ខែ្មរក្រោមតវ៉ារឿងដីធ្លីនៅស្រុកស្វាយទងត្រូវតុលាការយួនកាត់ទោសឲ្យជាប់ពន្ធនាគារ

ដោយៈ ចៅ មុនីខេមរា
យ៉ាងហោចណាស់ មានពលរដ្ឋជនជាតិដើមខ្មែរកម្ពុជាក្រោមចំនួន ៩ រូប ត្រូវបានតុលាការយួនខេត្តមាត់ជ្រូកកាត់ទោសឲ្យជាប់ពន្ធនាគារក្រោយពីឃុំខ្លួនអស់រយៈពេលជិត ៩ ខែ បន្ទាប់ពីពួកគាត់នាំគ្នាក្រោកឡើងធ្វើកូដកម្មតវ៉ាទាមទារ ឲ្យអាជ្ញាធរយួនស្រុកស្វាយទង និងក្របៅរកដំណោះស្រាយរឿងដីធ្លីជូនពួកគាត់ ។
តាមការអះអាងពីស្រ្តីខ្មែរក្រោម ដែលកំពុងស្ថិតក្នុងសភាពភ័យខ្លាច បន្ទាប់ពីតុលាការយួនខេត្តមាត់ជ្រូកកាត់ទោសកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០០៨ ឲ្យជាប់ពន្ធនាគារបានឲ្យដឹងថា មានមនុស្សចំនួន ៩ នាក់ ត្រូវបានតុលាការយួនកាត់ទោសឲ្យជាប់ពន្ធ-នាគារពី ៦ ខែទៅ ២ ឆ្នាំ ។ ស្រ្តីខ្មែរក្រោមដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ឲ្យដឹងថា មនុស្សក្នុងចំណោម ៩ នាក់ នោះរួមមានទី១-អ្នកស្រី នាង យ៉ន ត្រូវជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ដោយចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិ, មានចេតនាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ។ ទី២- អ្នកស្រី នាង យ៉ូន ត្រូវបានតុលាការយួនខេត្តមាត់ជ្រូកកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៦ ខែ ។ ទី៣-អ្នកស្រី នាង ចន្ថា, ទី៤-អ្នកស្រី នាង ចន្តា, ទី៥-លោក ចៅ អេន ម្នាក់ ៗ ត្រូវជាប់ពន្ធនាគារ ១ ឆ្នាំ ក្រោមបទចោទប្រកាន់ថា មានចេតនាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ទី៦-អ្នកស្រី នាង ឃុំ, ទី៧-អ្នកស្រី នាង សុខផាត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ ៩ ខែ ពីបទធ្វើឲ្យខូចសណ្តាប់ធ្នាប់
សាធារណៈ, ទី៨-លោក ចៅ សុខភាព ត្រូវជាប់ពន្ធនាគាររយៈពេល ៦ ខែ ក្រោមការចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិ និងជនរងគ្រោះខ្មែរក្រោមមួយរូបទៀតមិនទាន់ដឹងឈ្មោះ ។
ស្រី្តរងគ្រោះខាងលើសូមមិនបញ្ចេញឈ្មោះ បានរៀបរាប់ឲ្យដឹងថា មុនពេលពួកគាត់ត្រូវតុលាការយួនកាត់ទោសទាំងអយុត្តិ-ធមិបែបនេះ គឺនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៨ មានបងប្អូនខ្មែរក្រោមនៅភូមិរលៀង ឃុំចូវឡាំង ស្រុកស្វាយទង ប្រមាណ ២២ នាក់បានដឹកនាំធ្វើកូដកម្មក្រាញនរនាលនៅខាងមុខឃុំអាងហាវ ស្រុកក្របៅ អស់ជាងមួយខែ ដើម្បីទាមទារឲ្យរដ្ឋាភិបាលយួនរកដំណោះស្រាយរឿងដីធ្លី ដែលបានរឹបអូសយកកាលពីអំឡុងឆ្នាំ ១៩៧៨ ។ ប៉ុន្តែការធ្វើកូដកម្មតវ៉ាដោយសន្តិវិធីរបស់ពួកគាត់អស់ មិនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចយួន ចុះធ្វើអន្តរាគមន៍ ឬចុះជួបដើម្បីស្វែងរកដំណោះស្រ័យជូនពួកគាត់សោះឡើយ ។ រហូតដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០០៨ ដោយទើសមុខទើសមាត់នឹងការប្រមូលផ្តុំតវ៉ារបស់ពួកគាត់ ទើបក្រុមអាជ្ញាធរយួនបានពន្លត់អគ្គិសនី ហើយជួលក្រុមស្រ្តីជនជាតិយួន និងសមត្ថកិច្ចយួនមួយចំនួន ក្នុងសំលៀកបំពាក់ស៊ីវិលក្នុងដៃកាន់ដំបងឆក់ និងដែក កាំបិតផ្សេង ៗ ចុះបង្ក្រាបពួកគាត់យ៉ាងកំរោលជួរជាតិ ។ ក្រោយការបង្ក្រាបនោះ ក្រុមអាជ្ញាធរយួនបានចាប់ពួកគាត់បោះឡើងរថយន្តដូចសត្វធាតុ ហើយដឹកទៅកាន់ទីលំនៅឋានរៀង ៗ ខ្លួនវិញ ។
បុរសម្នាក់ហាមមិនឲ្យបញ្ចេញឈ្មោះ បាននិយាយទាំងក្តុកក្តួលថា ក្រោយពេលពួកអាជ្ញាធរយួនដឹកក្រុមអ្នកតវ៉ាទៅដល់ភូមិរលៀង ឃុំចូវឡាំង ស្រុកស្វាយទង ពួកយួនបានចាប់បោះទម្លាក់ជនរងគ្រោះពីលើរថយន្ត ដែលបណ្តាលឲ្យមនុស្សមួយចំនួន ជាពិសេសស្រ្តី និងបុរសវ័យចំណាស់រងរបួសជាទង្ងន់ ។ អំពើហិង្សាក៏បានផ្ទុះឡើង ក្រុមអាជ្ញាធរយួនមានសមត្ថកិច្ចបានប្រើដំបងឆក់ ដំបងដែក
បង្ក្រាបទៅលើបងប្អូនខ្មែរក្រោមជាលើកទីពីរ ។ ដោយឃើញទង្វើដ៏
សាហាវព្រៃផ្សៃបែបនេះ ទើបបងប្អូនក្នុងស្រុកខាងលើប្រមាណជាង ៤០ នាក់ផ្សេងទៀតនាំគ្នាចេញធ្វើអន្តរាគមន៍ ។
បុរសខាងលើបានបន្តទៀតថា ដោយមើលឃើញក្រុមយួនប្រើដំបងឆក់ ហើយបានវាយសំពងជនរងគ្រោះខ្មែរក្រោម ទើបពួកគាត់បានយកកាំបិត ពូថៅ និងប្រេងសាំងផ្សេង ៗ ក្នុងគោលបំណងប្តូរជីវិតនឹងក្រុមយួនឈ្លានពានដោយឥតកេរ៌្តខ្មាស់នេះ ។ ក្រោយការប៉ះទង្គិចគ្នាមួយប្រៅនៅក្នុងភូមិរលៀង មានជនជាតិដើមខ្មែរក្រោមជាច្រើនត្រូវរងរួបស អ្នកខ្លះបែកក្បាលហូរឈាមជោគខ្លួន អ្នកខ្លះត្រូវដំបងឆក់ឡើងវង្វេងវង្វាន់ អ្នកខ្លះត្រូវក្រុមអាជ្ញាធរយួនវាយរហែកអាវរហែកខោ ហើមដៃហើមជើង និងរបួសពេញខ្លួនប្រាណ ។ ទង្វើ
បង្ក្រាបដ៏សាហាវអមនុស្សធមិរបស់អាជ្ញាធរយួន បានជំរុញឲ្យបងប្អូនខ្មែរក្រោមក្នុងភូមិខាងលើតែកាន់ផ្ទុះកំហឹងទ្វេដង ទើបនាំគ្នាបំផ្លាញទីស្នាក់ការយួននៅភូមិរលៀង វាយកំទេចរថយន្ត (ឡាន) និងដុតម៉ូតូរបស់ពួកអាជ្ញាធរយួន ដែលក្រោយមកមានការអះអាងពីរដ្ឋអំណាចយួនថា ខូចខាតសរុបទាំងអស់ប្រមាណ ១០ លានដុង ហើយក្រុមជនជាតិយួនរងរបួស ៥ នាក់ ចំណែកបងប្អូនខ្មែរក្រោម ដែលត្រូវគេវាយប៉ុនប៉ងសម្លាប់នោះគ្មានអាជ្ញាធរ ឬសមត្ថកិច្ចរូបណាគិតដល់ទេ ។
