ដោយៈ ចៅ មុនីខេមរា
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅស្រុកស្វាយទង អតីតដែនដីកម្ពុជាក្រោម បានឲ្យដឹងកាលពីព្រឹកថ្ងៃទី ២ វិច្ឆិកា កន្លងទៅថ្មី ៗ នេះ ថាព្រះតេជគុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិននៃខេត្តតាកែវ ដែលត្រូវស្តេចសង្ឃស្រុកខ្មែរចាប់ផ្សឹក រួចបញ្ជូនទៅដាក់គុកនៅស្រុកយួន បានមានសេរីភាពច្រើនជាងមុនហើយ បន្ទាប់ពីក្រុមមន្រ្តីអាជ្ញាធរយួនខេត្តមាត់ជ្រូក បានដកកម្លាំងតាមឃ្លាំមើលព្រះអង្គ កាលពីថ្ងៃទី ១ វិច្ឆិកានេះ ។
ព្រះតេជគុណ ទឹម សាខន ព្រះជន្ម ៤០ វស្សា កំណើតខ្មែរកម្ពុជាក្រោម ត្រូវក្រុមអាជ្ញាធរ និងសង្ឃស្រុកខ្មែរចាប់ផ្សឹកកាលពីថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០០៧ បន្ទាប់ពីព្រះសង្ឃអង្គនេះឃោសនាផ្សព្វផ្សាយឯកសារស្តីពីសិទ្ធិមនុស្ស និងជួយយកអាសារជនភៀសខ្លួនខ្មែរក្រោម ដែលបានរត់ភៀសខ្លួនទៅដល់ប្រទេសកម្ពុជា ក្រោយមកត្រូវបានរដ្ឋាភិបាលយួនចោទប្រកាន់ថា បានធ្វើឲ្យរង្គោះរង្គើលចំណងមិត្តភាពយួន និងខ្មែរ ។
លោក ថាច់ ង៉ុកថាច់ បញ្ជាក់ការបញ្ឈប់សកម្មភាពដើរតាមឃ្លាំមើលព្រះតេជគុណ ទឹម សាខន បែបនេះ គឺបន្ទាប់ពីសហគមន៍អន្តរជាតិធ្វើការថ្កោលទោសជាសាធារណៈ និងដាក់គំនាបខ្លាំងលើរដ្ឋាភិបាលកុម្មុយនិស្តយួន ឲ្យត្រូវតែគោរពសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម ។ លោក ថាច់ ង៉ុកថាច់ បានមានប្រសាសន៍ថា ៖ «យោងទៅលើសន្និសីទអន្តរជាតិឆ្នាំ២០០៦ ហើយថ្មីៗហ្នឹង ក្រោយពេលដែលមានការប្រជុំនៅរដ្ឋសភាអឺរ៉ុប នៅថ្ងៃទី២៦ ខែ៨ កន្លងមកហ្នឹង ខាងសភាអឺរ៉ុបបានបោះឆ្នោតគាំទ្រសំណើរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ហើយនៅថ្ងៃទី ២១ កន្លងមកហើយហ្នឹងបានធ្វើសេចក្ដីសម្រេចយ៉ាងធំធេង គឺ ៤៧៩ សំឡេង ទល់នឹង ២១ គាំទ្រ ជំរុញឲ្យរដ្ឋាភិបាលយួនគោរពសិទ្ធិ សាសនា ហើយនិងដោះលែងអ្នកដែលត្រូវជាប់ពន្ធនាគារទាំងអស់ហ្នឹង»។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុបលោក ថាច់ វៀន បានអះអាងថា ព្រះតេជគុណ ទឹម សាខន នៅតែមិនអាចវិលទៅប្រទេសកម្ពុជាវិញបាន បើទោះបីប្រធានមន្ទីរឃុំឃាំងបណ្តោះអាសន្ននៃអាជ្ញាធរយួននៅខេត្តមាត់ជ្រូក ដែលយួនហៅថាខេត្តជូដុក ឬអាងយ៉ាង នៅដែនដីកម្ពុជាក្រោម បានចេញលិខិតដោះលែងលោកជាផ្លូវការ តាំងពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០០៨នេះក្តី………. ។
គួររំលឹកថា ក្រោយពីអាជ្ញាធរកម្ពុជាបញ្ជូនព្រះតេជគុណ ទឹម សាខន ទៅដល់ស្រុក មានសារព័ត៌មានក្នុងស្រុកយួនមួយប្រកាសថា ព្រះតេជគុណ ទឹម សាខន លួចឆ្លងដែនខុសច្បាប់ចូលប្រទេសយួន ។ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ តុលាការយួនខេត្តមាត់ជ្រូក កាត់ទោសព្រះតេជគុណ ទឹម សាខន ឲ្យជាប់ពន្ធនាគារ
រយៈពេលមួយឆ្នាំ ។ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០០៨ ព្រះតេជគុណ ទឹម សាខន ត្រូវបានរដ្ឋាភិបាលយួន ដោះលែងឲ្យទៅសួរសុខទុក្ខញាតិមិត្តនៅឯឃុំបាជុក ស្រុកស្វាយទង ។ នៅថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០០៨ រដ្ឋាភិបាលយួនបញ្ជាឲ្យក្រុមមន្រ្តី និងចៅហ្វាយខេត្តមាត់ជ្រូក នាំព្រះតេជគុណ ទឹម សាខន ដើរមើលស្រុកទេសមួយខែបន្ទាប់ពីចេញពីពន្ធនាគារ ។ នាថ្ងៃទី ១៨ ខែសីហា ព្រះតេជគុណ ទឹម សាខន ត្រូវបានអាជ្ញាធរយួនជំរុញឲ្យយកប្រពន្ធ ប៉ុន្តែត្រូវបានព្រះអង្គបដិសេធទាំងស្រុង ។ សេចក្តីរាយការណ៍ចុងក្រោយកាលពីថ្ងៃទី ២ វិច្ចិកានេះបានឲ្យដឹងថា ព្រះតេជគុណ ទឹម សាខន ត្រូវបានវិលត្រឡប់ទៅរស់នៅជាមួយគ្រួសារអ៊ុំប្រុសនៅឯភូមិអណ្តូងទរ ឃុំបាជុក ស្រុកស្វាយទងវិញ បន្ទាប់ពីទៅរស់នៅលើភ្នំអស់រយៈពេលប្រមាណពីរខែ ហើយក្រុមមន្រ្តីអាជ្ញាធរយួនមិនដើរតាមដូចមុនទៀតទេ ។ ទោះជាបែបនេះក្តី មតិភាគច្រើនរិះគន់ថា ថ្វីត្បិតក្រុមអាជ្ញាធរយួនឈប់ដើរតាមព្រះអង្គពិតមែន តែពួកគេនៅតែលួចឃ្លាំមើលព្រះអង្គដោយស្ងាត់ ៗ ជានិច្ច ៕.