ខែ្មរក្រោមប្រតិកម្មជុំវិញការចុះផ្សាយរបស់កាសែតយួន

ដោយៈ ចៅ មុនីខេមរា
ការចុះផ្សាយរបស់កាសែតក្នុងស្រុកយួនមួយ ឈ្មោះកឹង ថើ កាលពីដើមខែកញ្ញា និយាយអំពីចំនួនប្រពលរដ្ឋខ្មែរក្រោមក្នុងខេត្តព្រះត្រពាំង ឬយួនហៅថា ត្រាវិញ ថាមានប្រជាពលរដ្ឋខ្មែរចំនួនប្រមាណតែ ៣ សែននាក់ប៉ុណ្ណោះ ដែលកំពុងតែរស់នៅក្នុងខេត្តនេះ បានធ្វើឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋទាំងក្នុង និងក្រៅស្រុកប្រតិកម្មជុំទិស ជុំវិញការចុះផ្សាយខ្វះមូលដ្ឋានបែបនេះ ។
ការប្រតិកម្មពីខ្មែរម្ចាស់ស្រុក គឺបន្ទាប់ពីការចុះផ្សាយរបស់កាសែតឈ្មោះ កឹង ថើ នេះតែមួយថ្ងៃប៉ុណ្ណោះ ដែលមនុស្សជាច្រើនស្តែងការឆ្ងល់ថា គេមិនដឹងជាមូលហេតុអ្វី បានជាស្ថិតិពលរដ្ឋខ្មែរនៅខេត្តព្រះត្រពាំងថយចុះទៅវិញ ។
ទាក់ទិននឹងហេតុការណ៍នេះ ប្រជាពលរដ្ឋម្នាក់នៅស្រុកថ្កូវ ខេត្តព្រះត្រពាំង សូមមិនបញ្ចេញអត្តសញ្ញាណឲ្យដឹងថា ការដែលកាសែត កឹង ថើ ចុះផ្សាយអំពីចំនួនប្រជាពលរដ្ឋខ្មែរក្រោមដូច្នេះ ពួកគាត់មិនដឹងថា ថ្នាក់ដឹកនាំរដ្ឋាភិបាលកុម្មុយនិស្តយួនមានបំណងយ៉ាងណានោះទេ ។ ប៉ុន្តែបើតាមការអះអាងរបស់ពួកគាត់បានឲ្យដឹងថា ការចុះផ្សាយរបស់កាសែត កឹង ថើ មួយនេះ គឺពុំមានការពិតដូចអ្វីដែលមានឡើយ ព្រោះថាចំនួនប្រជាពលរដ្ឋខ្មែរក្រោម ៣ សែននាក់នេះ គឺស្មើទៅនឹងចំនួនពលរដ្ឋខ្មែរក្រោមរស់នៅក្នុងស្រុកមួយតែប៉ុណ្ណោះ ។
លោក ថាច់ ឈួន យ៉ាត ជាប្រជាពលរដ្ឋខ្មែរ ក្រោមមួយរូបដែលមានដើមកំណើតនៅខេត្តខាងលើ មានការខតចិត្តយ៉ាងខ្លាំងចំពោះការចុះផ្សាយអំពីចំនួនប្រជាពលរដ្ឋខ្មែរក្រោមដូច្នេះ ។ លោកបានមានប្រសាសន៍ថា “ការចុះផ្សាយរបស់កាសែតមួយនេះគឺពុំមានការពិតឡើយ តែបើតាមខ្ញុំបាទបានដឹង តាមរយៈកម្មាភិបាលជាន់ខ្ពស់របស់វៀតណាម អំពីចំនួនប្រជាពលរដ្ឋខ្មែរក្រោមកាលពីទស្សវរ៍ឆ្នាំ ១៩៨០ ចំនួនប្រជាពលរដ្ឋខ្មែរក្រោមដែលរស់នៅខេត្តព្រះត្រពាំងនេះ មានចំនួនដល់ទៅ ៩០% ។ ហើយការចុះផ្សាយនេះ ខ្ញុំមិនបានដឹងអំពីបំណងរបស់ពួកគេមកលើបងប្អូនខ្មែរក្រោមយ៉ាងណានោះទេ ។ ព្រោះបើគិតចាប់តាំងពីឆ្នាំ ១៩៨០ មកដល់បច្ចុប្បន្ន ចំនួនប្រជាពលរដ្ឋខ្មែរក្រោមមានកាន់តែការកើនឡើង តែបើថាថយចុះនោះគឺពុំមានទេ ។ ម្យ៉ាងទៀតអាជ្ញាធរយួនគេ មិនដែលបង្ហាញចំនួនប្រជាពលរដ្ឋខ្មែរក្រោមបានពិតឡើយ”។
លោក សឺង ធី ប្រជាពលរដ្ឋខ្មែរក្រោមម្នាក់ទៀត ដែលរស់នៅស្រុកមាត់សមុទ្រ ខេត្តព្រះត្រពាំងនេះដែរ បានឲ្យដឹងថាលោកក៏ពុំបានដឹងអំពីចំនួនប្រជាពលរដ្ឋខ្មែរក្រោមពិតនោះដែរ ។ ហើយចំពោះការចុះផ្សាយរបស់កាសែតនេះ លោកក៏ពុំហ៊ានអះអាងថាវាជាការខុស ឬក៏ត្រូវដែរ ។ ប៉ុន្តែលោកយល់ថា រដ្ឋាភិ-បាលយួនគេមិនដែលនិយាយថា ប្រជាពលរដ្ឋខ្មែរមានចំនួនច្រើនឡើយ ហើយគោលនយោបាយរបស់គេគឺធ្វើយ៉ាងណាឲ្យចំនួនខ្មែរក្រោមតិចជាងយួន ។
កាសែតក្នុងស្រុកយួនឈ្មោះ កឹង ធើ ដែលបានចុះផ្សាយកាលដើមសប្តាហ៍មុន ថាចំនួនប្រជាពលរដ្ឋខែ្មរក្រោមនៅខេត្តព្រះត្រពាំង មានចំនួនតែ ៣ សែននាក់ ដែលចំនួននេះត្រូវបានប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមធ្វើការររិះគន់ជុំទិស ហើយបដិសេធទាំងស្រុងចំនួនមិនច្បាស់ការមួយនេះ ។ សូមបញ្ចាក់ដែរថា ចំនួនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងខេត្តព្រះត្រពាំង មានចំនួនច្រើនជាងគេបំផុត ក្នុងចំណោមខេត្តទាំង ៥ គឺ ខេត្តឃ្លាំង ខេត្តក្រមួនស ខេត្តមាត់ជ្រូក និង ខេត្តពលាវ ៕.