ដោយៈ VOKK
ប្រភពព័ត៌មានពីខេត្តឃ្លាំង អតីតទឹកដីកម្ពុជាក្រោមបានបង្ហើបឲ្យដឹងថា យ៉ាងហោចណាស់មានបន្ទប់រៀនចំនួន ៣៧៧ បន្ទប់ ត្រូវបានក្រុមយួនក្នុងខេត្តនេះបើក ដើម្បីបង្រៀនវិជ្ជាជីវៈរយៈពេលខ្លីដល់ជនជាតិដើមខ្មែរក្រោម ដែលកំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ ។
ពលរដ្ឋក្នុងខេត្តខាងលើបានឲ្យដឹងថា ការបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីនេះ គឺត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២០ ខែតុលា ម្សិលមិញ ដែលក្នុងនោះមានប្រជាពលរដ្ឋខ្មែរក្រោមប្រមាណ ១៥ ពាន់នាក់ទៅពីតំបន់ជនបទនានាទូទាំងខេត្តឃ្លំាងចូលរួមសិក្សា ។ ប្រភពបានអះអាងទៀតថា ថ្នាក់បង្រៀនវិជ្ជាជីវៈរយៈពេលខ្លីដល់ជនជាតិដើមខ្មែរក្រោម គឺរួមមានបង្រៀនមុខរបរកែច្នៃ, ការថែរក្សាគ្រប់គ្រងជលផល, ពេទ្យសត្វ, បច្ចេកទេសជួសជុលរថយន្ត និងម៉ូតូ, និងការងារកសិ-ឧស្សាហកម្ម ។ ប្រភពបានបន្ថែមទៀតថា ក្រៅពីបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីនេះ គិតមកដល់ដើមឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរក្រោមក្នុងខេត្តឃ្លាំងចំនួន ១៥០ នាក់ ត្រូវបានគេបញ្ជូនទៅធ្វើការនៅក្រៅប្រទេស ។ ប៉ុន្តែស្ថានភាពរស់ក្រៅប្រទេសស្រណុក ឬលំបាក់យ៉ាងណាគ្មាននរណាដឹងឡើយ ។
ប្រជាពលរដ្ឋខ្មែរក្រោម ដែលបានចូលសិក្សាថ្នាក់បណ្តុះ
បណ្តាលមុខរបររយៈពេលខ្លីខាងលើបាននិយាយប្រាប់ថា ក្រុមយួនខេត្តឃ្លាំងបើកវគ្គបណ្តុះបណ្តាលការងាររយៈពេលខ្លីបែបនេះ គឺផ្តើមឡើងពីតម្រូវការទីផ្សារ និងកំណើននៃផលិតផលក្នុងតំបន់ ។ ប្រជាពលរដ្ឋខ្មែរក្រោមថែមទាំងបានឲ្យដឹងទៀតថា ផ្អែកលើមូលដ្ឋានបើកវគ្គបណ្តុះបណ្តាលឥតគិតកំរៃនេះ ទៅអនាគតផ្នែកពលកម្មយុទ្ធជនពិការនឹងបង្កើតគំរោងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះហត្ថលេខាជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលការងារបស់ស្រុក រួមនឹងធនាគារគោលនយោបាយចំពោះសង្គម នឹងអនុញ្ញាតឲ្យប្រជាជនខ្ចីបល់ប្រាក់ដើម្បីរៀនវិជ្ជាជីវៈ និងទៅធ្វើការនៅក្រៅប្រទេស ។ ហើយក្នុងឆ្នាំនេះ
គណៈកម្មការប្រជាជនខេត្តឃ្លាំង បានប្រគល់តួនាទីបង្ហាត់បង្រៀនមុខរបរវិជ្ជាជីវៈរយៈពេលខ្លីនេះ ទៅឲ្យសាលាគរុកោសល្យបណ្តុះ
បណ្តាលវិជ្ជាជីវៈ អនុវត្តន៍គោលការណ៍ បណ្តុះបណ្តាលការងារដល់យុវជនជនជាតិដើមខ្មែរក្រោម ដែលគេអះអាងថា នឹងមានបើកថា្នក់បង្រៀននៅតាមសាលាអន្តេវាសិកដ្ឋាន ។ លើសពីនោះ សាលានឹងមានគំរោងបើកថ្នាក់បណ្តុះបណ្តាលបែបនេះ សំរាប់ពលរដ្ឋខ្មែរក្រោម ប៉ុន្តែចូលរៀនត្រូវបង់ប្រាក់មិនមែនឥតយកកំរៃដូចមុនទៀតទេ ។
ពលរដ្ឋខ្មែរក្រោមនៅក្នុងខេត្តឃ្លាំង បានសម្តែងការសប្បាយ ចិត្តយ៉ាងខ្លាំង ចំពោះការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈឥតគិតថ្លៃបែបនេះ ហើយសង្ឃឹមថានឹងអាចស្វែងរកការងារធ្វើដើម្បីរកចំណូលចិញ្ចឹមជីវិត និងក្រុមគ្រួសារ ។ ប៉ុន្តែទោះជាដូច្នេះក្តី ក៏មានពលរដ្ឋមួយចំនួនធំមានការព្រួយបារម្ភខ្លាចរដ្ឋាភិបាលយួន យកឱកាស
បណ្តុះបណ្តាលវិជ្ជាជីវៈនេះ បង្ខំឲ្យរាស្រ្តខ្ចីបល់លុយរដ្ឋ ហើយទីបំផុតគ្មានប្រាក់សង នឹងត្រូវរដ្ឋអំណាចរឹបអូសយកដីធ្លីស្រែចំការ ដូចដែរពួកគេធ្លាប់ធ្វើកាលកន្លងមក ៕.