ភ្នំពេញ: អ្នកតស៊ូក្នុងរណសិរ្សសេរីភាពជាតិរំដោះ ខ្មែរក្រោម ដែលបានងើបឡើងប៉ងរំលំរដ្ឋាភិបាលបក្ស កុម្មុយនិស្តវៀតណាម កាលពី ៣៥ ឆ្នាំមុន និងពលរដ្ឋខ្មែរក្រោមជាច្រើននាក់ បានជួបជុំគ្នារំឭក ពីការឈឺចាប់ ដែលបានបាត់បង់ ទឹកដីខ្មែរក្រោម សិទ្ធិ សេរីភាពនិងជំនឿសាសនាកាលពីម្សិលមិញ។
ព្រះសង្ឃជាង៣០អង្គ និងពលរដ្ឋខ្មែរកម្ពុជាក្រោមជិត ២០០ នាក់ បានជួបជុំគ្នាកាលពីថ្ងៃពុធ នៅភោជនីយដ្ឋាន ថ្ងៃនេះថ្ងៃជ័យ ក្នុងរាជធានីភ្នំពេញ ដើម្បីរំឭកនូវព្រឹត្តិការណ៍ដ៏មហាសោកសៅនាថ្ងៃទី ១៦ ខែវិច្ឆិកា ១៩៧៦ ដើម្បីជាការក្រើនរំឭកដល់ខ្មែរក្រោមកុំឲ្យភ្លេចថ្ងៃឈឺចាប់ដែលខ្មែរ កម្ពុជាក្រោមរាប់ពាន់នាក់ត្រូវវៀតណាមសម្លាប់ និងចាប់ដាក់គុក ដោយសារតែតស៊ូរំដោះខ្មែរក្រោមចេញពីការគ្រប់គ្រងរបស់វៀតណាម។
ថ្ងៃទី ១៦ វិច្ឆិកា ២០១១ ជាទិវាគម្រប់ខួបឆ្នាំទី ៣៤ នៃព្រឹត្តិការណ៍មហាបាតុកម្មហិង្សាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ដែលពលរដ្ឋខ្មែរក្រោមនៅខេត្តព្រះត្រពាំង (វៀតណាមគ្រប់គ្រង) បានក្រោកឡើង ផ្តួលរំលំរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយរណសិរ្សសេរីភាពជាតិរំដោះខ្មែរកម្ពុជាក្រោម ក្នុងបំណងរំដោះកម្ពុជាក្រោមពីអាណានិគមវៀត ណាម។ មហាបាតុកម្មរបស់បងប្អូនខ្មែរកម្ពុជាក្រោមកាលនោះបានបរាជ័យ ហើយព្រះសង្ឃ និងពលរដ្ឋខ្មែរ៨ពាន់នាក់ត្រូវអាជ្ញាធរវៀតណាម បាញ់សម្លាប់ កាត់ទោសប្រហារជីវិតខ្លះ ចាប់ដាក់គុក និងធ្វើទារុណកម្មស្លាប់ក្នុងគុកខ្លះ។ នេះបើតាមការរៀបរាប់ពីអតីតអ្នកតស៊ូក្នុងរណសិរ្ស ដែលនៅរស់។
លោក គឹម ប៊ុកកែវ អាយុ ៦០ ឆ្នាំ អតីតមេដឹកនាំម្នាក់ក្នុងចលនាតស៊ូមតិក្នុងមហាបាតុកម្ម ឆ្នាំ ១៩៧៦ រៀបរាប់ថា ៖ « អាជ្ញាធរយួនបានកាត់ទោសខ្ញុំដាក់គុក ១៥ ឆ្នាំ ចោទពីបទញុះញង់បង្កឲ្យមានបាតុកម្មប្រឆាំងនឹងបក្សកុម្មុយនិស្តយួន។ អ្នកស្នេហាជាតិ ត្រូវយួនចាប់ដាក់គុក៨ពាន់នាក់ ក្នុងនោះ ១០០នាក់ត្រូវយួនសម្លាប់ ៣នាក់កាត់ទោសប្រហារជីវិត និងខ្លះទៀតត្រូវកាត់ទោសកំបាំងមុខឲ្យជាប់គុកពី ៣ ឆ្នាំ ដល់អស់មួយជីវិត»។
ក្នុងសភាពពិការដៃស្តាំមួយចំហៀងដោយសារតែអាជ្ញាធរវៀតណាមវាយធ្វើបាប ក្នុងពេលចាប់ខ្លួនបានកាលពី៣៤ឆ្នាំមុននោះ លោក គឹម ប៊ុកកែវ នៅតែបង្ហាញពីភាពក្លាហាននិងអំពាវនាវឲ្យខ្មែរក្រោមទាំងអស់ក្រោកឈរ ទាមទារសិទ្ធិសេរីភាព ជំនឿសាសនារបស់ខ្លួនដដែល។
