ពួក​គាត់​ដែល​ថា​មក​ភ្នំពេញ​នោះ​ខ្ញុំ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ»។

ចំណែក​ឯ​លោក ជុង រ៉ាវុធ ជា​មន្រ្តី​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ ខ្លួន​​ ឬហៅថា UNHCR នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ឃើញ​គ្រួសារ​ខ្មែរកម្ពុជាក្រោម ២៤​នោះ​នៅ​ទ្បើយ​ទេ។

សុខ សេរី ៖ ជាគោលការណ៍ខ្មែរ​កម្ពុជា​​ក្រោម​​គាត់​​មាន​​សិទ្ធ​ជ្រកកោនទេ? ជុង រ៉ាវុធ ៖ យើងខ្មែរដូច​គ្នា មានសិទ្ធដូចគ្នា ខ្មែរ​ដូច​គ្នា។

លោក ថាច់ សេដ្ឋា ជា​ប្រធាន​នៃ​សហគម​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «យើង ​នឹង​ព្យាយាម​ជួយ​ជំរុញ​បន្ថែម​នូវ​រឿង​រ៉ាវ​ណាដែល​យើង​អាច​ជួយ​បាន​ដូច្នេះ ​ខ្ញុំ​បាន​គិត​គូរ​ហើយ​បាន​តាម​ដាន​យ៉ាង​ដិត​ដល់​ក្នុង​ករណី​ហ្នឹង»។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម ២៤​នាក់​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ខ្លួន​មក​ប្រទេស​ កម្ពុជា​តាម​ច្រក​ព្រំដែន​អន្តរ​ជាតិ​ប៉ោយប៉ែត​កាល​ពី​ថៃ្ងទី៥ ខែ​ធ្នូ កន្លង​ទៅ​នេះ​នៅ​គ្រា​ដែល​ពួក​គាត់​បាន​ទៅ​សុំ​សិទ្ធិ​ជ្រោកកោន​ពី UNHCR នៅ​ក្នុង​ប្រទេស​ថៃ​ទៅ​កាន់​ប្រទេស​ទី៣។

ពួក​គាត់​បាន​រត់​គេច​ខ្លួន​ពី​ខេត្ត​អាន​យ៉ាង ​ប្រទេស​វៀតណាម​​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​​ទៅ​កាន់​ប្រទេស​ថៃ​នោះ​កាល​ពី ​ឆ្នាំ​២០០៨ ក្រោយ​ពី​នគរបាល​វៀតណាម​បាន​តាម​សែ្វង​រក​ចាប់​ខ្លួន​​ដោយ​សារ​តែ​គាត់​បាន​ ងើប​តវ៉ា​ទាមទារ​កម្មសិទ្ធិ​ដីធ្លី​ពី​ដូន​តា​កាល​ពី​ឆ្នាំ​២០០៧ កន្លង​ទៅ៕
ប្រភពពីវិទ្យុអាស៊ីសេរី.