ដោយ សឺន ថាយ ធន l VOKK
នៅពេលថ្មីៗ រូបភាពទាក់ទងនឹងខ្មែរក្រោមត្រូវបានក្រុមយុវជនអ្នកប្រើបណ្ដាញសង្គម Facebook បង្ហោះផ្សព្វផ្សាយ និងចែករំលែកពីម្នាក់ទៅម្នាក់ ធ្វើឲ្យពលរដ្ឋខ្មែរដឹងឮអំពីវត្តមានខ្មែរក្រោម នៅកម្ពុជាក្រោម កាន់តែច្បាស់ជាងមុន ។ ថ្មីៗ ក្រុមយុវជនខ្មែរ មួយក្រុមដែលបានតាំងខ្លួនថា ជា “ក្រុមយុវជនខ្មែរមហានគរ” បានលើកទង់ជាតិខ្មែរក្រោម នៅក្នុង សកម្មភាពផ្សេងៗរបស់ ខ្លួននៅទីក្រុងភ្នំពេញ ដូចការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ជាដើម ។

កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅថ្មីៗនេះ ក្រុមយុវជនខ្មែរមហានគរ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា បានប្រមូលជួបជុំគ្នាមួយនៅវត្តភ្នំ ដើម្បីច្រៀងបទចម្រៀងជាតិនិយមដែលជាព្រះរាជនិពន្ធ ដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ។ ការជួបជុំនេះ បានលើកទង់ជាតិប្រទេសកម្ពុជា ទង់ព្រះពុទ្ធសាសនា និងទង់ជាតិខ្មែរក្រោម ។ បទចម្រៀងជាតិនិយមដែលក្រុមយុវជនបានច្រៀងនោះមានបទ “ដែនដីខ្មែរប្រែថាសុវណ្ណភូមិ” ជាដើម ។
ទាក់ទងជាមួយការកាន់ទង់ជាតិខ្មែរក្រោមនោះដែរយុវជន ហេង សំណាង បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ក្រុមរបស់ គាត់ផ្តោតលើបញ្ហាខ្មែរក្រោមច្រើនជាង ដោយពួកគាត់យល់ថា ខ្មែរក្រោមពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម មិនសូវមានអ្នក ស្គាល់ទេ ជាពិសេសទង់ជាតិខ្មែរក្រោម ។ លោក ហេង សំណាង បានបន្តទៀតថា ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា មិនយល់ ច្រឡំទង់ជាតិខ្មែរក្រោម ថាជាទង់ព្រះពុទ្ធសាសនា ។
លោក ហេង សំណាង បានថ្លែងថា៖
“អ្វីដែលសំខាន់នោះគឺ យើងផ្ដោតទៅលើកម្ពុជាក្រោមច្រើនជាង ពីព្រោះខ្មែរកម្ពុជាក្រោម យើងដឹងស្រាប់ ហើយ កាលណាយើងធ្វើយ៉ាងណាត្រូវតែគាំពារ និងលើកទឹកចិត្តពួកគាត់ ហើយទីមួយហ្នឹងដើម្បី ឲ្យប្រជាពលរដ្ឋ ជាពិសេស គឺយុវជនឲ្យស្គាល់អំពីទង់ជាតិខ្មែរកម្ពុជាក្រោម ហើយនឹងបាវចនា យ៉ាងម៉េច ខ្លះ ដូចជា មានជាតិសាសនា និង មាតុភូមិ ជាពិសេសយុវជនគាត់ អត់បានដឹងទេព្រោះគាត់ ច្រឡំនិងទង់ សាសនា គឺ យើង បាន លើកស្ទួយខ្មែរក្រោម នេះយូរណាស់មកហើយ” ។
ចំណែក យុវជន សូនី បានថ្លែងថា ខ្លួនគាំទ្រជានិច្ចរាល់សកម្មភាពការពារសិទ្ធិសេរីភាព របស់ពលរដ្ឋខ្មែរក្រោម នៅដែន ដីកម្ពុជាក្រោម ។
លោក សូនី បានប្រាប់ថា៖
“រាល់ការធ្វើសកម្មភាពរបស់ខ្មែរក្រោមគឺយើងចូលរួមទាំងអស់ ព្រោះការសម្រេចចិត្តរបស់ខ្មែរក្រោម យើងគាំ ទ្រ ទាំងអស់ក្នុងការការពារសិទ្ធិសេរីភាពនៅកម្ពុជាក្រោម” ។
ទន្ទឹមនឹងនេះដែរ យុវជន ហេង សំណាង បានបញ្ចាក់ថា ក្រុមយុវជនខ្មែរមហានគរ ទើបបានបង្កើតឡើងមានសមាជិក សរុប ចំនួន ២០០ នាក់ ក្នុងនោះ មានយុវជនខ្មែរក្រោមម្ភៃនាក់ និងព្រះសង្ឃប្រាំបីព្រះអង្គ ។
យោងតាមសៀវភៅមគ្គុទ្ទេស “ផ្លូវទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ដែលបានបោះពុម្ពផ្សាយដោយសហព័ន្ធ ខ្មែរ កម្ពុជាក្រោម កាលពី ឆ្នាំ ២០០៩ បានបញ្ជាក់ថា “ទង់ជាតិខ្មែរក្រោម មានបីឆ្នូត ដែលមានទំហំស្មើគ្នា និងមានពណ៌ផ្សេងគ្នា ហើយមានខ្នាតទទឹងពីរភាគបី បណ្តោយបីភាគបី ។ ឆ្នូតពណ៌ខៀវ នៅខាងលើ ជានិមិត្តរូបនៃសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យដែល ជាសិទ្ធិខ្ពស់ជាងគេបំផុត ។ ឆ្នូតពណ៌លឿងនៅចំកណ្តាល ជានិមិត្តរូបនៃជាតិសាសន៍របស់ខ្មែរក្រោម ដែល ស្រឡាញ់សន្តិភាពនិងយុត្តិធម៌ ។ ពណ៌ក្រហមនៅខាងក្រោម ជានិមិត្តរូប នៃវីរភាព អង់អាចក្លាហាន របស់វីរជន ខ្មែរក្រោម ដែលហ៊ានបូជាជីវិតខ្លួនដើម្បីជាតិរស់ ៕