ក្រោយពីការបង្ក្រាបយ៉ាងកំរោលជួរជាតិនោះ ក្រុមអាជ្ញាធរ យួន បានចាប់ខ្លួនស្រ្តីខ្មែរក្រោមចំនួនពីររូបយកទៅដាក់ពន្ធនាគារ និងធ្វើទារុណកម្មផ្សេង ៗ ទាំងទទឹងទិស ដែលក្នុងនោះរួមមានអ្នកស្រី នាង យ៉ន និងអ្នកស្រី នាង យ៉ូន ស្រុកកំណើតនៅភូមិរលៀង ឃុំចូវឡាំង ស្រុកស្វាយទង ខេត្តមាត់ជ្រូក ។
នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០០៨ តុលាការយួនខេត្តមាត់ជ្រូក បានចេញដីកាកោះហៅបងប្អូនខ្មែរក្រោមមួយចំនួនទៀត ដូចដែលមានឈ្មោះខាងដើមទៅកាន់តុលាការខេត្តមាត់ជ្រូក ដើម្បីធ្វើការជំនុំជំរះក្តី រឿងបងប្អូនខ្មែរក្រោមប្រមូលផ្តុំគ្នាតវ៉ាដីធ្លី ហើយបានបំផ្លាញទ្រព្យសម្បត្តិ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈស្អីគេនោះ ។ បន្ទាប់ពីបើកអង្គសវនាការ គេសង្កេតឃើញជនជាប់ចោទខ្មែរក្រោមប្រមាណ ៩ នាក់ខាងលើ គ្មានមេធាវីការពារក្តី គ្មានសិទ្ធិហារស្តី ពោលមិនខុសអ្វីដូចដែលពួកគេធ្លាប់បានធ្វើទៅព្រះតេជ-គុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិនខាងជើង ស្រុកគិរិវង្ស ខេត្តតាកែវនោះឡើយ ។ ជនរងគ្រោះខាងលើត្រូវបានតុលាការយួនកាត់ទោសឲ្យជាប់ពន្ធនាគារពី ៦ ខែទៅ ២ ឆ្នាំ ក្នុងចំណោមជនរងគ្រោះឈ្មោះអ្នកស្រី នាង ចន្ថា, អ្នកស្រី នាង ចន្តា, លោក ចៅ
អេន, អ្នកស្រី នាង ឃុំ, អ្នកស្រី សុខ ផាត, លោក ចៅ សុខភាព ត្រូវបានតុលាការស្អីគេនោះអនុញ្ញាតឲ្យនៅក្រៅឃុំ ដើម្បីកសាងខ្លួន ដោយបញ្ជាឲ្យគណៈកម្មការប្រជាជនឃុំចូវឡាំង ទទួលបន្ទុកគ្រប់ គ្រង និងអប់រំ ។ ចំណែកអ្នកស្រី នាង យ៉ន និង នាង យ៉ូន តុលាការផ្តាច់ការនេះលើកលែងទោស ព្រោះថាបានជាប់ពន្ធនាគារតាំងថ្ងៃចាប់ខ្លួនម៉្លេះ ។
គួររំលឹកផងដែរ ក្នុងរយៈពេលផ្ទុះឡើងបាតុកម្មតវ៉ានឹងអាជ្ញាធរយួន ដើម្បីស្វែងរកការដោះស្រាយរឿងដីធ្លីជូនពួកគាត់នេះ មានបងប្អូនខ្មែរក្រោមរាប់រយគ្រួសារក្រោកឡើង ដែលក្នុងនោះគេសង្កេតឃើញមាននៅក្នុងខេត្តឃ្លាំងផងដែរ ។ ចំណែកនៅខេត្តមាត់ជ្រូក មហាបាតុកម្មដ៏ធំបំផុត គឺនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានបងប្អូនខ្មែរក្រោមជាង ៦០០ នាក់ ផ្ទុះឡើងបាតុកម្មស្ទើគ្រប់ភូមិ ក្នុងស្រុកស្វាយទង ។ រហូតមកដល់ពេលនេះ បុរសពីរនាក់ឈ្មោះ ចៅ ហេន និងចៅ អ៊ុក ត្រូវបានគេអះអាងថា ជាមេដឹកនាំបាតុករកំពុងបាត់ខ្លួននៅឡើយ ៕.