ក្រុមប្រឹក្សាឃ្លុំមើលកម្ពុជាថ្កោលទោសការឈ្លានពានរបស់សៀមនិងយួន

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ធ្វើការថ្កោលទោសយ៉ាងដាច់អហង្កការ ចំពោះរដ្ឋាភិបាលថៃ ដែលបានបញ្ជូនយោធាឈុតខ្មៅរបស់ខ្លួនជាថ្មីបន្ថែមទៀត ចូលមកកាន់កាប់ប្រាសាទតាមាន់ធំរបស់ខ្មែរ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ ប្រាសាទនេះ ស្ថិតនៅក្នុងទឹកដីខ្មែរចម្ងាយប្រមាណ ៨គ.ម ពីបន្ទាត់ព្រំដែនខ្មែរ-សៀម ដោយយោងតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៧ និងការកំណត់ផែនទីឆ្នាំ ១៩០៨ ។
យើងសង្កេតឃើញថា ប្រទេសថៃនៅតែចិញ្ចឹងមចិត្តរំលោភឈ្លានពានលើបូរណភាពទឹកដីខ្មែរមិនឈប់ឈរ ដូចគ្នាទៅនឹងប្រទេសយួនផងដែរ ។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទះការពារទឹកដី ពីការរំលោភឈ្លានពានពីសំណាក់ប្រទេសជិតខាងទាំងនេះ ព្រោះរដ្ឋាភិបាលមិនពឹងផ្អែកច្បាប់ជាតិ និងអន្តរ-ជាតិ ដែលការពារទឹកដីកម្ពុជាឡើយ ។

ជាក់ស្តែង រដ្ឋាភិបាលកម្ពុជាបានធ្វើសេចក្តីថ្លែងការណ៍រួម កិច្ចព្រមព្រៀង និងអនុសា-
រណៈយោគយល់គ្នាជាមួយប្រទេសជិតខាងដោយបញ្ជាក់ថា ទឹកដីខ្មែរ នៅតាមបណ្តោយព្រំដែន មិនមានភាពច្បាស់លាស់ ឬជាតំបន់ស ។ ការបញ្ជាក់នេះ ផ្ទុយទាំងស្រុងទៅនឹងសន្ធិសញ្ញាទាំងឡាយ ដែលប្រទេសបារាំងក្នុងនាមកម្ពុជា បានធ្វើជាមួយប្រទេសសៀម ហើយសន្ធិសញ្ញាទាំងនេះត្រូវបានចាត់ទុកថា ជាច្បាប់អន្តរជាតិ ដែលប្រទេសទាំងពីរត្រូវតែគោរព ។
ករណីរដ្ឋាភិបាលកម្ពុជា បានចុះអនុសារណៈយោគយល់គ្នាឆ្នាំ ២០០០ ជាមួយរដ្ឋាភិបាលថៃ បង្កើតឲ្យមានតំបន់មិនច្បាស់លាស់នេះហើយ បានជារដ្ឋាភិបាលថៃ ប្រកាន់យកតែអនុសារណៈនេះ ហើយធ្វើការរំលោភឈ្លានពានចូលកាន់កាប់លើទឹកដីខ្មែរ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាហ៊ានធ្វើការតវ៉ាដ៏តិចតួចបំផុត ក្នុងន័យផលប្រយោជន៍នយោបាយរបស់ខ្លួន ។
ថ្មី ៗ នេះ យើងសង្កេតឃើញថា រដ្ឋាភិបាលកម្ពុជាបាន
ប្តូរជំហរពីការលើកយកទំនាស់ព្រំដែននេះ ទៅដោះស្រាយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មកដោះស្រាយជាទ្វេភាគី ជាមួយប្រទេសថៃវិញ ។ ការបន្ទន់ឥរិយាបទនេះ ហាក់ដូចជាស្របគ្នាទៅនឹងការអះអាងរបស់លោកនាយករដ្ឋមន្រ្តីថៃ សាម៉ាក់ ស៊ុនដារាវេត ថាអ្វីដែលលោក ហ៊ុន សែន ធ្វើចំពោះករណីប្រាសាទព្រះវិហារនេះ គឺគ្រាន់តែដើម្បីឈ្នះឆ្នោតនៅពេលបោះឆ្នោតជាតិតែប៉ុណ្ណោះ ហើយក្រោយការបោះឆ្នោត អ្វី ៗ នឹងអាចដោះស្រាយបានដោយស្រួលរវាងថៃ និងកម្ពុជា ។
ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃយល់ព្រមជាមួយគ្នាមិនលើកយកទំនាស់នេះ ទៅដោះស្រាយនៅតុលាការអន្តរជាតិ? យើងយល់ឃើញថា មួយគឺរដ្ឋាភិបាលថៃខ្លាចបាត់បង់ផលប្រយោជន៍ ដែលខ្លួនបានធ្វើជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ដោយបំពានច្បាប់អន្តរជាតិ និងខ្លាចអាម៉ាស់មុខនៅលើឆាកអន្តរជាតិ ។ ពីរគឺ លោក ហ៊ុន សែន និងបក្ខពួកខ្លាចមានការសើរើរាល់កំហុសឆ្គង ដែលខ្លួនបានធ្វើជាមួយរដ្ឋាភិបាលថៃ ដែលនាំឲ្យប៉ះពាល់ដល់នយោបាយ និងផលប្រយោជន៍ហិរញ្ញវត្ថុរបស់ផងខ្លួន ព្រោះតុលាការអន្តរជាតិត្រូវការស៊ើបអង្កេតជុំវិញដំណើររឿងក្តីនេះ ។
ប្រទេសថៃ ត្រូវតែដកកងយោធារបស់ខ្លួន ដែលត្រូវបានដាក់ពង្រាយនៅតំបន់ប្រាសាទតាមាន់ធំ ព្រំដែនប្រាសាទព្រះវិហារ និងតំបន់ផ្សេង ៗ ទៀត ក្នុងទឹកដីខ្មែរតាមបណ្តោយព្រំដែន ឲ្យអស់ជាដាច់ខាត ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មិនយល់ស្របជាដាច់ខាតចំពោះការចរចាទ្វេភាគីណាមួយរវាងរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋា-ភិបាលថៃ ដែលឈរលើមូលដ្ឋានអនុសារណៈយោគយល់គ្នាឆ្នាំ ២០០០ ។ យើងនៅតែទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លើកយករឿងនេះទៅដោះស្រាយនៅតុលាការអន្តរជាតិដោយឈរលើមូលដ្ឋាន៖ ទីមួយ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤-១៩០៧ និងឆ្នាំ១៩៣៧ ។ ទីពីរ សាលក្រមតុលាការអន្តរជាតិឆ្នាំ ១៩៦២ និងផែនទីភ្ជាប់នឹងសាលក្រមនោះ ។ ទីបី កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ស្តីពីសន្តិភាពកម្ពុជា ។
ហើយត្រូវលុបចោល អនុសារណៈយោគយល់គ្នាឆ្នាំ ២០០០ ដែលជាមេរោគបង្កឲ្យមានជង្ងឺអរិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ ឥតឈប់ឈរ ។ មានតែច្បាប់ជាតិ និងអន្តរជាតិទេ ដែលអាចការពារទឹកដីខ្មែរឲ្យនៅគង់វង្ស និងកសាងសន្តិភាព មិត្តភាពជាថ្មី រវាងប្រជាជាតិខ្មែរ និងថៃបាន ៕.