លោក ថាច់ សិន អាយុ ៧១ឆ្នាំ អតីតវីរជនមួយរូបដែលជាប់ពន្ធនាគារ៥ឆ្នាំ ពីបទចូលរួមក្នុងមហាបាតុកម្ម បានថ្លែងដែរថា៖« យួនបានគាបសង្កត់ខ្មែរក្រោមមិនឲ្យរៀនអក្សរ បំបាត់ជំនឿសាសានា ភាសាកំណើតនិងសិទ្ធិគ្រប់បែបយ៉ាង។ ខ្មែរក្រោមឈឺចាប់ និងចង់រើបម្រះពីការគ្រប់គ្រងរបស់យួន»។
លោក ថាច់ សិន បាននិយាយថា៖ «យើងមិនឈប់តស៊ូប្រឆាំងទេ ដរាបណាយួននៅតែធ្វើទុក្ខបុកម្នេញ រំលោភសិទ្ធិសេរីភាព និងរំលោភយកដីពីខ្មែរ»។
ព្រះតេជគុណ កាន់ សុផាននរិទ្ធ ជាប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមមានថេរដីកាថា៖ «ខ្មែរ ក្រោមជាម្ចាស់ទឹកដី ត្រូវមានសិទ្ធិគ្រប់យ៉ាង លើដីកំណើតរបស់ខ្លួន។ កូនខ្មែរទាំងអស់ មានសិទ្ធិតស៊ូ រក្សានិងទាមទារទឹកដីមកវិញ ហើយវាមិនមែនជាកាតព្វកិច្ចតែខ្មែរនៅកម្ពុជាក្រោមទេ»។
ឯកសារប្រវត្តិសាស្រ្តខ្មែរក្រោម បានឲ្យដឹងថា បារំាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឲ្យរដ្ឋាភិបាលវៀតណាមកាលពី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ១៩៤៩ សរុបមានចំនួន ២១ ខេត្ត។ ពលរដ្ឋខ្មែរក្រោមមួយចំនួនបានភៀសខ្លួនមកតាំងលំនៅក្នុងកម្ពុជា កណ្តាល និងខ្លះបានទៅរស់នៅតាមបណ្តាប្រទេសផ្សេងៗ ក្នុងពិភពលោក ដើម្បីគេចពីការរំលោភសិទ្ធិសេរីភាព និងជំនឿសាសនា ដែលវៀតណាមបានបំបិទសិទ្ធិ។
លោក ឡេ ម៉ិញ ង៉ុក អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា បដិសេធមិនធ្វើអត្ថាធិប្បាយទេ កាលពីថ្ងៃពុធ។
លោក សាន សាង តំណាងរាស្រ្តមណ្ឌលតាកែវ គណបក្សសមរង្ស៊ី បានថ្លែងក្នុងទិវារំឭកខួបមហាបាតុកម្មនេះ កាលពីម្សិលមិញថា៖«អាជ្ញាធរខ្មែរនៅតែមានការរើសអើង មិនទទួលស្គាល់សេរីភាពខ្មែរក្រោម និងថា មិនមែនជាខ្មែរពេញលក្ខណៈ។ ពេលដែលខ្មែរក្រោមមករស់នៅប្រទេសខ្មែរ អាជ្ញាធរទាំងនោះមិនផ្តល់សញ្ជាតិខ្មែរឲ្យពួកគេនិងដាក់ក្នុងបញ្ជី ជាជនអន្តោប្រវេសន៍»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធការចោទប្រកាន់របស់មន្ត្រីបក្សប្រឆាំងនេះ។
លោកបានអះអាងថា៖ «វាជាចរិតរបស់បក្សប្រឆាំងទៅហើយ ដែលតែងធ្វើអ្វីដើម្បីប្រឆាំងរាជរដ្ឋាភិបាល»។ ប៉ុន្តែ លោក ខៀវ សុភ័គ មិនព្រមឆ្លើយសំណួរអំពីថា តើបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរមកពីកម្ពុជាក្រោម មានសិទ្ធិពេញលេញរស់នៅលើទឹកដីកម្ពុជា ដោយស្របច្បាប់ឬក៏យ៉ាងណានោះទេ ៕ ដោយ៖ ទេព និមល /ភ្នំពេញប៉ុស្តិ៍